តើយើងជាអ្នកណា?

អង្គការសហប្រជាជាតិ បានរក្សាទុកការិយាល័យមួយ ដែលបានផ្តោតជាសំខាន់លើការការពារ និងការលើកស្ទួយសិទ្ធិមនុស្សនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៣។ ការិយាល័យនេះ គឺជាផ្នែកមួយនៃការិយាល័យ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (ការិយាល័យ OHCHR)។

តើការិយាល័យ OHCHR គឺជាអ្វី?
 
ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (ការិយាល័យ OHCHR) គឺជាទីភ្នាក់ងារដ៏សំខាន់មួយរបស់អង្គការសហប្រជាជាតិ ទទួលខុសត្រូវក្នុងការលើកស្ទួយ និងការការពារសិទ្ធិមនុស្ស។ ទីភ្នាក់ងារ នេះគឺជាផ្នែកមួយនៃលេខាធិការដ្ឋានរបស់អង្គការសហប្រជាជាតិ ជាអង្គការអន្តររដ្ឋាភិបាល ដែលមានរដ្ឋជាសមាជិកចំនួន១៩២។
ការិយាល័យ OHCHR មានទីស្នាក់ការកណ្តាល នៅទីក្រុងហ្ស៊ឺណែវ ប្រទេសស្វ៊ីស។ ទីភ្នាក់ងារនេះ មានការិយាល័យមួយទៀត នៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក និង មានការិយាល័យប្រចាំតំបន់ និងប្រចាំប្រទេសផ្សេងៗ ហើយទីប្រឹក្សាសិទ្ធិមនុស្ស ត្រូវបានចាត់តាំងឲ្យធ្វើជាសមាជិកនៃ ក្រុមប្រទេសអង្គការសហប្រជាជាតិ និងបេសកកម្មរក្សាសន្តិភាពរបស់អង្គការ សហប្រជាជាតិនៅជុំវិញពិភពលោក។

តើនរណាជាឧត្តមស្នងការសិទ្ធិមនុស្ស?
 
ឧត្តមស្នងការសិទ្ធិមនុស្ស គឺមន្រ្តីជាន់ខ្ពស់បំផុតមួយរូប របស់អង្គការសហប្រជាជាតិ ដែលទទួលបន្ទុកការពារ និងលើកស្ទួយសិទ្ធិមនុស្សនៅជុំវិញពិភពលោក។ ឧត្តមស្នងការ បំរើការងារក្រោមការដឹកនាំ របស់អគ្គលេខាធិការ ហើយរាយការណ៍ទៅមហាសន្និបាត និងក្រុមប្រឹក្សាសិទ្ធិមនុស្ស។ ឧត្តមស្នងការបច្ចុប្បន្ន គឺលោក ហ្សេដ រ៉ាអាដ អាល ហ៊ូសសេន (ជនជាតិហ្ស៊កដានី) ដែលបានចូលកាន់មុខតំណែង ក្នុងខែកញ្ញា ឆ្នាំ២០១៤។ សូមចុចត្រង់នេះ សម្រាប់ព័ត៌មានបន្ថែម ...

តើការិយាល័យ OHCHR ប្រចាំកម្ពុជា មានប្រវត្តិដូចម្តេច?
 
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បាន និងកំពុងប្រតិបត្តការក្នុងប្រទេសកម្ពុជាចាប់តាំងពី ខែតុលា ឆ្នាំ១៩៩៣។ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ បានផ្តល់ដល់ អាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា “អ៊ុនតាក់” នូវអាណត្តិមួយ ដើម្បីឃ្លាំមើលស្ថានភាពសិទ្ធិមនុស្ស ក្នុងអំឡុងពេលអនុ្តរកាល (ឆ្នាំ១៩៩១-១៩៩៣)។ បន្ទាប់ពីការងាររបស់ អ៊ុនតាក់បានចប់សព្វគ្រប់ហើយ កិច្ចព្រមព្រៀងនេះបានផ្តល់អណត្តិដល់អង្គការសហប្រជាជាតិដើម្បីបន្តការងារសិទ្ធិមនុស្សនៅក្នុងប្រទេសនេះ ទៀត។ កម្មវិធីការិយាល័យបានអភិវឌ្ឍចេញពីអណត្តិនេះ។ ការិយាល័យនេះបានវិវឌ្ឍខ្លួនចេញពីវត្តមានដ៏ធំមួយ ភ្លាមៗ បន្ទាប់ពីជម្លោះ (ដោយមានការិយាល័យថ្នាក់ក្រោមជាតិ ចំនួន ៧) ទៅកាន់ការិយាល័យមួយសព្វថ្ងៃនេះ ដោយផ្តោតទៅលើការអភិវឌ្ឍ ដែលមាន តែការិយាល័យប្រចាំតំបន់តែមួយគត់។
 
វត្តមាន និងអាណត្តិរបស់ការិយាល័យប្រចាំកម្ពុជាត្រូវបានគ្រប់គ្រងដោយសេចក្តីសម្រេចបន្តបន្ទាប់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ព្រមទាំងកិច្ចព្រមព្រៀងទ្វេភាគីរវាងរាជរដ្ឋាភិបាល កម្ពុជាផងដែរ។ ការិយាល័យនេះ មានអាណត្តិធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងរដ្ឋជាសមាជិកដែល ពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការងារ របស់រដ្ឋាភិបាល ក្នុងការ បំពេញកាតព្វកិច្ច របស់ខ្លួនក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ។

អ្នកស្រី វ៉ាន់-ហ៊ី លី ត្រូវបានតែងតាំងជាតំណាងរបស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ក្នុងខែមិថុនា ឆ្នាំ២០១៣។
បន្ទាប់ពីអ្នកស្រីបានចាត់តាំងឡើងវិញដើម្បីបម្រើការងារជាបណ្តោះអាសន្ននៅទីក្រុងហ្ស៊ឺណែវ ក្នុងខែមិថុនា ឆ្នាំ២០១៧ មក ឥឡូវនេះ លោក សៃម៉ុន វ៉កឃឺរ ជាតំណាងស្តីទី។


តំណាងកន្លងមក នៃឧត្តមស្នងការមាន៖
លោក ជេមស៍ ហ៊ីណិន (ស្តីទី) (២០១១-២០១៣)
លោក គ្រីស្តូហ្វ ប៉េស៊ូ (២០០៧-២០១១)
លោកស្រី ម៉ាហ្គោ ភិកឃិន (២០០១-២០០៧)
លោកស្រី រីតា រ៉េតឌី (១៩៩៩-២០០០)
លោកស្រី រ៉ូសម៉ារី ម៉េកគ្រីរី (១៩៩៨-១៩៩៩)
លោក ដេវីដ ហកគ៍ (ស្តីទី) (១៩៩៦-១៩៩៨)
លោក ដាញ៉ែល ប្រេម៉ុង (១៩៩៤-១៩៩៦)


អនុសារណៈនៃការយោគយល់

ការិយាល័យ ប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាតាមរយៈអ្វីដែលគេហៅថា អនុសារណៈនៃការយោគយល់ (MoU) ដែលជាកិច្ចព្រមព្រៀងមួយដែលត្រូវចុះហត្ថលេខាដោយការិយាល័យ និងរដ្ឋាភិបាល។ អនុសារណៈនៃការយោគយល់ទាំងអស់របស់ការិយាល័យ OHCHR អាចរកបាននៅទីនេះ៖

ខែមីនា ឆ្នាំ ១៩៩៦ - ខែមីនា ឆ្នាំ ១៩៩៨       ភាសាអង់គ្លេស    ភាសាខ្មែរ
ខែមីនា ឆ្នាំ ១៩៩៨ - ខែមីនា ឆ្នាំ ២០០០       ភាសាអង់គ្លេស    ភាសាខ្មែរ
ខែកុម្ភៈ ឆ្នាំ ២០០២ - ខែធ្នូ ឆ្នាំ ២០០៣         ភាសាអង់គ្លេស    ភាសាខ្មែរ
ខែមករា ឆ្នាំ ២០០៥ - ខែធ្នូ ឆ្នាំ ២០០៦         ភាសាអង់គ្លេស    ភាសាខ្មែរ
ខែវិច្ឆិកា ឆ្នាំ ២០០៧ - ខែឧសភា ឆ្នាំ ២០០៩ ភាសាអង់គ្លេស    ភាសាខ្មែរ
ខែមករា ឆ្នាំ ២០១០ - ខែធ្នូ ឆ្នាំ ២០១១         ភាសាអង់គ្លេស    ភាសាខ្មែរ
ខែមករា ឆ្នាំ ២០១២ - ខែធ្នូ ឆ្នាំ ២០១៣        ភាសាអង់គ្លេស    ភាសាខ្មែរ
ខែមករា ឆ្នាំ ២០១៤ - ខែធ្នូ ឆ្នាំ ២០១៥         ភាសាអង់គ្លេស    ភាសាខ្មែរ
ខែមករា ឆ្នាំ ២០១៧ - ខែធ្នូ ឆ្នាំ ២០១៨        ភាសាអង់គ្លេស    ភាសាខ្មែរ

//0x87h