រូបថត OHCHR/សេង ម៉ាលី

​ភ្នំ​ពេញ (៣ ​មិថុនា ២០១៦) - ​ការិ​យាល័យ OHCHR ​បាន​គាំ​ទ្រ​ការ​រៀប​ចំ​កិច្ច​ប្រ​ជុំ​ពហុ​ភា​គី​ពាក់​ព័ន្ធ​លើក​ទី​ពីរ ស្តី​ពី “​ការ​ពង្រឹង​កិច្ច​សន្ទ​នារ​វាង​ភា​គី​ពាក់​ព័ន្ធ​នៅតំ​បន់​ប៊ូ​ស្រា” ​ដែល​បាន​ធ្វើ​ឡើង​នៅ​ប៊ូ​ស្រា ​ខេត្ត​មណ្ឌលគិ​រី ​នៅ​ថ្ងៃ​ទី០៣ ​ខែ​មិថុនា​ឆ្នាំ ២០១៦។ ​កិច្ច​ប្រ​ជុំ​នេះ​មាន​អ្នក​ចូល ​ជាង ៦០ ​នាក់ ​រួម​មាន ​សមាជិក​ទាំង​អស់​នៃ​គ​ណៈ​កម្មាធិ​កា​រ​ត្រី​ភា​គី​ដែល​មានស្រាប់ (​គ​ណៈ​កម្មាធិ​ការ​នេះ​រួម​មាន​ស​មាស​ភាព​នៃតំ​ណាង​មក​ពី​អាជ្ញាធ​រ​មូល​ដ្ឋាន តំ​ណាង​ដែល​បាន​បោះ​ឆ្នោតជ្រើស​តាំង​ដោយ​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង តំ​ណាង​របស់​ក្រុម​ហ៊ុន Socfin) តំ​ណាង​មក​ពី​ក្រុម​ហ៊ុន​ដាក់​ឡាក់ ​អង្គ​ការ GIZ ​អង្គ​ការ​សង្គម​ស៊ី​វិលថ្នាក់​ជាតិ ​និងថ្នាក់​មូលដ្នាន ​សាស្ត្រា​ចារ្យ​មក​ពី​សា​កល​វិទ្យាល័យ​នានា ​និង​ការិ​យាល័យ OHCHR។ ​វត្ថុ​បំណង​សំ​ខាន់​នៃ​កិច្ច​ប្រ​ជុំ​នេះ​គឺ​ដើម្បី​បន្ត​កិច្ច​សន្ទនា​ដែល​មាន​ការ​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ពហុ​ភា​គី​ពាក់​ព័ន្ធ​លើក​ទី​មួយ ​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​ធ្នូ ​ឆ្នាំ ២០១៥ ស្តី​ពី​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច ​រាប់​ទាំង​សិទ្ធិ​ដីធ្លី ​និងសិទិ្ធ​វប្ប​ធម៌ ​នៅតំ​បន់​ប៊ូ​ស្រា ​ក្នុង​គោល​បំណង​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការ​ចែ​ក​រំ​លែក​នូវ​ព័ត៌​មា​នប្រ​កប​ដោយ​តម្លា​ភាព ​និង​ដើម្បី​បង្កើត​ឲ្យ​មា​នប្រ​សិទ្ធ​ភាព​បន្ថែម។ ​ក្នុង​អំឡុង​ពេ​ល​កិច្ច​ប្រ​ជុំ ​ភា​គី​ទាំង​អស់ (​អាជ្ញាធ​រ​មូល​ដ្ឋាន ​ទាំងតំ​ណាង​ក្រុម​ហ៊ុន​និងតំ​ណាង​ជន​ជាតិ​ដើម​ភាគ​តិច) ​អាច​ចែ​ក​រំ​លែក​នូវ​វឌ្ឍន​ភាព ​និង​ការ​រំ​ពឹង​ទុក​របស់​ខ្លួន ​ទាក់​ទង​ទៅ​នឹង​ដំ​ណោះ​ស្រាយ​ជម្លោះ​ដីធ្លី​ដែល​មានស្រាប់ ​និង​ដើម្បី​ពិ​ភាក្សាអំ​ពី​គម្រោង​អភិវឌ្ឍ​រួម​គ្នា​អាច​នឹង​ធ្វើ​ទៅ​បាន។ ​អង្គ​ការ GIZ ​ដែ​ល​នា​ពេល​ថ្មីៗ​នេះ ​បាន​ចាប់ផ្តើម​ការ​វាស់​វែង​ដីធ្លី ​ទាំង​ដី​មាន​ជម្លោះ ​និង​ដី​មិន​មាន​ជម្លោះ​នៅតំ​បន់​នេះ ​បាន​ធ្វើ​បទ​បង្ហាញអំ​ពី​កា​រ​ងារ​របស់​ខ្លួន ​និងអំ​ពី​រ​បៀប​លំ​ហាត់​ធ្វើ​ផែន​ទី​នេះ  ​អាច​មា​នប្រ​យោ​ជន៍​សម្រាប់​ការ​ដោះ​ស្រាយ​ដែល​មាន​លក្ខ​ណៈ​សម្រប​សម្រួល។ តំ​ណាង​អង្គ​កា​រ​ក្រៅ​រដ្ឋាភិ​បាល CIPO ​ក៏​បាន​បង្ហាញ​ផង​ដែរ​នូវ ​លទ្ធ​ផល​នៃ​កា​រស្ទង់​ម​តិ​របស់​ខ្លួន​ជា​មួយ ​ជាង ៦០០ ​គ្រួ​សារ ​នៅ​ក្នុង​ឃុំ​ប៊ូ​ស្រា ​ទាក់​ទង​នឹង​បញ្ហា​ដីធ្លី​នា​នា ​ដោយ​គូ​សបញ្ជាក់​នូវ​បញ្ហា​ប្រ​ឈម​ចម្បងៗ​ដែល​ក្រុម​គ្រួ​សារ​ទ​ទួល​រង​ផល​ប៉ះ​ពាល់​បាន​ជួប​ប្រ​ទះ។ ​កា​រប្តេជ្ញា​ចិត្ត ​និង​កា​រ​សន្យា​នា​នា ​ក៏​បាន​ធ្វើ​ឡើង​ផង​ដែរ​ក្នុង​អំឡុង​ពេ​ល​កិច្ច​ប្រ​ជុំ​នេះ ​ដែល​នឹង​ត្រូវ​បន្ត​ពិ​និត្យ​ក្នុង​អំឡុង​ពេ​ល​កិច្ច​ប្រ​ជុំ​ពហុ​ភា​គី​ពាក់​ព័ន្ធ​លើក​ទី​បី ​ដែល​នឹង​ធ្វើ​ឡើង​ក្នុង​ខែ​តុ​លា ​ឆ្នាំ​២០១៦។