សិទ្ធិសេរីភាពក្នុងសម្តែងមតិ

បាតុករកំពុងអនុវត្តសិទ្ធិរបស់ខ្លួនក្នុងការសម្តែងមតិ
គោលការណ៍គន្លឹះមួយក្នុងចំណោមគោលការណ៍គន្លឹះនានានៃសេរីភាពជាមូលដ្ឋានគឺសិទ្ធិសេរីភាពនៃកាសម្តែងមតិដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញសង្គម
ប្រជាធិបតេយ្យមួយ។ ជនគ្រប់រូបត្រូវមានសិទ្ធិសំដែងកង្វល់ និងទស្សនៈរបស់​ខ្លួនដោយសេរីដោយគ្មានការជ្រៀតជ្រែករំខានពីរដ្ឋាភិបាល។​រដ្ឋធម្មនុញ្ញនៃព្រះរាជា ណាចក្រ​កម្ពុជា (មាត្រា ៤១) ធានាការពារយ៉ាងច្បាស់ដល់សិទ្ធិនេះសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដោយចែងថា៖ “ប្រជាពលរដ្ឋខ្មែរមាន សេរីភាព ខាងការបញ្ចេញ មតិរបស់ខ្លួន សេរីភាពខាង សារព័ត៌មាន សេរីភាពខាងការបោះ​ពុម្ពផ្សាយ និងសេរីភាព ខាងការជួបប្រជុំ។ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះដោយ​រំលោភនាំឲ្យ ប៉ះ​ពាល់ដល់សិទ្ធិរបស់អ្នក ដទៃ ដល់ទំនៀមទំលាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈនិងដល់សន្តិសុខ​ជាតិឡើយ។”

សិទ្ធិសេរីភាពខាងការបញ្ចេញមតិ ត្រូវបានធានាផងដែរក្រោមសន្ធិសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្សដែលប្រទេសកម្ពុជាបានទទួលយកនិងបានដាក់បញ្ចូលទៅក្នុងច្បាប់ ជាតិរបស់ខ្លួន រាប់ទាំងសេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្ស (UDHR) កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ (ICCPR) និងអនុសញ្ញាស្តីពីសិទ្ធិ កុមារ (CRC)។.

មាត្រា១៩ នៃ UDHR និងមាត្រា១៩ នៃ ICCPR ធានាការពារសិទ្ធិសេរីភាពនៃការសម្តែង មតិ និងគំនិតសម្រាប់​មនុស្សគ្រប់រូប ដោយចែងថា “សិទ្ធិនេះត្រូវរាប់ បញ្ចូលទាំងសេរីភាពស្វែងរក ទទួលនិងបញ្ជូនព័ត៌មាននិងគំនិត​គ្រប់ប្រភេទ ដោយមិនគិតពីព្រំដែន ដោយផ្ទាល់មាត់ សរសេរ ឬបោះពុម្ពក្តី តាមទម្រង់សិល្បៈ ឬតាមប្រព័ន្ធផ្សព្វ​ផ្សាយណាមួយតាមការជ្រើសរើសរបស់ខ្លួន។”

ទោះជាយ៉ាងណាក៍ដោយ ការរឹតត្បិតត្រូវបានអនុញ្ញាតដើម្បីការពារផលប្រយោជន៍ផ្សេងៗ រាប់បញ្ចូលទាំង​កិត្តិសព្ទរបស់បុគ្គលផងដែរ។ មាត្រា១៩ (៣) នៃ ICCPR​​ ដាក់សិទ្ធិសេរីភាពនៃការសម្តែងមតិជាកម្មវត្ថុនៃ​ការរឹតត្បិត៖ ការរឹតត្បិតទាំងនោះត្រូវមានចែងដោយច្បាប់ និងចាំបាច់ ដើម្បីគោរពសិទ្ធិ និងកិត្តិសព្ទរបស់អ្នកដទៃ ឬ ដើម្បីការពារសន្ដិសុខជាតិ ឬសណ្ដាប់ធ្នាប់សាធារណៈ សុខភាពសាធារណៈឬសីលធម៌សាធារណៈ។ សិទ្ធិទាំងឡាយដែលមានចែង ICCPR អនុវត្តមិនត្រឹមតែ ទៅលើប្រជាពលរដ្ឋនោះទេ ប៉ុន្តែក៏អនុវត្តផងដែរទៅ​លើបុគ្គលទាំងអស់នៅក្នុងដែនសមត្ថកិច្ចរបស់ រដ្ឋមួយ។

អនុសញ្ញាស្តីពិសិទ្ធិកុមារ (CRC)​ ទទួលស្គាល់ផងដែរនូវសិទ្ធិសេរីភាពសម្តែងមតិរបស់កុមារ (មាត្រា១៣) ដោយស្ថិតក្នុងការកម្រិតព្រំដែនដូចគ្នាដូចមានចែងក្នុង ICCPR។ ទោះជាយ៉ាងណាក៏ដោយ អនុសញ្ញាស្តីពិសិទ្ធិកុមារ ក៏ទទួលស្គាល់ផងដែរនូវគោលការណ៍ដែលថា ឧត្តមប្រយោជន៍របស់កុមារ គឺជាការដែលត្រូវយក មកពិចារណាជាចម្បងនៅក្នុងគ្រប់សកម្មភាពទាំងអស់ដែលទាក់ទងនឹងកុមារ (មាត្រា៣) ហើយថា រដ្ឋមានភារកិច្ចការពារកុមារឲ្យរួចផុតពីអំពើហិង្សាលើរាងកាយ ឬផ្លូវចិត្ត ឲ្យរួចផុតពីរបួសស្នាម ឬការរំលោភបំពាន ឬការកេងប្រវ័ញ្ច (មាត្រា១៩) ។

ស្តាប់ការផ្សាយតាមកម្មវិធីវិទ្យុរបស់ការិយាល័យ OHCHR ស្តីពីសេរីភាពខាងការបញ្ចេញមតិ៖

- កម្មវិធីសេរីភាពខាងការបញ្ចេញមតិ