ស្ថិតក្រោមច្បាប់ជាតិ និងច្បាប់អន្ដរជាតិ បុគ្គលគ្រប់រូប រាប់ទាំងមនុស្សស្រីស្រលាញ់ភេទដូចគ្នា មនុស្សប្រុស ស្រឡាញ់ភេទដូចគ្នា មនុស្សស្រឡាញ់ភេទពីរ និងមនុស្សប្តូរភេទ (មនុស្សស្រឡាញ់ភេទដូចគ្នា) មានសិទ្ធិទទួលបានសិទិ្ធដូចបុគ្គលដទៃទៀតដែរ។ មាត្រា១ នៃសេចក្តីប្រកាសជាសកលស្តីពីសិទិ្ធមនុស្ស អះអាងថា មនុស្សទាំងអស់កើតមកមានសេរីភាព និងសមភាពក្នុងផ្នែកសេចក្ដីថ្លៃថ្នូរនិងសិទ្ធិ ហើយថាមនុស្សម្នាក់ៗមានសិទ្ធិសេរីភាពគ្រប់យ៉ាងដោយមិនប្រកាន់បែងចែកណាមួយ។ គោលការណ៍ទាំងនេះ ស្តីពីសកលភាព ភាពស្មើគ្នា និងការមិនរើសអើង ដែលមានចែងផងដែរ នៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិនិងសន្ធិសញ្ញាសិទ្ធិមនុស្ស។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៣១ បញ្ជាក់ជាថ្មីអំពីគោលការណ៍ទាំងនេះ ដោយការទទួលស្គាល់ និងការគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងសន្ធិសញ្ញាអន្តរជាតិ ដោយចែងថាប្រជាពលរដ្ឋខ្មែរគ្រប់រូបមាន “ភាពសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់” ដោយមិនគិតពីឋានៈសង្គមផ្សេងគ្នា ហើយ “មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។” (មាត្រា៣៥)
បើទោះបីជាទំនាក់ទំនងផ្លូវភេទដូចគ្នា មិនត្រូវបានដាក់ជាទោសព្រហ្មទណ្ឌក្តី អ្នកស្រឡាញ់ភេទដូចគ្នាទាំងនោះ មិនត្រូវបានការពារ ឬទទួលស្គាល់ដោយច្បាប់កម្ពុជាដែរ។ ច្បាប់ដែលមានជាធរមានមិនបានហាមឃាត់ជាពិសេសលើការរើសអើង ដោយផ្អែកលើទំនោរផ្លូវភេទ និងអត្តសញ្ញាណយេនឌ័រ ហើយក៏មិនមានដែរនូវការដាក់ទណ្ឌកម្មចំពោះអ្នកដែលរំលោភសិទ្ធិមនុស្សរបស់មនុស្សស្រលាញ់ភេទដូចគ្នា។ ដោយហេតុនេះហើយ ទើបជាញឹកញយ មនុស្សស្រលាញ់ភេទដូច ត្រូវប្រឈមនឹង”ស្លាកស្នាមទុយស៍ ការរើសអើង និងការផាត់ចេញ កម្រិតខ្ពស់ នៅកន្លែងផ្សេងៗ ដូចជា នៅលំនៅឋាន សាលារៀន កន្លែងធ្វើការ មណ្ឌលសុខភាព និងនៅទីសាធារណៈ។” អ្នកស្រឡាញ់ភេទដូចគ្នាជាច្រើន ជាពិសេសមនុស្សប្តូរភេទ ជាញឹកញយ មានអារម្មណ៍ថាខ្លួនឯកកោរ និងងាយរងគ្រោះ គ្មានជំនាញ ឬគ្មានចំណេះដឹង ដើម្បីទ្រទ្រង់ខ្លួនឯងឡើយ។ កង្វះការទទួលស្គាល់ និងការការពារសិទ្ធិផ្លូវភេទក្រុមភាគតិចនេះ បង្កជាឧបសគ្គដល់បុគ្គលដែលស្រលាញ់ភេទដូចគ្នា ក្នុងការទទួលបានពេញលេញនូវសិទ្ធិចូលរួមក្នុងជីវភាពនយោបាយ សង្គមកិច្ច សេដ្ឋកិច្ច វប្បធម៌ និងការអភិវឌ្ឍដែលមានការរួមបញ្ចូល នៃព្រះរាជាណាចក្រកម្ពុជា។
កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញការប្តេជ្ញាចិត្ត និងគំនិតផ្តួចផ្តើម ដើម្បីរួមបញ្ចូលមនុស្ស ស្រលាញ់ភេទដូចគ្នា ក្នុងផែនការ និងកម្មវិធីផ្សេងៗ។ តាមការសិក្សាស្រាវជ្រាវអំពីសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា ដែលបានធ្វើឡើងដោយអង្គភាពសម្របសម្រួលគាំពារសង្គម នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កសិកម្ម និងជនបទក្នុងឆ្នាំ២០១៣ ហើយផែនការយុទ្ធសាស្ត្រជាតិស្តីពីមេរោគអេដស៍/ជំងឺអេដស៍ ព្រមទាំង ផែនការសកម្មភាពជាតិលើកទី២ បង្ការទប់ស្កាត់អំពើហិង្សាប្រឆាំងនឹងស្រ្តី ដោះស្រាយជាពិសេសនូវតម្រូវការរបស់មនុស្សស្រលាញ់ភេទដូចគ្នា។ អតីតព្រះករុណាព្រះបាទនរោត្តមសីហនុ អ្នកនយោបាយមួយចំនួន និងមន្ត្រីរដ្ឋាភិបាលនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ បាននិយាយប្រឆាំងនឹងអំពើហឹង្សា ស្លាកស្នាមទុយស៍ និងការរើសអើងប្រឆាំងនឹងមនុស្សដែលស្រលាញ់ភេទដូចគ្នា។
ក្រៅពីក្របខ័ណ្ឌច្បាប់ និងថ្នាក់ដឹកនាំនយោបាយ ក៏តម្រូវឲ្យមានការផ្លាស់ប្តូរឥរិយាបទសង្គម ជាពិសេសនៅថ្នាក់មូលដ្ឋាន ដោយគៀរគរមនុស្សគ្រប់ស្រទាប់សង្គម ឲ្យជួយគាំទ្រសិទិ្ធអ្នកស្រឡាញ់ភេទដូចគ្នា រាប់ទាំង
មេដឹកនាំនៅតាមមូលដ្ឋាន មេដឹកនាំសាសនា និងមេដឹកនាំសហគមន៍ ប្រព័ន្ធផ្សព្វផ្សាយ សង្គមស៊ីវិល ប្រព័ន្ធអប់រំ និងវិស័យឯកជន។
សូមអានបន្ថែម៖
• កើតមកមានសេរីភាពនិងសមភាព របស់ការិយាល័យ OHCHR ជាភាសារខ្មែរ /អង់គ្លេស
• របាយការណ៍របស់ការិយាល័យ UNDP/ USAID និង OHCHR ៖ ក្នុងនាមជាមនុស្សស្រឡាញ់ភេទដូចគ្នា នៅអាស៊ី៖ របាយការណ៍ប្រទេសកម្ពុជា ជាភាសារខ្មែរ /អង់គ្លេស
• ទំព័រពិត៖ មនុស្សមានភេទមិនច្បាស់លាស់ របស់ OHCHR និង UN Free & Equal៖ ជាភាសាអង់គ្លេស / ខ្មែរ
• ទំព័រពិត៖ ច្បាប់សិទ្ធិមនុស្សអន្តរជាតិ ព្រមទាំងទំនោរផ្លូវភេទ និងអត្តសញ្ញាណយេនឌ័រ របស់ OHCHR និង UN Free & Equal៖ ជាភាសាអង់គ្លេស / ខ្មែរ
• ទំព័រពិត៖ សំណួរដែលត្រូវបាគេសួរជាញឹកញាប់ របស់ OHCHR និង UN Free & Equal៖ ជាភាសាអង់គ្លេស / ខ្មែរ
• ទំព័រពិត៖ សមភាព និងភាពមិនរើសអើង របស់ OHCHR និង UN Free & Equal៖ ជាភាសាអង់គ្លេស / ខ្មែរ
• ព័ត៌មានរបស់ OHCHR ស្តីពីសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ និងសិទិ្ធ៖ មនុស្សស្រីស្រលាញ់ភេទដូចគ្នា មនុស្សប្រុសស្រឡាញ់ភេទដូចគ្នា មនុស្សស្រឡាញ់ភេទទាំងពីរ មនុស្សប្តូរភេទ និងមនុស្សមានភេទមិនច្បាស់លាស់៖ ជាភាសាអង់គ្លេស / ខ្មែរ
• ដើម្បីមើលវីដេអូរបស់យើងអំពីវប្បធម៌នៃសេចក្តីស្រឡាញ់ ដែលគាំទ្រដល់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា សូមចុចទីនេះសម្រាប់ ស្គាល់មនុស្សម្នាក់ច្បាស់ នោះការរើសអើងនឹងបញ្ចប់, អ.ស.ប សេរីភាព & សមភាព៖ ប្រពៃណី, អ.ស.ប សេរីភាព & សមភាព៖ វប្បធម៌ និង អ.ស.ប សេរីភាព & សមភាព៖ គ្រួសារ។
• ការិយាល័យ OHCHR-កម្ពុជា ផ្តល់ការគាំទ្រដល់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាក្នុងប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃយុទ្ធនាការជាសកលរបស់ អ.ស.ប សេរីភាព & សមភាព។ ចូលទៅកាន់វេបសាយសកលរបស់អ.ស.ប សេរីភាព & សមភាព សូមចុចនៅត្រង់នេះ។