ទីក្រុងហ្ស៊ឺណែវ (៤ កញ្ញា ២០១៧) - ខ្ញុំមានកង្វល់យ៉ាងខ្លាំងចំពោះការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងកម្ពុជា គឺ លោក កឹម សុខា ដែលទំនងជាត្រូវបានអនុវត្តដោយមិនមានការគោរពចំពោះការធានាតាមនីតិវិធីត្រឹមត្រូវ រាប់ទាំងការមិនគោរពចំពោះអភ័យឯកសិទ្ធិសភារបស់លោក។
លោកត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ ដែលទោសនេះមានរយៈពេលជាប់ពន្ធនាគារចាប់ពី ១៥ ឆ្នាំ ទៅ ៣០ ឆ្នាំ ដោយផ្អែកលើខ្សែវីដេអូនៃសុន្ទរកថាមួយដែលលោកបានធ្វើនៅក្នុងឆ្នាំ២០១៣ និងដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈតាំងពីពេលនោះមក។ ខ្ញុំក៏មានការកង្វល់ផងដែរថាសេចក្តីថ្លែងការណ៍ជាសាធារណៈជាច្រើន ដោយលោកនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់មួយចំនួន អំពីពិរុទ្ធភាពដែលអាចមានរបស់ លោក សុខា បំពានលើការសន្មត់ជាមុនថាគ្មានទោស និងសិទ្ធិទទួលបានការជំនុំជម្រះប្រកបដោយយុត្តិធម៌ ដែលគាត់មានសិទ្ធិទទួលបានក្រោមច្បាប់សិទិ្ធមនុស្សកម្ពុជា និងអន្តរជាតិ។
ការចាប់ខ្លួនរបស់លោក សុខា គឺជារឿងគួរអោយព្រួយបារម្ភថែមទៀត ព្រោះថាការចាប់ខ្លួននេះ កើតមាននៅចំពេលមានវិធានការថ្មីៗជាច្រើនទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា។ វិធានការទាំងនេះបាននាំឲ្យមានការបិទអង្គការមិនមែនរដ្ឋាភិបាលបរទេសមួយ ហើយបានមានគោលដៅទៅលើក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយនានា ដែលរួមមានស្ថានីយ៍វិទ្យុជាច្រើន និងកាសែតឯករាជ្យដ៏ធំមួយដែលចុះផ្សាយជាភាសាអង់គ្លេស គឺ កាសែតឌឹខេមបូឌាដេលី ដែលពេលនេះត្រូវបានបង្ខំឲ្យបញ្ឈប់ការបោះពុម្ព បន្ទាប់ពីកាសែតនេះបានប្រតិបត្តិការអស់រយៈពេល ២៤ ឆ្នាំ មកហើយ។ សូមអានសេចក្តីថ្លែងការណ៍របស់លោកជាភាសាអង់គ្លេស និងភាសាខ្មែរ។