ឧបសគ្គដ៏ធំមួយក្នុងការធ្វើឲ្យសម្រេចសិទ្ធិមានលំនៅឋានសមរម្យគឺជាភាពងាយរងគ្រោះដោយផ្ទាល់ចំពោះការរំលោភបំពាន ដែលកើតមាននៅក្នុងចំណោមក្រុមផ្សេងៗនៃស្រ្តី ដោយសារតែការលាយឡំគ្នានៃកត្តាប្រឈមនឹងហានិភ័យផ្សេងៗគ្នា ក្នុងការទទួលបានលំនៅឋានសមរម្យ ឬហានិភ័យកាន់តែខ្ពស់ថែមទៀតនោះគឺ ការក្លាយខ្លួនជាអ្នកឥតទីលំនៅ ឬរងការ ឈឺចាប់ពីហេតុបច្ច័យនៃលំនៅឋាននិងស្ថានភាពរស់នៅមិនសមរម្យ។ ក្រុមស្ត្រីទាំងនោះ រាប់ទាំងជនរងគ្រោះដោយអំពើ ហឹង្សាក្នុងគ្រួសារ ស្រ្តីមេម៉ាយ ស្រ្តីលែងលះប្តី ឬស្រ្តីនៅបែកពីប្តី ស្រ្តីជាមេគ្រួសារ ស្រ្តីជាជនរងគ្រោះដោយការបណ្តេញ ចេញដោយបង្ខំ ស្ត្រីជនជាតិដើមភាគតិច និងស្រ្តីកុលសម្ព័ន្ធ ស្រ្តីដែលមានពិការភាព ស្រ្តីពលករចំណាកស្រុក ស្ត្រីបំរើការតាមផ្ទះ ស្រ្តីរស់នៅជាមួយមេរោគអេដស៍/ ជម្ងឺអេដស៍ ស្រ្តីក្នុងពន្ធនាគារ ស្រ្តីរកស៊ីផ្លូវភេទ និងស្រ្តីស្រឡាញ់ ភេទដូចគ្នា និងស្ត្រីប្តូរភេទ។ ដោយរំលេចឲ្យឃើញនូវការរំលោភបំពាន ដែលក្រុមស្រី្តងាយរងគ្រោះផ្សេងៗ បានជួបប្រទះ ទាក់ទងនឹងលំនៅឋានសមរម្យ ដែលជាចំណុចមុខគេនៃផលប៉ះពាល់ដោយការរើសអើងពហុភាព ដែលស្រ្តីជួបប្រទះទាក់ទង នឹងលំនៅឋានសមរម្យ ដោយសារតែយេនឌ័រ ពូជសាសន៍ ជាតិពន្ទុ អាយុ និងកត្តាដទៃផ្សេងទៀត ប៉ុន្តែក្នុងករណីជាច្រើន វាក៏អាចដោយសារមកពីភាពក្រីក្ររបស់ពួកគេ និងកង្វះខាតក្នុងការទទួលបាននូវធនធានសង្គម និងសេដ្ឋកិច្ច។
មាត្រា១១ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តម្រូវឲ្យរដ្ឋភាគីទាំងឡាយទទួលស្គាល់សិទ្ធិរបស់ជនគ្រប់រូប ក្នុងការទទួលបានកម្រិតជីវភាព រស់នៅគ្រប់គ្រាន់ សម្រាប់ផ្ទាល់ខ្លួន និងសម្រាប់គ្រួសាររបស់ខ្លួន រួមទាំងចំណីអាហារ សំលៀកបំពាក់ ព្រមទាំងលំនៅឋានសមរម្យផងដែរ (វាក្យខ័ណ្ឌទី១) និងចំណីអាហារគ្រប់គ្រាន់ (វាក្យខ័ណ្ឌទី២)។ ការអនុវត្តមាត្រា ៣ ភ្ជាប់និងមាត្រា១១ វាក្យខ័ណ្ឌទី១ តម្រូវថា ស្រ្តីមានសិទ្ធិធ្វើជាម្ចាស់ ប្រើប្រាស់ ឬពុំនោះទេ គ្រប់គ្រងលំនៅឋាន ដីធ្លី និង ទ្រព្យសម្បត្តិ ឈរលើគោលការណ៍ស្មើភាពទៅនឹងបុរស និងទទួលបានធនធានចាំបាច់ ដើម្បីធ្វើការងារទាំងនោះ។
គណៈកម្មការសិទ្ធិមនុស្ស (CHR) តាមរយៈសេចក្តីសម្រេចរបស់ខ្លួនលេខ២០០២/៤៩ ស្តីពីសិទ្ធិកម្មសិទ្ធិស្មើគ្នា របស់ស្រី្ត ក្នុងការទទួលបាន និងគ្រប់គ្រងលើដីធ្លី និងសិទ្ធិស្មើភាព ក្នុងការធ្វើជា ម្ចាស់លើទ្រព្យសម្បត្តិ និងសិទ្ធិស្មើភាពគ្នាក្នុងមានលំនៅឋានសមរម្យ ដែលភារកិច្ចនេះត្រូវបានប្រគល់ទៅឲ្យអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិលំនៅឋានសមរម្យ ជាមួយនឹងភារកិច្ចបន្ថែមក្នុង ការរៀបចំសិក្សាអំពីស្ត្រី និងលំនៅដ្ឋានសមរម្យ។
សិទ្ធិដីធ្លីរបស់ស្រ្តី មានចែងយ៉ាងច្បាស់នៅក្នុងអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនិងស្រ្តីភេទ (ស៊ី ដ) មាត្រា ១៤.២ (ជ) និងមាត្រា ១៦.១ (ជ) ៖
មាត្រា១៤.២ (ជ) “រដ្ឋភាគី ត្រូវប្រកាន់យកវិធានការសមស្របទាំងអស់ ដើម្បីបំបាត់ការរើសអើងប្រឆាំងនឹងស្រ្តីភេទនៅជនបទ...ហើយជាពិសេស ត្រូវធានាថា ស្រ្តីទាំងនោះមានសិទ្ធិ.... ទទួលបានលក្ខខណ្ឌរស់នៅសមរម្យ ជាពិសេស ពាក់ព័ន្ធនឹងលំនៅឋាន អនាម័យ អគ្គិសនី និងការផ្គត់ផ្គង់ទឹកស្អាត ការដឹកជញ្ជូន និងការទំនាក់ទំនង ។”
មាត្រា១៦.១ (ជ)៖ រដ្ឋភាគី ត្រូវចាត់វិធានការសមស្របទាំងអស់ ដើម្បីបំបាត់ការរើសអើងប្រឆាំងនឹងស្រ្តី លើរាល់បញ្ហាដែលទាក់ទងអាពាហ៍ពិពាហ៍ និងទំនាក់ទំនងគ្រួសារ ហើយជាពិសេស ដោយឈរលើគោលការណ៍ស្មើភាពគ្នារវាងបុរសនិងស្រ្តី.... ភាពស្មើគ្នារបស់សហព័ទ្ធលើសិទ្ធិកម្មសិទ្ធិ ការចាត់ចែង ការគ្រប់គ្រង ការប្រើប្រាស់ និងចាត់ចែងទ្រព្យសម្បត្តិ ទោះជាដោយឥតគិតថ្លៃ ឬដោយគិតជាតម្លៃតបស្នងក្តី។”
ការគ្រប់គ្រងដីធ្លីសម្រាប់ស្ត្រីនិងបុរស៖ សេចក្តីណែនាំបច្ចេកទេស សម្រាប់គាំទ្រលើសមិទ្ធិផលនៃអភិបាលកិច្ច សមភាពយេនឌ័រប្រកបដោយការទទួលខុសត្រូវ លើសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី ផ្តោតលើសមភាព និងលើរបៀបកាន់កាប់ដីធ្លី អាចត្រូវបានគ្រប់គ្រងតាមវិធីដែលដោះស្រាយសេចក្តីត្រូវការនិងអទិភាពផ្សេងៗគ្នារបស់ស្រ្តីនិងបុរស។ សេចក្តីណែនាំនេះ ផ្តល់ការណែនាំអំពីយន្តការ យុទ្ធសាស្រ្ត និងវិធានការ ដែលអាចត្រូវបានអនុម័តដើម្បីពង្រឹងសមភាពយេនឌ័រក្នុងដំណើរការទាំងនេះ ស្ថាប័ន និងសកម្មភាពនៃអភិបាលកិច្ចសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី។ ដើម្បីទាញយកសេចក្តីណែនាំជាភាសាខ្មែរ/អង់គ្លេស។
សេចក្តីបរិយាយដទៃទៀត ស្តីពីសិទ្ធិមានលំនៅឋានសមរម្យ មាននៅទីនេះ។
សូមអានច្បាប់ភូមិបាលនៅទីនេះ។