ទីក្រុងហឺ្សណែវ (ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១)៖ “យើងខ្ញុំពិតជាតក់ស្លុតចំពោះឃាតកម្មថ្មីៗនេះលើលោក ស៊ិន ខុន ដែលត្រូវបានសម្លាប់នៅជិតផ្ទះរបស់គាត់ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។ លោក ស៊ិន ខុន គឺមានទំនាក់ទំនងជាមួយនឹងគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលសម្រេចរំលាយក្នុងឆ្នាំ២០១៧។ លោកក៏ធ្លាប់ត្រូវជនមិនស្គាល់មុខមួយក្រុមវាយប្រហារកាលពីខែឧសភា ឆ្នាំនេះផងដែរ ដោយពេលនោះលោកបានទទួលរងរបួសជាច្រើនកន្លែង ហើយក៏ធ្លាប់ទទួលការទូរស័ព្ទចូលពីលេខអនាមិកច្រើនដងគំរាមកំហែងមកលើខ្លួន។
យើងខ្ញុំកត់សម្គាល់ឃើញថា មានជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន ប៉ុន្តែព្រួយបារម្ភលើចំណុចមិនស៊ីសង្វាក់គ្នាជាក់លាក់ជាច្រើនរវាងរឿងរ៉ាវនៃព្រឹត្តិការណ៍ផ្លូវការផ្តល់ដោយអាជ្ញាធរ និងព័ត៌មានដែលការិយាល័យរបស់យើងខ្ញុំបានទទួល។ យើងខ្ញុំសូមអំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យ និងឥតលម្អៀងចំពោះករណីឃាតកម្មនេះ។
យើងខ្ញុំក៏សោកស្តាយផងដែរដោយមានការចាប់បញ្ជូនខ្លួនត្រឡប់មកប្រទេសកម្ពុជាវិញដោយបង្ខំនាពេលថ្មីៗនេះនូវសកម្មជននយោបាយជនជាតិខ្មែរចំនួន ៤ នាក់ និងការចាប់ខ្លួនអ្នកទី ៥ ដែលជាសកម្មជនសិទ្ធិមនុស្សដោយប្រទេសថៃ។
នៅថ្ងៃទី៩ ខែវិច្ឆិកា សកម្មជនគណបក្សសង្គ្រោះជាតិ ២ នាក់ គឺលោក វឿន វាសនា និងលោក វឿង សំណាង ត្រូវបានប្រទេសថៃបញ្ជូនខ្លួនត្រឡប់មកប្រទេសកម្ពុជាវិញដោយបង្ខំ ដែលសកម្មជនទាំង ២ ត្រូវបានឃុំខ្លួនភ្លាមៗក្រោមបទចោទពីបទល្មើសព្រហ្មទណ្ឌដែលត្រូវបានចោទប្រកាន់រួចទៅហើយ។ នៅថ្ងៃទី១៩ ខែវិច្ឆិកា សកម្មជនទី៣ លោកស្រី ឡាញ់ ថាវរី ដែលជាអតីតមន្ត្រីសង្កាត់មកពីគណបក្សសង្គ្រោះជាតិក៏ត្រូវបានចាប់ខ្លួននៅប្រទេសថៃ និងត្រូវបានបញ្ជូនខ្លួនត្រឡប់មកប្រទេសកម្ពុជាវិញដោយបង្ខំនៅថ្ងៃបន្ទាប់ ហើយលោកស្រីក៏ត្រូវបានឃុំខ្លួនភ្លាមៗផងដែរ។ សកម្មជនទី៤ គឺលោក ម៉ិច ហ៊ាង ក៏ត្រូវបានចាប់បញ្ជូនខ្លួនត្រឡប់មកវិញដោយបង្ខំនៅថ្ងៃជាមួយគ្នានេះដែរ។ នៅក្នុងករណីរបស់សកម្មជន ៣ នាក់ក្នុងចំណោមអ្នកខាងលើ ពួកគាត់ទទួលរងការចោទប្រកាន់អំពីបទល្មើស ដែលជាបទចោទជំរុញឲ្យពួកគាត់ត្រូវរត់ភៀសខ្លួនពីប្រទេសកម្ពុជាទៅប្រទេសថៃកាលពីដំបូង ហើយដែលក្រោយមកពួកគាត់ត្រូវបានទទួលស្គាល់ក្នុងឋានៈជាជនភៀសខ្លួនដោយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន។
នៅថ្ងៃទី១ ខែធ្នូ ព្រះតេជគុណ បូរ បេត ដែលជាអ្នកការពារសិទ្ធិមនុស្ស និងរិះគន់អាជ្ញាធរកម្ពុជា ក៏ត្រូវបានចាប់ខ្លួននៅប្រទេសថៃផងដែរ។ នៅមុននេះបន្តិចក្នុងថ្ងៃនេះ (ថ្ងៃទី៣ ខែធ្នូ) ព្រះតេជគុណត្រូវបានដោះលែងដោយមានការធានា បន្ទាប់ពីព្រះតេជគុណត្រូវបានឃុំខ្លួនពីរយប់នៅមន្ទីរឃុំខ្លួនអន្តោប្រវេសន៍នៅរាជធានីបាងកក។
ថ្វីបើមានឋានៈជាជនភៀសខ្លួនឬក៏អត់ក្តី ការចាប់បញ្ជូនខ្លួនក្នុងកាលៈទេសៈទាំងនេះគឺជាការបំពានលើគោលការណ៍មិនចាប់បញ្ជូនខ្លួនដោយបង្ខំ ហើយគឺថាមានក្តីព្រួយបារម្ភយ៉ាងពិតប្រាកដដែលថាជនជាប់ចោទអាចនឹងមិនទទួលបាននូវដំណើរការនីតិវិធីត្រឹមត្រូវ និងមិនអាចទទួលបានការធានាសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌។
យើងខ្ញុំស្នើដល់ប្រទេសថៃឲ្យគោរពគោលការណ៍មិនចាប់បញ្ជូនខ្លួនដោយបង្ខំ និងអនុញ្ញាតឲ្យបុគ្គលគ្រប់រូបដែលត្រូវរងការបញ្ជាសម្រេចឲ្យបញ្ជូនខ្លួនត្រឡប់មកវិញអាចតវ៉ានឹងសេចក្តីសម្រេចនេះប្រកបដោយប្រសិទ្ធភាពនៅចំពោះមុខស្ថា ប័នឯករាជ្យ និងឥតលម្អៀង ហើយស្របពេលជាមួយគ្នានេះ គប្បីផ្អាកការអនុវត្តសម្រេចបញ្ជូនខ្លួនត្រឡប់មកវិញសិន។
ទន្ទឹមនឹងនេះដែរ យើងខ្ញុំក៏សូមអំពាវនាវដល់អាជ្ញាធរកម្ពុជាឲ្យទម្លាក់ចោលនូវរាល់បទចោទប្រកាន់បែបនយោបាយលើសកម្មជននយោបាយនានា ហើយត្រូវដោះលែងពួកគាត់ឲ្យមានសេរីភាពជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។”
ចប់