សិទិ្ធជនជាតិដើមភាគតិច
សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមភាគតិច ត្រូវបានមហាសន្និបាតអនុម័តនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០០៧។ សេចក្តីប្រកាសនេះបានបញ្ជាក់ពីសិទ្ធិជាមូលដ្ឋានរបស់ជនជាតិដើមភាគតិចនៅក្នុងវិស័យមួយ ចំនួនដែលជាកង្វល់ពិសេស ស្ថិតក្រោមក្របខណ្ឌនៃគោលការណ៍ទូទៅ ឬសិទ្ធិស្វ័យសម្រេច រាប់ទាំង សិទ្ធិស្មើគ្នា និងគ្មានការរើសអើង សិទ្ធិបូរណភាពវប្បធម៌ សិទ្ធិលើដីធ្លី ដែនដី និងធនធានធម្មជាតិ សិទ្ធិស្វ័យគ្រប់គ្រង និងស្វ័យត សិទ្ធិយល់ព្រមដោយសេរី ក្រោយពីបានទទួលព័ត៌មានគ្រប់គ្រាន់ជាមុន និងសិទ្ធផ្សេងទៀត។
អ្នករាយការណ៍ពិសេស ស្តីពីជនជាតិដើមភាគតិច បានធ្វើរបាយការណ៍មួយចំនួនទាក់ទងជាពិសេសលើដីធ្លី រាប់ទាំង អំពីផលប៉ះពាល់នៃគម្រោងអភិវឌ្ឍន៍ទៅលើសហគមន៍ជនជាតិដើមភាគតិច។
ព័ត៌មានបន្ថែមអាចរកឃើញនៅទីនេះ។
ចំពោះការលើកកម្ពស់សិទ្ធិដីធ្លីរបស់ជនជាតិដើមភាគតិច ការិយាល័យ OHCHR ធ្វើការយ៉ាងជិតស្និទ្ធជាមួយ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ដំណើរការដាក់ពាក្យសុំប័ណ្ណកម្មសិទ្ធិដីសហគមន៍ មានលក្ខណៈស្មុគ្រស្មាញ ចំណាយប្រាក់កាសច្រើន និងមានការយឺតយ៉ាវ ដូច្នេះហើយ សហគមន៍ភាគច្រើនមិនអាចទទួលបាននោះឡើយ។ ដោយសហការជាមួយអង្គការពលកម្មអន្តរជាតិ (ILO) និងដៃគូរអភិវឌ្ឍន៍នានា ការិយាល័យ OHCHR ឃ្លាំមើល និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ជនជាតិដើមភាគនៅទូទាំងប្រទេស ក្នុងការរៀបចំ និងទទួលបានការទទួលស្គាល់របស់ខ្លួនជាសហគមន៍ជនជាតិដើមភាគតិច ថាជានិតិបុគ្គល និងដើម្បីដាក់ពាក្យសុំប័ណ្ណកម្មសិទ្ធិដីសមូហភាព ដូចមានចែងក្នុងច្បាប់ជាតិ។
ជាអាទិ៍ តាំងពីឆ្នាំ២០១១ ការិយាល័យ OHCHR បានផ្តល់ការឧបត្ថម្ភគាំទ្រផ្នែកបច្ចេកទេស និងថវិកា ដល់ជនជាតិសួយចំនួនបីសហគមន៍ នៅស្រុកឳរ៉ាល់ (ខេត្តកំពង់ស្ពឺ) សហគមន៍ជនជាតិព័រ នៅស្រុកសំឡូត (ខេត្តបាត់ដំបង) និងជនជាតិពូនងចំនួនប្រាំពីរភូមិ នៅឃុំប៊ូស្រា (ខេត្តមណ្ឌលគិរី)។ ការិយាល័យ OHCHR ជាមួយ និងភាគីពាក់ព័ន្ធ បានចូលរួមយ៉ាងសកម្មផងដែរ ក្នុងសកម្មភាពដទៃផ្សេងទៀត ដើម្បីលើកកម្ពស់សិទ្ធិដីធ្លីរបស់ជនជាតិដើមភាគតិច។
នៅឆ្នាំ២០១៦ ការិយាល័យ OHCHR បាននិងកំពុងគាំទ្រដល់សហគមន៍ជនជាតិដើមភាគតិចចំនួន ៨ សហគមន៍ក្នុងឃុំចំនួនបី ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងដំណើរការចុះបញ្ជីអត្តសញ្ញាណជនរបស់ពួកគេ ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ។ គម្រោងនេះ ត្រូវបានអនុវត្តដោយសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីអភិវឌ្ឍន៍ជនបទ ខេត្តកោះកុង សាលាខេត្តកោះកុង អាជ្ញាធរស្រុក និងអាជ្ញាធរមូលដ្ឋាន។ ការិយាល័យនេះ បាននិងកំពុងគាំទ្រផងដែរ ដល់កិច្ចពិភាក្សាពហុភាគីនៅប៊ូស្រា ដើម្បីជួយរៀបចំបង្កើតឲ្យមានកិច្ចសន្ទនាគ្នាមួយរវាងតំណាង សហគមន៍ពូនង អាជ្ញាធរមូលដ្ឋាន អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងក្រុមហ៊ុនឯកជននានា ដែលបាននិងកំពុងធ្វើប្រតិបត្តិការនៅតំបន់នោះ ប្រយោជន៍ដើម្បីដោះស្រាយទំនាស់ដីធ្លីដែលមានស្រាប់។
សូមមើល
សៀវភៅណែនាំស្តីពីការផ្តល់ប័ណ្ណកម្មសិទ្ធិដីសមូហភាពដល់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា
សូមមើលវីដេអូរបស់យើង
មួយជំហ៊ានឆ្ពោះទៅមុខ - ដំណើរការទទួលស្គាល់អត្តសញ្ញាណជនជាតិដើមនៅកម្ពុជា។