សេចក្តីសង្ខេប
ការិយាល័យ OHCHR តាមរយៈអង្គភាពសិទ្ធិសេដ្ឋកិច្ចនិងសង្គមកិច្ចធ្វើការជាមួយភាគីពាក់ព័ន្ធនានាដើម្បីឃ្លាំមើល លើកកម្ពស់ និងអនុវត្តសិទ្ធិមានលំនៅឋានសមរម្យ និងកម្រិត ជីវភាពរស់នៅសមរម្យ ទប់ស្កាត់ការបណ្តេញចេញដោយបង្ខំ និង ទទួលស្គាល់នូវសុវត្ថិភាពនៃការកាន់កាប់។ តាមរយះការងារឃ្លាំមើល និងដោយសហការ ជាមួយអង្គភាពដទៃទៀត របស់ការិយាល័យOHCHR មានអង្គភាពសង្គមស៊ីវិលនិងសេរីភាពជាមូលដ្ឋាន និងអង្គភាពនិតិរដ្ឋ អង្គភាពនេះបានធ្វើការ អន្តរាគមន៍ផ្សេងៗពាក់ព័ន្ធនឹងការគំរាមកំហែង ការយាយី និងការដាក់ជាទោសព្រហ្មទណ្ឌនូវការទាមទារសិទ្ធិដីធ្លី និងសិទ្ធិមានលំនៅឋានរបស់សហគមន៍ និងបុគ្គល ក៏ដូចជាអ្នកការពារសិទ្ធិមនុស្សដទៃទៀត។ សកម្មភាពរបស់អង្គភាព សិទ្ឋិសេដ្ឋកិច្ចនិងសង្គមកិច្ចនេះដំណើរការទៅក្នុងបរិបទជម្លោះដីធ្លីដ៏រ៉ាំរ៉ៃកំពុងបន្តកើតឡើង និងរីករាលដាល ការរំលោភដីធ្លីជាបន្តបន្ទាប់ដោយបុគ្គលឬក្រុមអ្នកមានអំណាច ការផ្តល់ ដីសម្បទានសេដ្ឋកិច្ច(ELCs)សម្រាប់គោលដៅចម្បងលើកសិឧស្សាហកម្ម ការស្រាវជ្រាវរុករករ៉ែនិងប្រេង/ហ្គាស ការអភិវឌ្ឍន៍ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និង ការផលិតថាមពល ជាលក្ខណៈឧស្សាហកម្ម (ឧ. ទំនប់វ៉ារីអគ្គីសនី) និងការអភិវឌ្ឍន៍ទីក្រុងយ៉ាងលឿននិងកាន់តែប្រកបដោយគុណភាព។
អង្គភាពសិទ្ធិសេដ្ឋកិច្ចនិងសង្គមកិច្ច ធ្វើការសហការជាមួយរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ក្រុមហ៊ុនឯកជន សហគមន៍ ទីភ្នាក់ងារសហប្រជាជាតិ និង តួអង្គអភិវឌ្ឍន៍ពហុភាគី និងទ្វេភាគីនានា ដើម្បីពង្រឹងនូវក្របខ័ណ្ឌច្បាប់ជាតិដែលការពារសិទ្ធិ ដីធ្លីនិងសិទ្ធិមានលំនៅឋាន និងលើកកម្ពស់ការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាពនិងស្មើភាពគ្នា។ អង្គភាពនេះធ្វើការដោយផ្អែកលើមូលដ្ឋាននៃបទដ្ឋានអន្តរជាតិទាំងឡាយដែលមានចែងពីសិទ្ធិខាងដីធ្លីនិងលំនៅឋានសមរម្យរបស់ប្រជាពលរដ្ឋ ភារកិច្ចរបស់រដ្ឋាភិបាលក្នុងការបំពេញ សិទ្ធិនានា រួមទាំងសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិនានាដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័ន និងការទទួលខុសត្រូវរបស់សហគ្រាសពាណិជ្ជកម្មក្នុងការទប់ស្កាត់និងដោះស្រាយ រាល់ការរំលោភបំពាន សិទ្ធិមនុស្ស។
កិច្ចការនាពេលបច្ចុប្បន្នដែលអង្គភាពនេះផ្តោតលើមាន៖
• ការទប់ស្កាត់ការបណ្តេញចេញដោយបង្ខំ និងការលើកកម្ពស់សិទ្ធិមានលំនៅឋានសមរម្យ
• ការឃ្លាំមើលបញ្ហានៃការតាំងលំនៅថ្មី និងការផ្លាស់ប្តូរទីលំនៅថ្មី
• ការវិភាគលើ ច្បាប់ ថ្មីៗ និងកំពុងស្ថិតក្នុងដំណើរការរៀបចំ ដើម្បីឲ្យច្បាប់ទាំងនេះអនុលោមតាមនិយាមសិទ្ធមនុស្សដែលមានវិសាលភាពគ្របដណ្តប់លើសិទ្ធិដីធ្លីនិងលំនៅឋាន
• ការងារគាំទ្រការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច និងការដាក់ពាក្យសុំចុះបញ្ជីបណ័្ណកម្មសិទ្ធិដីសមូហភាព
• ការឃ្លាំមើលបញ្ហានៃការរំលោភ ដីធ្លី និងដំណើរការដោះស្រាយវិវាទដីធ្លី ព្រមទាំងការសម្របសម្រួលកិច្ចសន្ទនារកដំណោះស្រាយ
• លើកកម្ពស់ទម្លាប់អនុវត្តធុរកិច្ចប្រកបដោយការទទួលខុសត្រូវ និងដំណោះស្រាយចំពោះការរំលោភបំពានសិទ្ធិមនុស្ស។
សេចក្តីសង្ខេបអំពីសកម្មភាពប្រចាំឆ្នាំរបស់កម្មវិធីសិទ្ធិសេដ្ឋកិច្ច និងសង្គមកិច្ច អាចរកបាននៅក្នុងរបាយការណ៍ ប្រចាំឆ្នាំរបស់ OHCHR ប្រចាំប្រទេសកម្ពុជា។