ការឃ្លាំមើលសវនាការ
ការ​ឃ្លាំ​មើលសវ​នាការ/ការជំ​នុំ​ជម្រះក្តី ជា​ផ្នែក​មួយ​នៃ​ការ​ឃ្លាំ​មើលផ្នែក​សិទ្ធិ​ម​នុស្ស​កាន់​តែ​ទូ​លំ​ទូលាយ​ជាង​មុន​ដែលធ្វើ​ឡើង​ដោយ​ការិ​យាល័យឧត្តម​ស្នងការ ​អង្គកា​រ​សហ​ប្រជាជា​តិ​ទ​ទួល​សិទ្ធិ​ម​នុស្ស ប្រ​ចាំ​កម្ពុជា (OHCHR)​។ ​គោល​បំណង​នៃ​ការ​ឃ្លាំ​មើលសវ​នាកា​រនេះ ​គឺ​ដើម្បី​តាម​ដាន​អំពី​ដំណើ​រកា​រ​វិ​វឌ្ឍន៍នៃ​រឿងក្តី ​ដែល​ចាប់​អា​រម្មណ៍​ជាក់​លាក់​នា​នា ​និង​ដើម្បី​ធ្វើ​កា​រវិ​ភាគ​យ៉ាង​ទូ​លំ​ទូ​លាយ​អំពី​កិច្ចការ​រដ្ឋ​បា​ល​យុត្តិ​ធម៌ ​រាប់​ទាំង ​ដំណើ​រការ​ប្រព្រឹត្ត​ទៅ​ជាក់ស្តែង ​គុណ​វុឌ្ឍិ និង​  ការ​បណ្តុះបណ្តាល​ម​ន្រ្តី​តុ​លាការ​ និង​មន្ត្រី​អ​នុ​វត្ត​ច្បាប់​ទាំង​អស់​ ​ព្រម​ទាំង​បុគ្គ​លិក​ដែល​ពាក់​ព័ន្ធ​។ ​តាម​រ​យៈ​ការ​ឃ្លាំ​មើលសវ​នាការ ​ការិ​យាល័យ OHCHR ​ធ្វើការ ​សង្កេ​ត​មើល​ទៅលើ​កម្រិត​នៃ​ការ​គោរព​ដំណើ​រកា​រ​នី​តិ​វិ​ធី​ត្រឹម​ត្រូវ​នៅ​ក្នុង​រដ្ឋ​បាល​តុ​លាការ​ និង​ក្នុង​ការ​ធ្វើ​ដូ​ច្នេះ​ គឺ​អាច​លើក​ទឹក​ចិត្ត​ឱ្យ​សា​លា​ជម្រះក្តី​ ​ដែល​ស្ថិត  ​នៅ​ក្រោម​ការឃ្លាំ​មើ​លនេះ ​ផ្តល់​នូវ​ការ​ជំ​នុំ​ជម្រះ​ក្តី​ដោយ​ត្រឹម​ត្រូវ​ និង​យុត្តិ​ធម៌ និង​អ​នុ​វត្ត​តាម​ច្បាប់​សិទ្ធិ​ម​នុស្ស​ជា​តិ​និង​អន្តរជា​តិ នៅក្នុង​ដំណើ​រកា​រ​នី​តិវិ​ធី​របស់​តុ​លាការ​ជា​តិ​ ​។ វ​ត្ដ​មាន​នៃ​មន្ត្រីឃ្លាំ​មើល​នៅ​ក្នុង​សវ​នាការ​មួយ​បង្ហាញ​ថា ​សា​លា​ជម្រះ​ក្តី​នេះ​គឺ​ស្ថិត​នៅ​ក្រោម​ការ​សង្កេតឃ្លាំ​មើល ​ហើយ​តាម​រ​យៈ​វិ​ធី​នេះ​ ​អាច​មាន​ឥទ្ធិ​ពល​លើ​ការ​ប្រ​ព្រឹ​ត្ដ​ជា​វិជ្ជ​មាន​របស់​សា​លា​ជម្រះ​ក្តី​នេះ​។ ​លើស​ពី​នេះ​ទៀត ​ក្នុង​គោល​បំណង​ការ​ពារ​ ការ​ឃ្លាំ​មើល​សវ​នាកា​រនេះ ​គឺ​មាន​សា​រៈ​ប្រ​យោ​ជន៍​ក្នុង​ការ​ធ្វើ​ឱ្យ​ការិ​យាល័យ OHCHR ​ផ្ដល់​អ​នុ​សាសន៍​ជា​គោល​ដៅ​សម្រាប់​ការ​កែ​លម្អ​រដ្ឋ​បាល​តុ​លាការ​ និង​ជូន​ដំ​ណឹង​អំ​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ត​ស៊ូ​ម​តិ​របស់​ខ្លួន​នៅ​ក្នុង​ផ្នែក​នេះ​។ ការឃ្លាំ​មើល​សវ​នាការ​ ​អាច​ធ្វើ​ឱ្យ​ការិ​យា ល័យ ​OHCHR ប្រ​ចាំ​ប្រ​ទេស​កម្ពុ​ជា ​កំណត់​អំ​ពី​បញ្ហា​សំ​ខាន់​ចម្បង​នៅ​ក្នុង​ប្រ​ព័ន្ធ​តុ​លាការ​ និង​ធ្វើ​កា​រ​ស្នើ​ឱ្យ​មាន​ដំ​ណោះ​ស្រាយ ​តាម​រ​យៈ​កិច្ច​ប្រ​ជុំ ​សិក្ខា​សា​លា ​និង​ការ​បណ្តុះបណ្តាល​។