ទិដ្ឋភាពរួម
កម្មវិធីនីតិរដ្ឋ ធ្វើការដើម្បីពង្រឹងការការពារសិទ្ធិមនុស្ស ក្រោមនីតិរដ្ឋនៅកម្ពុជា។ កម្មវិធីនេះ មានសមាសសភាពប្រទាក់ក្រឡាគ្នាចំនួនបី៖
• ការផ្តល់សច្ចាប័នដល់សន្ធិសញ្ញា និងការធ្វើសេចក្តីរាយការណ៍
• ការកសាងស្ថាប័ន
• អនុលោមតាមបទដ្ឋាន និងនីតិវិធីអន្តរជាតិ
ការផ្តល់សច្ចាប័នដល់សន្ធិសញ្ញា និងក្របខណ្ឌគតិយុត្តិ
សមាសសភាពនេះស្វះស្វែងពង្រឹងក្របខណ្ឌគតិយុត្តិដែលការពារសិទ្ធិមនុស្សនៅកម្ពុជា។ យើងលើកស្ទួយដល់ការផ្តល់សច្ចាប័ន និងការអនុវត្តដ៏មានប្រសិទ្ធភាពនៃសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិនានា។ បន្ថែមលើការងារនេះ យើងគាំទ្រដល់រដ្ឋាភិបាលក្នុងការរៀបចំរបាយការណ៍តាមវិស័យរបស់ខ្លួន ដាក់ជូនស្ថាប័នសន្ធិសញ្ញា។
មកទល់នឹងពេលបច្ចុប្បន្ននេះ កម្ពុជាគឺជារដ្ឋភាគីនៃសន្ធិសញ្ញាសិទ្ធិមនុស្សចំនួនប្រាំបី ក្នុងចំណោមប្រាំបួន៖
• កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ICESCR)
• កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR)
• អនុសញ្ញាអន្តរជាតិស្តីពីការបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ (ICERD)
• អនុសញ្ញាស្តីពីការបំបាត់នូវការរើសអើងប្រឆាំងស្រ្តីភេទ (CEDAW)
• អនុសញ្ញាប្រឆាំងការធ្វើទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មឯទៀតដែលឃោឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប (CAT)
• អនុសញ្ញាស្តីពីសិទ្ធិកុមារ (CRC)
• អនុសញ្ញាស្តិពីសិទ្ធិរបស់ជនពិការ (CRDP)
• អនុសញ្ញាស្តីពីការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ (CED)។
កម្ពុជាក៏បានចុះហត្ថលេខាលើអនុសញ្ញាអន្តរជាតិស្តីពីការការពារសិទ្ធិរបស់ពលករទេសសន៍ប្រវេសន៍ និងសមាជិកគ្រួសាររបស់ពួកគេ (CMW)។ ការចុះហត្ថលេខាលើសន្ធិសញ្ញាជាការប្រកាសអំពីការប្តេជ្ញារបស់រដ្ឋាភិបាល ក្នុងការផ្តល់សច្ចាប័នដល់សន្ធិសញ្ញានោះនាពេលអនាគតឆាប់ៗខាងមុខ។
កម្ពុជាក៏បានផ្តល់សច្ចាប័នផងដែរដល់ពិធីសារបន្ថែមមួយចំនួនលើសន្ធិសញ្ញាទាំងនេះ ដែលដាក់កាតព្វកិច្ចបន្លែមលើរដ្ឋាភិបាល៖ ពិធីសារបន្ថែមលើអនុសញ្ញាប្រឆាំងការធ្វើទារុណកម្ម (OPCAP) ពិធីសារបន្ថែមលើ CEDAW (OP-CEDAW) និងពិធីសារបន្ថែមពីរទៀតលើអនុសញ្ញាស្តីពីសិទ្ធិកុមារពាក់ព័ន្ធនឹងទាហ៊ានកុមារ និងពាក់ព័ន្ធនឹងការកេងប្រវ័ញកុមារ (អនុសញ្ញាស្តីពីសិទ្ធិកុមារ-ពិធីសារបន្ថែមពាក់ព័ន្ធនឹងការចូលរួមរបស់កុមារក្នុងជម្លោះប្រដាប់អាវុធ និងអនុសញ្ញាស្តីពីសិទ្ធិកុមារ-ការលក់កុមារ ពេស្យាកម្មកុមារ និងកាមសាស្រ្តកុមារ)។
ការអនុវត្តសន្ធិសញ្ញាទាំងនេះ នៅក្នុងប្រទេសកម្ពុជា ត្រូវបានធានាការពារនៅក្រោម មាត្រា ៣១ នៃរដ្ឋធម្មនុញ្ញកម្ពុជា។ ក្នុងឆ្នាំ២០០៧ បន្ទាប់ពីការធ្វើញ្ញត្តិទាមទារពីអង្គការសិទ្ធិកុមារនានាដែលគាំទ្រដោយការិយាល័យ OHCHR ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាបានចេញសេចក្តីសម្រេចមួយ ដោយស្រាយបំភ្លឺថា សន្ធិសញ្ញាសិទ្ធិមនុស្ស ដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័ន ជាផ្នែកមួយនៃច្បាប់ជាតិកម្ពុជា ហើយគួរត្រូវបានអនុវត្តដោយចៅក្រុមនៅក្នុងតុលាការនានា។ សម្រាប់ព័ត៌មានបន្ថែម សូមចុច
ទីនេះ។
សម្រាប់ព័ត៌មានបន្ថែមស្តីពីកាតព្វកិច្ចតាមសន្ធិសញ្ញានានារបស់កម្ពុជា សូមចុច
ទីនេះ។
ការកសាងស្ថាប័ន
សមាសសភាពនេះស្វះស្វែងពង្រឹងស្ថាប័នជាតិដែលមានស្រាប់នានាដែលមានអាណត្តិការពារ និងលើកស្ទួយសិទ្ធិមនុស្សនៅកម្ពុជា ព្រមទាំងផ្តល់ប្រឹក្សាលើការបង្កើតស្ថាប័នថ្មីៗនានា។ ស្ថាប័នដែលមានស្រាប់រួមមាន៖
• តុលាការ
• ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
• ក្រុមប្រឹក្សាធម្មនុញ្ញ
ការិយាល័យ OHCHR ធ្វើការជាសហអ្នកសម្របសម្រួលដៃគូអភិវឌ្ឍន៍នៃក្រុមការងារបច្ចេកទេសស្តីពីកំណែទម្រង់ច្បាប់ និងតុលាការ ជាមួយរាជរដ្ឋាភិបាល និងម្ចាស់ជំនួយផ្សេងៗ ក្នុងការពង្រឹងស្ថាប័នទាំងនេះឲ្យអនុលោមតាមបទដ្ឋានអន្តរជាតិ នៅក្នុងក្របខណ្ឌនៃយុទ្ធសាស្ត្រកំណែទម្រង់ច្បាប់ និងតុលាការរបស់កម្ពុជា។ ការងារនេះមួយចំនួនរួមមាន៖
អនុលោមតាមបទដ្ឋាន និងនីតិវិធីអន្តរជាតិ
សមាសសភាពចុងក្រោយនេះស្វះស្វែងធានាថា មន្ត្រីនានាដែលធ្វើការនៅក្នុងស្ថាប័នទទួលបន្ទុកការពារសិទ្ធិមនុស្សនានានឹងបំពេញទំនួលខុសត្រូវរបស់ពួកគេឲ្យស្របតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ។
វិស័យដែលត្រូវយកចិត្តទុកដាក់ខ្លាំងនាពេលបច្ចុប្បន្នរួមមាន៖
• តាមដាន និងគាំទ្រការអនុវត្តដែលមានលក្ខណៈប្រសើរឡើងនូវក្រមនីតិវិធីព្រហ្មទណ្ឌនៅក្នុងតុលាការនានា
• តាមដាន និងគាំទ្រការការពារកុំឲ្យមានការធ្វើទារុណកម្ម និងការធ្វើទុកទោសផ្សេងៗ
• តាមដាន និងគាំទ្រការការពារកុំឲ្យមានការឃុំឃាំងហួសពេលកំណត់។
កម្មវិធីនីតិរដ្ឋធ្វើការយ៉ាងជិតស្និតជាមួយកម្មវិធីគាំទ្រកំណែទម្រង់ពន្ធនាការ ដើម្បីកំណត់ឫសគល់នៃបុព្វហេតុ និងបញ្ហាកង្វល់នានាដែលត្រូវលើកយកទៅពិភាក្សាជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយនៅ ក្នុងស្មារតីនៃកិច្ចសន្ទនាប្រកបដោយការស្ថាបនាមួយ។
កម្មវិធីនីតិរដ្ឋ ក៏កំពុងធ្វើការផងដែរក្នុងការប្រើប្រាស់ទម្លាប់អនុវត្តល្អប្រពៃនានាដែលបានបង្កើតដោយ ECCC ដើម្បីលើកស្ទួយឲ្យកាន់តែប្រសើរឡើងនៅក្នុងការគ្រប់គ្រងយុត្តិធម៌។ សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីកេរ្តិ៍ដំណែល ECCC របស់ការិយាល័យ OHCHR ប្រចាំកម្ពុជា សូមចុច
ទីនេះ។
គោលដៅរយៈពេលយូរអង្វែងគ្រប់ជ្រុងជ្រោយរបស់កម្មវិធីនេះ គឺធានាថា បុគ្គលគ្រប់រូបនៅកម្ពុជាទទួលបាននូវការដោះស្រាយដ៏មានប្រសិទ្ធភាពនៅពេលដែលសិទ្ធិមនុស្សរបស់ពួកគេត្រូវបានគេរំលោភ។
សូមមើលផងដែរ (ភាសាអង់គ្លេស)៖
United Nations Special Rapporteur on the Independence of Judges and Lawyers
OHCHR Geneva - Rule of Law