អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត នឹងបំពេញទស្សនកិច្ចលើកទីបួនរបស់អ្នកស្រីមកកាន់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ដើម្បីពិនិត្យមើលសិទ្ធិកុមារ និងស្ថានភាពសិទិ្ធមនុស្សទូទៅ។
“ អ្នកស្រីបានកត់សម្គាល់ថា “នៅក្នុងដំណើរបេសកកម្មរបស់ខ្ញុំលើកនេះ ខ្ញុំនឹងផ្តោតលើសិទ្ធិកុមារដែលជាផ្នែកមួយនៃការងារដែលខ្ញុំកំពុងធ្វើលើវិស័យនៃការរើសអើង និងក្រុមដែលងាយរងគ្រោះ”។
“ខ្ញុំមានបំណងស្វែងយល់ជាពិសេសអំពីការជួញដូរ និងកេងប្រវ័ញ្ចលើកុមារ រួមទាំង គោលជំហរក្នុងការមើលថែកុមារ។
នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរយៈពេល ១០ ថ្ងៃរបស់អ្នកស្រី អ្នកជំនាញការរូបនេះនឹងជួបប្រជុំជាមួយក្រុម និងមន្រ្តីជាច្រើន រួមមាន សមាជិកជាន់ខ្ពស់នៃរាជរដ្ឋាភិបាល តំណាងសង្គមស៊ីវិល និងសមាជិកនៃសហគមន៍ការទូត។
អ្នករាយការណ៍ពិសេស អ.ស.ប ធ្វើទស្សនកិច្ចជាទៀងទាត់មកកាន់ប្រទេសកម្ពុជា និងធ្វើរបាយការណ៍ប្រចាំឆ្នាំ ទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលក្រុមប្រឹក្សានេះបានតែងតាំងអ្នកស្រីនៅក្នុងខែមីនាឆ្នាំ២០១៥។ អ្នកស្រីនឹងបង្ហាញរបាយការណ៍បន្ទាប់របស់អ្នកស្រីទៅក្រុមប្រឹក្សានេះនៅក្នុងខែកញ្ញា ឆ្នាំ២០១៧ ចំណែកឯរបាយការណ៍ស្តីពីបេសកកម្មលើកនេះ នឹងត្រូវបង្ហាញនៅខែកញ្ញា ឆ្នាំ២០១៨។
អ្នករាយការណ៍ពិសេសនឹងធ្វើសន្និសីទសារព័ត៌មាន ដើម្បីពិភាក្សាអំពីការរកឃើញជំហ៊ានដំបូងនៃដំណើរទស្សនកិច្ចរបស់អ្នកស្រី នៅថ្ងៃសុក្រ ទី១៨ ខែសីហា នៅវេលាម៉ោង១៥:០០ ម៉ោងក្នុងស្រុក នៅការិយាល័យសិទ្ធិមនុស្ស អ.ស.ប (ការិយាល័យ OHCHR) ដែលមានអសយដ្ឋានផ្ទះលេខ៤ ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ
ខណ្ឌចំការមន រាជធានីភ្នំពេញ។ សន្និសីទកាសែតនេះ អនុញ្ញាតឲ្យចូលសម្រាប់តែអ្នកសារព័ត៌មានប៉ុណ្ណោះ។
សូមមើល សេចក្តីប្រកាសព័ត៌មាន ជាភាសាអង់គ្លេស និងភាសាខ្មែរ។