សេចក្កីសង្ខេប

ការកែលម្អប្រព័ន្ធអនាម័យក្នុងពន្ធនាគារខេត្តកំពត

ការចោះបង្អួចយកខ្យល់និងពន្លឺនៅអគារឃុំឃាំង

កម្មវិធីគាំទ្រកំណែទម្រង់ពន្ធនាគារត្រូវបានបង្កើតឡើងក្រោមកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូរវាងអគ្គនាយដ្ខានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ក្នុងគោលបំណងកែលម្អស្ថានភាពពន្ធនាគារនិងការប្រព្រឹត្តចំពោះជនជាប់ឃុំតារមយៈការកែទម្រង់ច្បាប់ ការគ្រប់គ្រង ការបណ្តុះបណ្តាលជាលក្ខណៈវិជ្ជាជីវៈ ការពិនិត្យតាមដានលើលក្ខខណ្ឌឃុំខ្លួននិងការប្រព្រឹត្តចំពោះជនជាប់ឃុំ និងការគាំទ្រការកែប្រែលើផ្នែកផ្សេងៗទៀត។

តាមរយៈកម្មវិធីខាងលើ OHCHR ធ្វើទស្សនកិច្ចនិងវាយតម្លៃពន្ធនាគារ ហើយលើកទឹកចិត្តតួអង្គពាក់ព័ន្ធផ្សេងៗក្នុងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ ព្រមទាំងសង្គមស៊ីវិល ក្នុងការសហការកែទម្រង់វិស័យព្រហ្មទណ្ឌនិងកែលម្អរដ្ឋបាលយុត្តិធម៌។ សកម្មភាពទស្សនកិច្ចនិងវាយតម្លៃតាមពន្ធនាគារក៏មានរៀបចំជារបាយការណ៍សម្ងាត់ដាក់ជូនអគ្គនាយកដ្ឋានពន្ធនាគារនិងក្រសួងមហាផ្ទៃ។ របាយការណ៍នេះមានគោលបំណងបង្ហាញឱ្យឃើញអំពីការវាយតម្លៃបែបវត្ថុវិស័យជាលក្ខណៈឯករាជ្យទាក់ទងនឹងលក្ខខណ្ឌនៃការឃុំខ្លួននិងការប្រព្រឹត្តទៅលើជនជាប់ឃុំនៅតាមពន្ធនាគារនីមួយៗ ដោយធ្វើការឆ្លុះបញ្ចាំងពីទិដ្ឋភាពវិជ្ជមាន ចំណុចព្រួយបារម្ភ និងអនុសាសន៍កែលម្អ។

កន្លងមកនេះ អនុសាសន៍សំខាន់ៗចំនួនបួនដែលត្រូវបានទទួលយក និងបាននិងកំពុងត្រូវបានយកទៅអនុវត្តមានដូចជា៖

•បន្ថែមរបបឧបត្ថម្ភសម្រាប់ជនជាប់ឃុំម្នាក់ពី ១.៥០០ រៀល ទៅ ២.៨០០ រៀល (ឬប្រហែល ០,៣៧ ដុល្លា ទៅ ០,៧០ ដុល្លា)
•ពិនិត្យឡើងវិញលើគណៈកម្មការស្វ័យគ្រប់គ្រងដែលត្រូវបានបង្កើតឡើងដើម្បីកែសម្រួលការត្រួតពិនិត្យនិងការគ្រប់គ្រងជនជាប់ឃុំ     ហើយដែលក្រោយមកត្រូវបានចោទប្រកាន់ថាមានការពាក់ព័ន្ធនឹងការរំលោភបំពាន និងការប្រព្រឹត្តមិនគប្បីទៅលើជនជាប់ឃុំ
•ដោះស្រាយបញ្ហាពុករលួយនៅតាមពន្ធនាគារ
•រៀបរៀងបទដ្ឋានអប្បបរមាសម្រាប់ការសាងសង់ពន្ធនាគារ។

OHCHR ប្រចាំប្រទេសកម្ពុជាបានចាត់ទុកកម្មវិធីគាំទ្រពន្ធនាគារនេះថាជាសកម្មភាពគំរូមួយដែលឆ្លុះបញ្ចាំងពីឆន្ទៈធ្វើសហប្រតិបត្តិការក្នុងន័យស្ថាបនាក្នុងចំណោមស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធផ្សេងៗ។

 កម្មវិធីគាំទ្រកំណែទម្រង់ពន្ធនាគារមានសកម្មភាពសំខាន់ៗដូចតទៅ៖

•ការរៀបចំកែសម្រួលឱ្យមានលក្ខណៈវិជ្ជាជីវៈចំពោះមន្ត្រីពន្ធនាគារតាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលដែលមានលក្ខណៈវិជ្ជាជីវៈដល់មន្រ្តីពន្ធនាគារដោយផ្អែកលើច្បាប់មនុស្សធម៌អន្តរជាតិ     ហើយនិងការកសាងសមត្ថភាពគ្រូបណ្តុះបណ្តាលរបស់បណ្ឌិត្យសភានគរបាលកម្ពុជា និងអគ្គនាយកដ្ឋានពន្ធនាគារ។
•ច្បាប់ស្តីពីពន្ធនាគារដែលត្រូវបានអនុម័តជាលើកដំបូងនៅឆ្នាំ ២០១១ ហើយនិងព្រះរាជក្រឹត្យស្តីពីលក្ខខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្រ្តីពន្ធនាគារ ក្រសួងមហាផ្ទៃ ដែលប្រកាសឱ្យប្រើនៅឆ្នាំ២០១៣     (ដោយមានបញ្ចូលយោបល់បច្ចេកទេសរបស់ OHCHR)
•ផែនការយុទ្ធសាស្រ្ត ៥ ឆ្នាំ ២០១៤-២០១៨ របស់អគ្គនាយកដ្ឋានពន្ធនាគារ ដែលត្រូវបានរៀបចំនិងប្រកាសឱ្យប្រើក្រោមការគាំទ្រនិងការផ្តល់យោបល់បច្ចេកទេសពី OHCHR)
•ការឆ្លើយតបទៅនឹងគ្រោះមហន្តរាយអគ្គិភ័យនិងទឹកជំនន់ដែលត្រូវបានរៀបចំនិងកែលម្អនៅតាមពន្ធនាគារ
•ការកែសម្រួលចំណាត់ថ្នាក់ជនជាប់ឃុំផ្អែកតាមទិដ្ឋភាពច្បាប់ និងទំនាក់ទំនងរវាងពន្ធនាគារ តុលាការ (ចៅក្រមនិងព្រះរាជអាជ្ញា)     ហើយនិងការផ្តល់ជំនួយផ្នែកច្បាប់ ដែលជាលទ្ធផលចំនួនជនជាប់ឃុំដែលរង់ចាំលទ្ធផលនៃបណ្តឹងឧទ្ធរណ៍ឬខ្វះសាលក្រម/សាលដីកាស្ថាពរពីតុលាការត្រូវបានកាត់បន្ថយគួរកត់សម្គាល់
•ការកែលម្អប្រព័ន្ធទឹក អនាម័យ និងសុខាភិបាល នៅតាមពន្ធនាគារទាំង ២៧ ដែលមានអ្នកដែលត្រូវគេឃុំខ្លួនស្នើនឹងចំនួន ៩២% ៖ ការកែលម្អបន្ទប់សុវត្ថិភាពនៅតាមមន្ទីរពេទ្យបង្អែកទាំង ១៤         ដែលធ្វើឱ្យជនជាប់ឃុំលែងត្រូវគេដាក់ខ្នោះពេលខ្លួនកំពុងឈឺនិងព្យាបាលជំងឺ, ការចោះបង្អួចនិងបើកឱ្យមានខ្យល់អាកាសនិងពន្លឺចេញចូលនៅតាមពន្ធនាគារចំនួន ៩,         ការធ្វើរបងសុវត្ថិភាពនៅក្នុងពន្ធនាគារចំនួន ៦ ដែលអនុញ្ញាតឱ្យជនជាប់ឃុំអាចចេញក្រៅបន្ទប់ឃុំឃាំងនិងធ្វើកសិកម្មបានងាយស្រួល,         ការកែលម្អប្រព័ន្ធផ្គត់ផ្គង់ទឹកនិងបច្ចេកទេសទាញយកទឹកភ្លើងមកប្រើប្រាស់នៅតាមពន្ធនាគារចំនួន ១២, ការគាំទ្រផ្នែកសម្ភារៈ        និងរៀបចំតាក់តែងរួមគ្នាជាមួយអគ្គនាយកដ្ឋានពន្ធនាគារលើសេចក្តីព្រាងបទដ្ឋានអប្បបរមាស្តីពីការសាងសង់និងជួសជុលពន្ធនាគារ
•ការពង្រឹងការយល់ដឹងអំពីស្ថានភាពស្រ្តីធម្មតា ស្រ្តីមានផ្ទៃពោះ និងស្រ្តីមានកូនតូចដែលកំពុងជាប់ឃុំ ក្នុងចំណោមអ្នកធ្វើការក្នុងវិស័យយុត្តិធម៌ ព្រហ្មទណ្ឌ ហើយជាលទ្ធផលចំនួនស្រ្តីនិង     កូនៗទាំងនោះត្រូវបានកាត់បន្ថយពីក្នុងពន្ធនាគារចាប់តាំងពីឆ្នាំ ២០១៣ មក។