2242
ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៥
អ្នកនាំពាក្យរបស់ឧត្តមស្នងការ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្ស៖ រ៉ាវីណា សេមដាសានី
ទីតាំង៖ ទីក្រុងហ្ស៊ឺណែវ
កម្មវត្ថុ៖ ប្រទេសកម្ពុជា
យើងមានការព្រួយបារម្ភអំពីបរិយាកាសធ្លាក់ដុនដាប សម្រាប់អ្នកនយោបាយគណបក្សប្រឆាំង និងសកម្មជននៅប្រទេសកម្ពុជា។ ទន្ទឹមនឹងមានសកម្មជនគណបក្សប្រឆាំងចំនួន១១ នាក់ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ និង ២០ ឆ្នាំ ពីបទចូលរួម ឬដឹកនាំ “កុបកម្ម” នោះ មានសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងមួយរូបទៀត បច្ចុប្បន្នបាននិងកំពុងរង់ចាំសវនាការពីបទចោទប្រកាន់ផ្សេងៗគ្នា រាប់ទាំង បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ និងការក្លែងបន្លំឯកសារសាធារណៈ។ ហើយកាលពីថ្ងៃច័ន្ទកន្លងមកនេះ មានអ្នកតវ៉ាមួយក្រុមដែលគាំទ្ររដ្ឋាភិបាលនៅរាជធានីភ្នំពេញ បានវាយប្រហារដោយផ្ទាល់មាត់ និងលើរូបរាងកាយទៅលើសមាជិកសភារបស់គណបក្សប្រឆាំង និងបានគម្រាមដល់សុវត្ថិភាពលំនៅដ្ឋានឯកជនរបស់អនុប្រធានទីមួយនៃរដ្ឋសភា ដែលទង្វើនេះមានចរិតជាការវាយប្រហារដែលមានការរៀបចំ។ មានសេចក្តីរាយការណ៍បានឲ្យដឹងថា នគរបាល និងកងកម្លាំងសន្តិសុខរបស់រដ្ឋបាលបានឈរមើល នៅពេលដែលការវាយប្រហារនេះកើតឡើង ដែលវាផ្ទុយគ្នាស្រឡះទៅនឹងការឆ្លើយតបរបស់ពួកគេ ទៅលើក្រុមអ្នកតវ៉ា ឬបាតុកម្ម ដែលបានកើតមាននាពេលកន្លងមក ដែលធ្វើឡើងដោយក្រុមអ្នករិះគន់រដ្ឋាភិបាល។
យើងសូមគូសបញ្ជាក់ថា សិទ្ធិជួបប្រជុំដោយសន្តិវិធី និងសេរីភាពក្នុងការបញ្ចេញមតិ គឺជាសិទ្ធិរបស់បុគ្គលគ្រប់រូប ដោយមិនគិតអំពីគំនិតនយោបាយ ឬគំនិតផ្សេងទៀតរបស់ពួកគេឡើយ។ វាគឺជាទំនួលខុសត្រូវរបស់រដ្ឋាភិបាលក្នុងការធានាថា បុគ្គលទាំងឡាយ មិនត្រូវបានគេកំណត់គោលដៅ សម្រាប់និន្នាការនយោបាយរបស់ខ្លួន ឬសម្រាប់ការសម្តែងមតិជំទាស់ឡើយ។
យើងសូមស្វាគមន៍ចំពោះការបង្កើតគណៈកម្មការស៊ើបអង្កេតមួយ លើឧប្បត្តិហេតុដែលបានកើតឡើងកាលពីថ្ងៃច័ន្ទកន្លងមកនេះ ប៉ុន្តែយើងក៏សូមបញ្ជាក់ថា ការស៊ើបអង្កេតនេះ នឹងអាចគួរឲ្យជឿទុកចិត្តបាន លុះត្រាធ្វើឡើងដោយឯករាជ្យ មិនលំអៀង ដោយហ្មត់ចត់ និងឆាប់រហ័ស។ ជនទាំងឡាយណាដែលទទួលខុសត្រូវចំពោះអំពើហឹង្សានេះ ត្រូវតែបាននាំខ្លួនទៅតុលាការ ដើម្បីផ្តន្ទាទោសទៅតាមច្បាប់។
យើងក៏សូមជម្រុញផងដែរឲ្យរដ្ឋាភិបាលចាត់រាល់វិធានការចាំបាច់នានា ដើម្បីធានាសន្តិសុខរបស់
តំណាងរាស្រ្ត ដែលប្រជាពលរដ្ឋកម្ពុជាបានបោះឆ្នោតឲ្យតាមបែបប្រជាធិបតេយ្យ ដោយមិនគិតពីនិន្នាការនយោបាយរបស់ ពួកគេ ហើយក៏ត្រូវធានាផងដែរថា កងយោធពលខេមរភូមិន្ទកម្ពុជា និងកងកម្លាំងសន្តិសុខផ្សេងទៀតរបស់រដ្ឋ ត្រូវគោរពទាំងស្រុងនូវក្រមសីលធម៌សម្រាប់មន្រ្តីប្រតិបត្តិច្បាប់ (សេចក្តីសម្រេចចិត្តលេខ ៣៤/១៦៩ របស់មហាសន្និបាត) ។ *
ចប់
* ក្រមសីលធម៌សម្រាប់មន្រ្តីប្រតិបត្តិច្បាប់ (សេចក្តីសម្រេចចិត្តលេខ ៣៤/១៦៩ របស់មហាសន្និបាត) ។
http://www.ohchr.org/EN/ProfessionalInterest/Pages/LawEnforcementOfficials.aspx
សម្រាប់ព័ត៌មានបន្ថែម និងការសាកសួរព័ត៌មានផ្សេងៗ សូមមេត្តាទាក់ទងមក៖ រ៉ូផឺត ខូវីល្ល (Rupert Colville) តាមរយៈទូរស័ព្ទលេខ (+៤១ ២២ ៩១៧ ៩៧៦៧ / / rcolville@ohchr.org) ឬ រ៉ាវីណា សេមសាដានី (Ravina Shamdasani) តាមរយៈទូរស័ព្ទលេខ (+៤១ ២២ ៩១៧ ៩១៦៩/ rshamdasani@ohchr.org ) ឬ សេសីល ប៉ូល្លី (Cécile Pouilly) តាមរយៈទូរស័ព្ទលេខ (+៤១ ២២ ៩១៧ ៩៣១០/ cpouilly@ohchr.org)
សម្រាប់វិបសាយព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នក៖ ចំពោះសារ សំខាន់ៗអំពីសេចក្តីប្រកាសព័ត៌មាន អាចរកបាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមសិទិ្ធមនុស្ស អ.ស.ប ដូចមានរាយឈ្មោះខាងក្រោមនេះ។ សូមប្រើអក្សរកាត់សំគាល់ ឬ tag ឲ្យបានត្រឹមត្រូវផ្ញើមកកាន់យើង។
ទ្វីតធឺ (Twitter)៖
UNrightswire
ហ្វេសប៊ុក (Facebook)៖
unitednationshumanrights
ហ្គោហ្គីល (Google+)៖
unitednationshumanrights
យូធូប (Youtube)៖
unohchr