ដោយប្រកាន់ខ្ជាប់តាមសេចក្តីប្រាថ្នារបស់ខ្លួន ក្នុងការធ្វើអតិបរិមាណកម្មនូវកេរដំណែលនៃតុលាការកូនកាត់ ការិយាល័យ OHCHR ប្រចាំកម្ពុជា បានប្តេជ្ញាជួយដល់ សាលាក្តីវិសាមញ្ញនៅក្នុងតុលាការកម្ពុជា (ECCC) នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីលើកស្ទួយនីតិរដ្ឋ។
តើអ្វីជា ECCC?
អង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានរួមគ្នាបង្កើតសាលាក្តីដើម្បីជំនុំជម្រះ ពួកមេដឹកនាំជាន់ខ្ពស់នានា និងជនគ្រប់រូបដែលទទួលខុសត្រូវខ្ពស់បំផុត ចំពោះអំពើឃោឃៅដែលបានប្រព្រឹត្ត នៅកម្ពុជាក្នុងកំឡុងរបបកម្ពុជាប្រជាធិបតេយ្យ (១៧ មេសា ១៩៧៥ - ៦ មករា ១៩៧៩)។
តុលាការនេះ ដែលហៅកាត់ថា ECCC បានច្របាច់បញ្ចូល ចៅក្រម និងមេធាវី (ទាំងជាតិ និងអន្តរជាតិ) ហើយបានធ្វើ ប្រតិបត្តិការយ៉ាងពេញលេញ នៅកម្ពុជា ចាប់តាំងពីខែកក្កដា ឆ្នាំ២០០៧។ ECCC ជាសាលាក្តីមួយក្នុងចំណោម សាលាក្តីកូនកាត់ប្រាំមួយ ដែលត្រូវបានបង្កើតឡើងរួមគ្នាដោយរដ្ឋាភិបាលប្រទេសសាមីនានា និងអង្គការ សហប្រជាជាតិ ដើម្បីជំនុំជម្រះឧក្រិដ្ឋជនជាប់ចោទពីអំពើឃោឃៅទ្រង់ទ្រាយធំនានា។ សាលាក្តីទាំងនេះ ត្រូវបានបង្កើតឡើងនៅ ទីម័រខាងកើត កូសូវ៉ូ បូស្ន៊ី សៀរ៉ាឡេអូន និងនៅទីក្រុងឡាអេ សម្រាប់ឡេបាណន់ បន្ថែមទៅលើសាលាក្តីពិសេសអន្តរជាតិពេញលេញចំនួនពីរ ដែលត្រូវបានបង្កើតឡើងសម្រាប់អតីតយូហ្គោស្លាវី និងរវ៉ាន់ដា។ សាលាក្តីខ្មែរក្រហម គឺជាតុលាការទីមួយ ដែលត្រូវបានបង្កើតឡើងនៅក្នុងសមាគមប្រជាជាតិ អាស៊ីអាគ្នេហ៍ (ASEAN) សម្រាប់គោលបំណងនេះ និង បង្ហាញនូវការប្តេជ្ញាដ៏ទូលំទូលាយរបស់រាជរដ្ឋាភិបាល កម្ពុជាចំពោះយុត្តិធម៌អន្តរជាតិ ដោយសារកម្ពុជាគឺជាប្រទេសតែមួយគត់នៅក្នុង ASEAN ដែលបានផ្តល់សច្ចាប័ន ចំពោះលក្ខន្តិកៈទីក្រុងរ៉ូមស្តីពីតុលាការព្រហ្មទណ្ឌអន្តរជាតិ។
តើ ECCC អាចលើកស្ទួយនីតិរដ្ឋនៅកម្ពុជាដោយរបៀបណា?
ទោះបីជាគោលដៅបឋមរបស់ ECCC គឺដើម្បីផ្តល់ដល់ប្រជាជនកម្ពុជានូវវិធានការយុត្តិធម៌សម្រាប់ក្តីឈឺចាប់ ដែលទទួលរងនៅកំឡុងរបបខ្មែរក្រហមក្តី ក៏គោលដៅលំដាប់ទីពីរ និងសំខាន់ប្រហែលគ្នាដែរនោះ គឺដើម្បីឲ្យ តុលាការនេះ ដើរតួនាទីជាគំរូសម្រាប់តុលាការជាតិរបស់កម្ពុជា។ ECCC អាចដើរតួនាទីជាគំរូសម្រាប់ តុលាការជាតិរបស់កម្ពុជាបាន ទាំងតាមរយៈការបង្កើតនូវ “កិច្ចខិតខំប្រឹងប្រែងបង្ហាញ” ដោយធ្វើការបង្ហាញនូវ ឯករាជ្យភាព និងអនាគតិនៃនីតិវិធី និងភាពគួរឲ្យទុកចិត្តបាននៃដំណើរការរបស់តុលាការនេះ ក៏ដូចជា ដោយធ្វើឲ្យមានការចូលរួមយ៉ាងសកម្មនៅក្នុងកម្មវិធីដែលធានាដល់ការផ្ទេរចំណេះដឹង ជំនាញ និងទម្លាប់ អនុវត្តយ៉ាងមានប្រសិទ្ធិភាពនានា ពី ECCC ទៅដល់វិស័យយុត្តិធម៌ជាតិ។ និយាយឲ្យទូលំទូលាយទៅ កិច្ចការនេះត្រូវបានគេស្គាល់ថាជា “កេរដំណែល” ផ្នែកច្បាប់ និងតុលាការនៃសាលាក្តីកូនកាត់។
តើអ្វីជា “កេរដំណែល” ?
“កេរដំណែល” មិនមែនតែងតែជាទស្សនាទានដែលងាយស្រួលយល់នោះទេ។ សម្រាប់មនុស្សជាច្រើន គេយល់ថា ទស្សនាទាននៃ “កេរតំណែល” មានន័យស្មើនឹងគោលដៅយុត្តិធម៌ខាងសង្គមវិទ្យា ឬទស្សនវិទ្យាដ៏ទូលំទូលាយ ចំពោះអំពើឃោឃៅទ្រង់ទ្រាយធំ ជាជាងសំដៅទៅរកវិធានការ ជាក់លាក់នានាដែលមានប្រសិទ្ធភាពជាវិជ្ជមានដល់កំណែទម្រង់វិស័យយុត្តិធម៌។ ការិយាល័យ OHCHR បានខិតខំប្រឹងប្រែងសម្រាយទស្សនាទាននេះ ដោយអនុម័តយកនិយមន័យដ៏សាមញ្ញមួយ។ និយាយឲ្យទូលំទូលាយទៅ “កេរដំណែល” សំដៅទៅលើ “សាលាក្តីកូនកាត់” ដែលមានបន្សល់នូវ ប្រសិទ្ធភាពអនុវត្តចំពោះការជំរុញឲ្យមាននីតិរដ្ឋនៅក្នុងសង្គមមួយ។ល។ គោលដៅនេះនឹងបន្តដំណើរទៅមុខទោះបីជាបន្ទាប់ពីការងាររបស់តុលាការនេះបានចប់សព្វគ្រប់ក៏ដោយ។ កម្មវិធីកេរដំណែលនានាអាចក្តោបទាំងទិដ្ឋភាពអប់រំ (ឧ. រៀបចំវគ្គបណ្តុះបណ្តាល និងបង្កើតកំណត់ត្រាគោលការណ៍ណែនាំនានា) ក៏ដូចជាទិដ្ឋភាពនានាដែលមានប្រសិទ្ធភាពដោយផ្ទាល់ ទៅលើច្បាប់ក្នុងពេលអនុវត្តន៍ (ឧ. រឿងក្តីនានានៅក្នុងប្រព័ន្ធតុលាកាជាតិ ដែលប្រើប្រាស់យុត្តិសាស្ត្រ ឬការអនុវត្តរបស់ ECCC)។ សម្រាប់ការសង្ខេបជាភាសាខ្មែរនៃលិខិតុបករណ៍គោលនយោបាយ របស់ការិយាល័យ OHCHR ស្តីពីកេរដំណែលនៃតុលាការកូនកាត់ សូមចុចទីនេះ។
តើការិយាល័យ OHCHR កំពុងធ្វើអ្វីដើម្បីជួយធានាថា ECCC នឹងបន្សល់ទុកនូវកេរដំណែលជាវិជ្ជមាន នៅកម្ពុជា?
ការិយាល័យ OHCHR ប្រចាំកម្ពុជា កំពុងធ្វើការជាមួយមេធាវី ព្រះរាជអាជ្ញា និងចៅក្រមនានា នៅ ECCC ក៏ដូចជាតួអង្គក្នុងស្រុកសំខាន់ៗ ដើម្បីអនុវត្តន៍កម្មវិធីកេរដំណែលនានា ដែលផ្តោតទៅលើកម្មវត្ថុបីដូចខាងក្រោម៖
១. បង្កើនព័ត៌មានសាធារណៈ និងការយល់ដឹងអំពីសកម្មភាពកេរដំណែលនានា នៅ ECCC និងសាលាក្តីកូនកាត់ផ្សេងៗទៀត
២. សម្របសម្រួលដល់កិច្ចសន្ទនា កិច្ចពិភាក្សា និងការជជែកដេញដោរជាបន្តអំពី ECCC នៅក្នុងវិស័យច្បាប់ និងតុលាការកម្ពុជា
៣. សម្របសម្រួលដល់ការដាក់ឲ្យប្រើប្រាសស់នូវលិខិតុបរណ៍ និងកម្មវិធីសិក្សានានា ដែលធានាដល់ការផ្សព្វផ្សាយកាន់តែប្រសើរឡើងនូវយុត្តិសាស្រ្ត និងការអនុវត្តរបស់ ECCC ទៅដល់អ្នកប្រកបវិជ្ជាជីវៈ និងនិសិ្សតច្បាប់ដើម្បីធានាថាតុលាការនេះនឹងប ន្សល់ទុកប្រសិទ្ធភាពអនុវត្តជានិរន្តដល់វិស័យច្បាប់ថ្នាក់ជាតិ។
ការិយាល័យ OHCHR ប្រចាំកម្ពុជា បានផលិតនូវកំណត់ទស្សនាទានស្តីពីកេរដំណែល ដែលគូសបញ្ជាក់អំពីគោលគំនិតនៃបរិបទនេះឲ្យកាន់តែលម្អិតថែមទៀត។ កំណត់ទស្សនៈទានជាភាសាអង់គ្លេស - ភាសាខ្មែរ
លើសពីនេះទៀត ការិយាល័យ OHCHR បានបង្កើតនូវតារាងសកម្មភាពកេរដំណែល ដោយរាយនាមគ្រប់សកម្មភាពថ្មីៗ ដែលត្រូវបានអនុវត្តដើម្បីធ្វើឲ្យប្រសើរឡើងនូវកេរដំណែល របស់ ECCC។
តារាងសកម្មភាពកេដំណេលជាភាសាអង់គ្លេស - ភាសាខ្មែរ
តើមានបញ្ហាប្រឈមអ្វីខ្លះក្នុងការធានាឲ្យមាននូវកេរដំណែលជាវិជ្ជមានមួយ?
ECCC បន្តជួបបញ្ហាប្រឈមនានានៅក្នុងការធានាឲ្យមាននូវកេរដំណែលជាវិជ្ជមានមួយ។ តុលាការនេះស្ថិតក្រោមសម្ពាធ ក្នុងការស្វែងរកយុត្តិធម៌ឲ្យបានឆាប់រហ័សបំផុត ព្រមទាំង ប្រឈមមុខផងដែរទាំងខាងហិរញ្ញវត្ថុ និងភាពអាចទុកចិត្តបានរបស់ខ្លួន។ យ៉ាងណាម៉ិញ តុលាការនេះបានសម្រេចនូវជោគជ័យគួរឲ្យកត់សម្គាល់។ ដោយបន្តផ្តល់ដល់កម្ពុជានូវតុលាការមួយដែលបើកចំហចំពោះការពិនិត្យពិច័យពីសំណាក់អ្នកយកសារព័ត៌មាន និងសង្គមស៊ីវិលនានា ដោយបើកសវនាការដែលអនុលោមតាមបទដ្ឋានជំនុំជម្រះយុត្តិធម៌អន្តរជាតិ ដោយបង្កើនកម្រិតនៃការការពារដ៏រឹងមាំ និងគួរឲ្យទុកចិត្តបាន សម្រាប់គ្រប់ជនជាប់ចោទទាំងអស់ និង ដោយបង្កើតនូវវិធានការនៃការចូលរួមរបស់ជនរងគ្រោះនៅក្នុងដំណើរការនីតិវិធីរបស់តុលាការនេះ តុលាការនេះបានបោះជំហានសំខាន់ៗនានានៅក្នុងការលើកកម្ពស់ក្តីរំពឹងទុកនៃការគ្រប់គ្រងវិស័យយុត្តិធម៌នៅកម្ពុជា ព្រមទាំងលើកស្ទួយតម្លាភាពនិងគណនីភាពកាន់តែប្រសើរឡើងនៅក្នុងដំណើរការយុត្តិធម៌។ ជាងនេះទៀត បុគ្គលិកតុលាការមានការប្តេជ្ញាចិត្តខ្ពស់ទាំងក្នុងការផ្តល់យុត្តិធម៌ដល់ប្រជាជនកម្ពុជា និងទាំងធានាថា ជំនាញ ការអនុវត្ត និងចំណេះដឹងជាវិជ្ជមាននានាពី ECCC ត្រូវបានផ្ទេរទៅដល់វិស័យយុត្តិធម៌ក្នុងស្រុក តាមរយៈការបណ្តុះបណ្តាល វគ្គសិក្ខាសាលា និងកិច្ចពិភាក្សាតុមូលនានាដែលត្រូវបានបង្កើតឡើងសម្រាប់គោលបំណងនេះ។ នៅទីបំផុត គឺពួកគេដែលជាកេរដំណែលសំខាន់បំផុតសម្រាប់កម្ពុជា តាមរយៈជំនាញ និងការអនុវត្តនានា ដែលពួកគេយកត្រឡប់ទៅវិស័យយុត្តិធម៌ជាតិវិញ។
ដើម្បីស្វែងយល់បន្ថែមអំពីកេរដំណែលនៃសាលាក្តីអន្តរជាតិ ផ្សេងៗទៀតសូមមើល៖
International Criminal Tribunal for the Former Yugoslavia
International Criminal Tribunal for Rwanda
Special Court for Sierra Leone