ទីក្រុងហ្សឺណែវ (ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២) – ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិជំរុញឱ្យអាជ្ញាធរកម្ពុជាផ្អាកផែនការអនុវត្តអនុក្រឹត្យទាក់ទិននឹងការគ្រប់គ្រងការតាមដានទិន្នន័យរបស់អ្នកប្រើប្រាស់ ដោយហេតុថាអនុក្រឹត្យនេះមានការរឹតត្បិត ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិឯកជន និងសេរីភាពបែបប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។
អ្នកជំនាញលើកឡើងថា អនុក្រឹត្យដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃទី១៦ ខែកុម្ភៈ នឹងជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរលើសេរីភាពប្រព័ន្ធអ៊ីនធឺណិត អ្នកការពារសិទ្ធិមនុស្ស និងសង្គមស៊ីវិលនៅក្នុងប្រទេស ដែលនឹងធ្វើឱ្យលំហស៊ីវិលដែលលក្ខណៈរឹតត្បិតរួចទៅហើយកាន់តែរួមតូចទៅ។ អនុក្រឹត្យនេះអនុញ្ញាតឱ្យរដ្ឋាភិបាលកម្ពុជាអាចតាមដានសកម្មភាពលើប្រព័ន្ធអ៊ីធឺណិត ស្កាត់ចាប់យក និងត្រួតពិនិត្យការប្រាស្រ័យទាក់ទងតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងប្រមូល រក្សាទុក និងចែករំលែកព័ត៌មានបុគ្គលរបស់អ្នកប្រើប្រាស់នីមួយៗ។
អ្នកជំនាញបានមានប្រសាសន៍បន្ថែមថា “អនុក្រឹត្យដែលមានលក្ខណៈរឹតត្បិតនេះអាចនឹងមានផលប៉ះពាល់យ៉ាងអាក្រក់លើសិទ្ធិឯកជនភាព និងបង្កើតបានជាហានិភ័យគ្រោះថ្នាក់មួយប្រសិនបើព័ត៌មានទាំងនោះត្រូវបានគេប្រើខុស។”
អនុក្រឹត្យនេះផ្តល់អំណាចលើសលុបដល់ប្រតិបត្តិករច្រកទ្វារអ៊ីនធឺណិតជាតិក្នុងការតាមដានគេហទំព័រដែលមនុស្សទូទៅចូលមើល ក៏ដូចជាបណ្តុំទិន្នន័យលម្អិតទាក់ទងនឹងរាល់ការចូលមើលគេហទំព័រ។ អនុក្រឹត្យនេះក៏នឹងអនុញ្ញាតឱ្យអាជ្ញាធរអាចបិទការចូលប្រើអ៊ីនធឺណិត ឬបិទគេហ ទំព័រ ឬដែនអ៊ិនធឺណិតជាក់លាក់ណាមួយតាមអំពើចិត្ត។
អ្នកជំនាញបន្ថែមថា “ដោយពិភពលោកបានធ្វើការវិវត្តន៍ទៅពឹងផ្អែកលើការប្រើប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតជាមធ្យោបាយចម្បងក្នុងការប្រាស្រ័យទាក់ទងគ្នា ការចែករំលែកព័ត៌មាន និងភ្ជាប់បណ្តាញគ្នា ស្ថាប័នដែលគ្រប់គ្រងអ៊ីនធឺណិតមានលទ្ធភាពគ្រប់គ្រងទិដ្ឋភាពភាគច្រើននៃសង្គមយ៉ាងមានប្រសិទ្ធភាព។
អ្នកជំនាញអះអាងថា អនុក្រឹត្យដែលស្ថិតក្នុងទម្រង់បច្ចុប្បន្នធ្វើទៅហួសពីការរឹតត្បិតដែលត្រូវបានអនុញ្ញាតក្នុងការកម្រិតសេរីភាពនៃការបញ្ចេញមតិ ដែលមានចែងក្នុងមាត្រា ១៧ និង ១៩ (៣) នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលជាសន្ធិសញ្ញាសិទ្ធិមនុស្សដ៏សំខាន់មួយដែលកម្ពុជាជាភាគី។ អ្នកជំនាញស្នើឱ្យអាជ្ញាធរកម្ពុជាផ្អាកការអនុវត្ត និងធ្វើការជាមួយយន្តការសិទ្ធិមនុស្សអន្តរជាតិ និងក្រុមភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំប្រទេស ដើម្បីធ្វើឱ្យអនុក្រឹត្យនេះស្របទៅនឹងកិច្ចការពារសិទ្ធិមនុស្ស។
អ្នកជំនាញលើកឡើងទៀតថា “ដើម្បីបញ្ជាក់ភាពត្រឹមត្រូវតាមផ្លូវច្បាប់ ការរឹតត្បិតសេរីបុគ្គលបែបនេះទាមទារឱ្យអនុលោមតាមការកម្រិតយ៉ាងតឹងរឹងតាមផ្លូវច្បាប់ មានភាពចាំបាច់ និងមានសមាមាត្រ រួមទាំងបញ្ហាសន្តិសុខជាតិ ឬសីលធម៌សាធារណៈផងដែរ។ មើលទៅហាក់ដូចជាលំបាកខ្លាំងណាស់ក្នុងការស្រមៃមើលថាតើយុត្តិកម្មផ្លូវច្បាប់យ៉ាងតឹងតែងបែបនេះអាចអនុវត្តបាននៅក្នុងករណីអនុក្រឹត្យនេះដោយរបៀបណា”។
កាលពីឆ្នាំមុន ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិបានផ្ញើលិខិតមួយច្បាប់ជូនដល់អាជ្ញាធរកម្ពុជា ដោយបានស្នើកុំឱ្យបន្តអនុវត្តអនុក្រឹត្យនេះ រហូតដល់ការការពារសិទ្ធិមនុស្សយ៉ាងហ្មត់ចត់ត្រូវបានការអនុវត្តជាមុន។
អ្នកជំនាញលើកឡើងថា "ការបើកឱ្យមានការត្រួតត្រាយ៉ាងទូលំទូលាយបែបនេះអាចបណ្តាលឱ្យ មានដំណើរថយក្រោយនៃការការពារ និងការធានាសិទ្ធិមនុស្សយ៉ាងច្រើន ដែលសម្រេចបានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ហើយនៅពេលដែលមានការផ្តល់សិទ្ធិអំណាចទូលំទូលាយដែលជាការរឹតត្បិតសិទ្ធិបែបនេះ វានឹងពិបាកក្នុងការគ្រប់គ្រងម្តងទៀត។"
ចប់
អ្នកជំនាញ៖ លោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសស្តិពីស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា(Special Rapporteur on the situation of human rights in Cambodia), លោកស្រី Irene Khan អ្នករាយការណ៍ពិសេសស្តីពីការលើកកម្ពស់ និងការការពារសិទ្ធិក្នុងការមានមតិ និងបញ្ចេញមតិ(Special Rapporteur on the promotion and protection of the right to freedom of opinion and expression), លោកស្រី Mary Lawlor អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស (Special Rapporteur on the situation of human rights defenders)
អ្នករាយការណ៍ពិសេស គឺជាផ្នែកមួយដែលត្រូវបានគេស្គាល់ថាជានីតិវិធីពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស។ នីតិវិធីពិសេស ជាស្ថាប័នធំជាងគេរបស់អ្នកជំនាញឯករាជ្យនៅក្នុងប្រព័ន្ធសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិ គឺជាឈ្មោះទូទៅនៃយន្តការស្វែងរកការពិត និងការត្រួតពិនិត្យឯករាជ្យរបស់ក្រុមប្រឹក្សា ដែលដោះស្រាយស្ថានភាពជាក់លាក់របស់ប្រទេសណាមួយ ឬបញ្ហាប្រធានបទនៅគ្រប់ផ្នែកនៃពិភពលោក។ អ្នកជំនាញ នៃនីតិវិធីពិសេសធ្វើការលើមូលដ្ឋានស្ម័គ្រចិត្ត។ ពួកគេមិនមែនជាបុគ្គលិករបស់អង្គការសហប្រជាជាតិ ហើយមិនទទួលបានប្រាក់បៀវត្សន៍សម្រាប់ការងាររបស់ពួកគេទេ។ ពួកគេជាអ្នកឯករាជ្យមកពីរដ្ឋាភិបាល ឬអង្គការណាមួយ ហើយធ្ចើការតាមសមត្ថភាពរៀងៗខ្លួនរបស់ពួកគេ។
សម្រាប់ព័ត៌មាន ឬស្នើការផ្សព្វផ្សាយបន្ថែម សូមទាក់ទង Amanda Fisher តាមរយៈលេខទូរសព្ទ +855 17 875 592 ឬតាមសារអេឡិចត្រូនិកៈ Fisher4@un.org ឬ Emily Walker (+41 22 917 4121 / emily.walker@un.org)
សម្រាប់ការស្នើការផ្សព្វផ្សាយស្តីពីអ្នកជំនាញឯករាជ្យនៃអង្គការសហប្រជាតិ សូមទាក់ទង Jeremy Laurence តាមរយៈទូរសព្ទ +41 22 917 7578 ឬតាមសារអេឡិចត្រូនិក jlaurence@ohchr.org
តាមដានព័ត៌មានពាក់ព័ន្ធអ្នកជំនាញឯករាជ្យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នៅលើ Twitter@UN_SPExperts
តើអ្នកមានការព្រួយបារម្ភអំពីពិភពលោកដែលយើងកំពុងរស់នៅដែរទេ?
ដូច្នេះ ក្រោកឈរឡើងនៅថ្ងៃនេះ ដើម្បីសិទ្ធិរបស់យើង
#Standup4humanrights
ចូលទៅកាន់គេហទំព័រ http://www.standup4humanrights.org