ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស

​លោក​ស្រី មីស្យែល ​បាស្យេឡេត ជឺរៀ (Michelle Bachelet Jeria)
 

​នៅ​ថ្ងៃ​ទី១ ​ខែ​កញ្ញា ​ឆ្នាំ២០១៨ ​លោក​ស្រីមីស្យែល ​បាស្យេឡេត ​បាន​ចូ​ល​កាន់​តំ​ណែងជាឧត្តម​ស្នង​ការ​អង្គ​កា​រ​សហ​ប្រជាជា​តិ​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស។ ​ការិ​យាល័យឧត្ដម​ស្នង​ការ​ទ​ទួល ​បន្ទុក​សិទ្ធិ​ម​នុស្ស ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ១៩៩៣ ​ហើយ​លោក​ស្រី ​បាស្យេឡេត​គឺជាឧត្ត​ស្នង​ការ​ទី​ប្រាំ​ពីរ។

​លោក​ស្រី ​បាស្យេឡេត ​ត្រូវ​បានជ្រើស​តាំងជា​ប្រ​ធានាធិ​បតីនៃប្រ​ទេស​ស៊ី​លី​ចំ​នួន​ពីរ​លើក (២០០៦-២០១០ ​និង ២០១៤-២០១៨) ។ ​លោក​ស្រី​គឺជា​ប្រ​ធានាធិ​បតី​ស្ត្រី​ទី​មួយនៃប្រ​ទេស​ស៊ី​លី ​លោក​ស្រី​ក៏​ធ្លាប់​បម្រើ​កា​រ​ងារជា​រដ្ឋ​មន្រ្តីក្រ​សួង​ការ​ពារជា​តិ​លើក​ដំ​បូងនៃប្រ​ទេស​ស៊ី​លី ​និងអា​មេរិកឡា​ទីន (២០០០ - ២០០២)។ ​លោក​ស្រី​ក៏​ធ្លាប់​បម្រើ​កា​រ​ងារជា​រដ្ឋ​មន្រ្តីក្រ​សួង​សុខាភិ​បាល ​ផង​ដែរ (២០០២ - ២០០៤)។

​នៅ​ក្នុង​អំឡុង​ពេល​ដែល​លោក​ស្រី​កាន់​តំ​ណែងជា​ប្រ​ធានាធិ​បតី ​លោក​ស្រី​បាន​លើកស្ទួ​យ​សិទ្ធិ​ទាំង​អស់ ជាពិ​សេស​គឺ​សិទ្ធិ​របស់​ជន​ដែ​ល​ងាយ​រង​គ្រោះ​បំ​ផុត។ ​ក្នុង​ចំណោម​សមិទ្ធ​ផលជា​ច្រើន​របស់​លោក​ស្រី ​មា​ន​កំ​ណែ​ទម្រង់​វិស័យ​អប់​រំ ​និង​ពន្ធ​ដា ​ក៏​ដូចជា ​កា​រ​បង្កើត​វិទ្យាស្ថានជា​តិ​សិទ្ធិ​ម​នុស្ស ​និង​សារ​មន្ទីរ​នៃ​ការ​ចង​ចាំ ​និងសិទិ្ធ​ម​នុស្ស​លេចធ្លោ ​ដូចជា​កា​រ​បង្កើតក្រ​សួង​កិច្ច​កា​រ​នា​រី ​និង​សមភា​ពយែនឌ័រ ​ការ​អ​នុម័តកូ​តា​ដើម្បី​បង្កើន​ការ​ចូល​រួម​ក្នុង​ជីវភា​ពនយោ​បាយ​របស់​ស្ត្រី ​និង​ការ​អ​នុម័ត​ច្បាប់​សហភាព​ជន​ស៊ី​វិល (Civil Union Act) ​ដែលផ្តល់​សិទ្ធិ​ឲ្យ​គូស្វាមី​ភរិ​យា​ដែល​ស្រ​ឡាញ់​ភេទ​ដូច​គ្នា ​ដែល​តាម​រ​យៈ​នេះ​ជួយ​លើក​កម្ពស់​សិទ្ធិ​អ្នកស្រ​លាញ់​ភេទ​ដូច​គ្នា (LGBT)។

​ចាប់​តាំង​ពី​ដើម​ទ​សវត្សរ៍ ៩០ ​មក ​លោក​ស្រី ​បាស្យេឡេត ​បា​ន​បម្រើ​កា​រ​ងារ​យ៉ាង​ជិត​ស្និទ្ធជា​មួយ​អង្គ​ការ​អន្តរជា​តិជា​ច្រើន។ ​ក្នុង​ឆ្នាំ ២០១០ ​លោក​ស្រី​បាន​ធ្វើជាប្រធា​ន​ក្រុមប្រឹក្សា​យោបល់​វេទិកា​ការ​ពារ​សង្គម ​ដែល​ជា​គំ​និតផ្តួចផ្តើម​រួម​គ្នា​មួយ​របស់​អង្គ​ការ​ពល​កម្ម​អន្តរ​ជា​តិ (ILO) ​និង​អង្គ​កា​រ​សុខភាពពិ​ភព​លោក (WHO) ​ដែល​មាន​គោល​ដៅ​លើក​កម្ពស់​គោ​លនយោ​បាយ​សង្គម​ដើម្បី​ពន្លឿ​ន​កំណើន​សេដ្ឋ​កិច្ច ​និង​សិនិទ្ធ​ភាព​សង្គម។
​ក្នុង​ឆ្នាំ ២០១១ ​លោក​ស្រី​ត្រូវ​បាន​តែង​តាំង​ជា​នា​យ​កប្រ​តិ​បត្តិ​ដំ​បូង​គេ​បង្អស់ ​របស់​អង្គ​កា​រស​ហប្រ​ជា​ជា​តិ​សម្រាប់​ស្រ្តី (UN-Women) ​ដែល​ជា​អង្គ​ការ​មួយ​ដែល​ផ្តោត​សំ​ខាន់​លើ​កា​រ​ត​ស៊ូ​ទាម​ទារ​ដើម្បី​សិទ្ធិ​ស្ត្រី ​និង​សិទ្ធិ​កុមា​រី​ជា​លក្ខ​ណៈ​អន្តរ​ជា​តិ។ ​ការផ្តល់​សិទ្ធិអំ​ណាច​ខាង​សេដ្ឋ​កិច្ច ​និង​កា​របញ្ចប់​អំ​ពើហឹង្សា​លើ​ស្ត្រី​ភេទ ​គឺ​ជា​អាទិ​ភាព​ពីរ​ក្នុង​ចំណោម​អាទិ​ភាព​ផ្សេង​ទៀត​របស់​លោក​ស្រី ​នៅ​ក្នុង​អំឡុង​ពេល​ដែល​លោក​ស្រី​កាន់​តំ​ណែង។

​បន្ទាប់​ពី​បា​នបញ្ចប់​អាណត្តិ​ទី​ពីរ​របស់​លោក​ស្រី​នៅ​ខែ​មី​នា ​ឆ្នាំ២០១៨ ​លោក​ស្រី​ត្រូវ​បាន​តែង​តាំង​ជា​ប្រ​ធាន​អង្គ​ការ​ភាព​ជា​ដៃ​គូ​សម្រាប់​សុខ​ភា​ពមា​តា ទា​រក ​និង​កុ​មារ ​ដែល​ជា​សម្ព័ន្ធ​ភាព​នៃ​អង្គ​ការ​ជាង ១០០០ ​អង្គ​ការ ​ក្នុងប្រ​ទេស​ចំ​នួន ១៩២ ​ដែល​មក​ពី​សហគ​មន៍ ​សុខ​ភាព​ផ្លូវ​ភេទ ​សុខ​ភាព​បន្ត​ពូជ ​សុខ​ភា​ព​មា​តា ​ទា​រក ​កុ​មារ ​និង​សុខ​ភាព​ជន​វ័យ​ជំ​ទង់។ ​ក្នុង​នាម​ជា​សហ​ប្រ​ធាន​នៃ​ក្រុម​កា​រ​ងារ​ជាន់​ខ្ពស់​សម្រាប់​ស្ត្រីគ្រប់​រូប ​កុ​មារគ្រប់​រូប ​លោក​ស្រី ​បាស្យេឡេត ​បាន​បើក​ជា​ផ្លូវ​ការ​នូវ​វេទិកា ​ស្ត្រីគ្រប់​រូប ​កុ​មារគ្រប់​រូប ​នៅអា​មេរិកឡា​ទីន ​និង​កា​រី​ប៊ីន (EWEC) ​ដែល​ជា​វេទិកា​លើក​ដំ​បូង​បង្អស់​សម្រាប់​ការ​អ​នុ​វត្តថ្នាក់តំ​បន់​នៃ​យុទ្ធ​សាស្ត្រ​ស​កល​នៃ EWEC។

​មី​សែ្យល ​បាស្យេឡេត ​មាន​សញ្ញាប័​ត្រ​វេជ្ជ​សាស្ត្រ​ផ្នែក​វះ​កាត់ ​ដែល​មាន​ឯក​ទេស​ខាង​ជំងឺ​កុ​មារ ​និង​សុខ​ភាព​សា​ធា​រ​ណៈ។ ​លោក​ស្រី​ក៏​បាន​សិក្សា​ពី​យុទ្ធ​សាស្ត្រ​យោ​ធា​នៅ​បណ្ឌិត​សភា​ជា​តិ​ផ្នែក​យុទ្ធ​សាស្ត្រ ​និង​គោល​ន​យោ​បាយ​នៃ​ប្រ​ទេស​ស៊ី​លី ​និង​នៅ​ម​ហា​វិទ្យាល័យ​ការ​ពារ​ជា​តិ​អន្ត​រអា​មេរិក ​នៅ​សហ​រដ្ឋ​អា​មេរិក។

​សូម​ទាញ​យក​រូប​ថត​ដែល​មាន​គុណ​ភាព​ល្អ

----------------------------------------
ឧត្តម​ស្នង​កា​រ​កន្លង​មក​មាន៖
​លោក ហ្សេដ ​រ៉ា​អាដ ​អាល ហូស​សេន (២០១៤-២០១៨)
​លោក​ស្រី ​ណា​វ៉ា​ណែតធឹ ​ភីទ្បៃ (២០០៨-២០១៤)
​លោក​ស្រី ​លូហ្សេ ​អា​បួរ (២០០៤-២០០៨)
​លោក ​សឺ​ជី​អូរ វេ​រ៉ា ​ឌឺ ​មេទ្បូ (២០០២-២០០៣)
​លោក​ស្រី ​ម៉ា​រី ​រ៉ូ​ប៊ីនសុន (១៩៩៧-២០០២) ​និង
​លោក ជូ​សេ ​អា​យ៉ាទ្បា ទ្បាស់​សូ (១៩៩៤-១៩៩៧)
​លោក ​ប៊ី​ត្រាន់ ​ជី ​រាំ​ចា​រ៉ាន់ ឧត្តម​ស្នង​ការ​រង (២០០៣-២០០៤)។