សេចក្តីសម្រេចថ្មីស្តីពី “សេវាប្រឹក្សាយោបល់ និងជំនួយបច្ចេកទេសសម្រាប់ប្រទេសកម្ពុជា” ត្រូវបានអនុម័តដោយឯកច្ឆន្ទ ដោយក្រុមប្រឹក្សាសិទ្ធិមនុស្ស កាលពីថ្ងៃសុក្រទី ២៩ ខែកញ្ញា ឆ្នាំ ២០១៧ បន្ទាប់ពីមានការជជែកពិភាក្សាដេញដោលមួយចំនួនលើខ្លឹមសារអត្ថបទ និងការបោះឆ្នោតលើការធ្វើវិសោធនកម្មដែលបានស្នើឡើង។ សូមមើលវីដេអូអំពីដំណើរការនីតិវិធីនានានៅទីនេះ។ អត្ថបទនៃសេចក្តីសម្រេចចិត្តនេះ ដែលនៅទីបំផុតត្រូវបានអនុម័តដោយមតិឯកច្ឆន្ទ ហើយអាចរកបាននៅទីនេះ។ នៅក្នុងសេចក្តីសម្រេចនេះ ក្រុមប្រឹក្សាសិទ្ធិមនុស្សបានបន្តអាណត្តិរបស់អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្ស រយៈពេល ពីរ ឆ្នាំ ទៀត ហើយបានស្នើសុំឲ្យអ្នកស្រីរាយការណ៍ជូនក្រុមប្រឹក្សានៅខែកញ្ញា ឆ្នាំ ២០១៨ និង ខែកញ្ញា ឆ្នាំ ២០១៩។ ក្រុមប្រឹក្សាសិទ្ធិមនុស្ស ក៏បានស្នើសុំផងដែរឲ្យអគ្គលេខាធិការ ធ្វើសេចក្តីរាយការណ៍ដល់ខ្លូនអំពីតួនាទី និងសមិទ្ធិផលរបស់ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅកម្ពុជា នៅខែមីនាឆ្នាំ ២០១៨ និងខែកញ្ញា ឆ្នាំ ២០១៩។
សេចក្តីសម្រេចនេះគ្របដណ្តប់លើបញ្ហាជាច្រើន។ ទាក់ទងនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ក្រុមប្រឹក្សាស្វាគមន៍ចំពោះដំណើរវិវឌ្ឍន៍របស់តុលាការនេះ ប៉ុន្តែក៏សម្តែងនូវកង្វល់ជាបន្តបន្ទាប់អំពីស្ថានភាពហិរញ្ញវត្ថុ ហើយអំពាវនាវឲ្យមានការផ្ទេរចំណេះដឹង និងទម្លាប់អនុវត្តន៍ល្អប្រពៃដល់តុលាការក្នុងស្រុក។ ពាក់ព័ន្ធនឹងនីតិរដ្ឋ ការប្រយុទ្ធប្រឆាំងនឹងនិទណ្ឌភាព និងពាក់ព័ន្ធប្រព័ន្ធតុលាការ ក្រុមប្រឹក្សាអះអាងជាថ្មីម្តងទៀតនូវសេចក្តីត្រូវការក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹង និងគោរពតាមនីតិរដ្ឋ និងជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែងបន្តនូវកំណែទម្រង់ប្រព័ន្ធតុលាការ រាប់ទាំងតាមរយៈ ការអនុវត្តប្រកបដោយយុត្តិធម៌ ប្រសិទ្ធភាព និងតម្លាភាព បន្ថែមទៀត នូវច្បាប់គ្រឹះចំនួន៣ ស្តីពីប្រព័ន្ធតុលាការ។ ក្រុមប្រឹក្សា សង្កត់ធ្ងន់លើតម្រូវការចាំបាច់សម្រាប់កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីស៊ើបអង្កេតបន្ទាន់ និងកាត់ទោសឧក្រិដ្ឋកម្មធ្ងន់ធ្ងរ រាប់ទាំងការរំលោភសិទិ្ធមនុស្ស និងសម្តែងនូវកង្វល់យ៉ាងជ្រាលជ្រៅចំពោះការស្លាប់របស់លោក កែម ឡី និងផលប៉ះពាល់ដែលគួរឲ្យភ័ខ្លាចដល់សង្គមស៊ីវិលនិងសម្លេងឯករាជ្យនៅកម្ពុជា។ ក្រុមប្រឹក្សាអំពាវនាវឲ្យមានការស៊ើបអង្កេតពេញលេញ និងមានតម្លាភាព នៅក្នុងករណីទាំងនោះ ហើយសង្កត់ធ្ងន់លើសារៈសំខាន់នៃដំណើរការតុលាការឯករាជ្យពេញលេញមួយ។
ក្រុមប្រឹក្សា កត់សម្គាល់ និងស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងទាក់ទងនឹងអំពើពុករលួយ ការជួញដូរ និងធ្វើអាជីវកម្មលើស្ត្រី និងកុមារ ហើយលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងពង្រឹងលើបញ្ហាយែនឌ័ រនិងសមភាពយេនឌ័រ។ ចំពោះបញ្ហាដីធ្លី ក្រុមប្រឹក្សាសំដៅលើឧបសគ្គជាក់លាក់ដែលស្រ្តី និងក្រុមងាយរងគ្រោះជួបប្រទះក្នុងការទទួលបានកម្មសិទ្ធិ និងសិទ្ធិដីធ្លី កត់សម្គាល់ពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាដីធ្លី ហើយជម្រុញឲ្យអាជ្ញាធរដោះស្រាយបញ្ហាដីធ្លីទាំងនេះប្រកបដោយសមធម៌ និងឲ្យបានឆាប់រហ័ស ដោយយុត្តិធម៌ និងបើកចំហ។
ក្រុមប្រឹក្សាក៏បានជម្រុញឲ្យរដ្ឋាភិបាលបន្តចាត់វិធានការដើម្បីបំពេញកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិរបស់ខ្លួនស្តីពីសិទ្ធិមនុស្ស និងជម្រុញឲ្យពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភ្នាក់ងារទាំងឡាយរបស់អង្គការសហប្រជាជាតិ រាប់ទាំង ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ផង តាមរយៈការបង្កើនកិច្ចសន្ទនា និងការអភិវឌ្ឍន៍នូវសកម្មភាពរួម។ ក្រុមប្រឹក្សាស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការសិទិ្ធមនុស្សកម្ពុជា និងជំរុញឲ្យបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ (NHRI) ស្របតាមគោលការណ៍ទីក្រុងប៉ារីសសម្រាប់ស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យ។
នៅក្នុងសេចក្តីសម្រេចចិត្តនេះ ក្រុមប្រឹក្សាក៏ស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងលើវស័យវិមជ្ឈការ និងវិសហមជ្ឈការ និងការរីកចម្រើននានា ហើយបង្ហាញនូវក្តីកង្វល់យ៉ាងធ្ងន់ធ្ងរចំពោះការធ្លាក់ចុះនាពេលថ្មីៗនេះ នូវបរិយាកាសពលរដ្ឋ និងនយោបាយនៅកម្ពុជា ដោយសារតែផលប៉ះពាល់គួរឲ្យភ័យរន្ធត់នៃការផ្តន្ទាទោសតាមផ្លូវតុលាការ និងសកម្មភាពដទៃទៀតប្រឆាំងនឹងសមាជិកគណបក្សនយោបាយ សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ។ ក្រុមប្រឹក្សាអំពាវនាវដល់គ្រប់ភាគីទាំងអស់ធ្វើការរួមគ្នាដើម្បីបន្ថយភាពតានតឹង។ ក្រុមប្រឹក្សាកត់សម្គាល់ដោយក្តីកង្វល់ថា ការធ្វើវិសោធនកម្មនៅឆ្នាំ ២០១៧ នេះ លើច្បាប់ស្តីពីគណបក្សនយោបាយ អាចបណ្តាលឲ្យមានការរឹតត្បិតដោយបំពានលើសកម្មភាពរបស់គណបក្សនយោបាយ និងក្រុមប្រឹក្សាលើកទឹកចិត្តដល់គ្រប់ភាគីទាំងអស់ ជួយលើកស្ទួយដំណើរការប្រជាធិបតេយ្យប្រកបដោយសន្តិវិធី និងការប្រកាន់ខ្ជាប់នូវប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស។ ក្រុមប្រឹក្សាអំពាវនាវឲ្យរដ្ឋាភិបាលធានាការពារអភ័យឯកសិទ្ធិសភា សម្រាប់គោលបំណងនេះហើយជម្រុញអាជ្ញាធរឲ្យចាត់វិធានការសមស្របដើម្បីលើកទឹកចិត្ត និងលើកកម្ពស់សង្គមស៊ីវិល រួមទាំង សហជីពឯករាជ្យ និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីដើរតួនាទីមួយលក្ខណៈស្ថាបនា។ ក្រុមប្រឹក្សាជម្រុញឲ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់បន្ថែមទៀតអំពីផលប្រយោជន៍ និងកង្វល់របស់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការអនុម័តនិង/ឬអនុវត្តច្បាប់ និងវិធានការនានា ដែលអាចប៉ះពាល់ដល់សកម្មភាពរបស់សង្គមស៊ីវិល ជាពិសេស ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល (LANGO) និងដើម្បីការពារ និងធានាសេរីភាពនៃការបញ្ចេញមតិ ការបង្កើតសមាគម និងការជួបប្រជុំដោយសន្តិភាព។
ក្រុមប្រឹក្សាជំរុញឲ្យរាជរដ្ឋាភិបាលបន្តចាត់វិធានការដើម្បីលើកស្ទួយសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដោយត្រូវការការពារសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងជំរុញឲ្យធានាថាច្បាប់ទាំងអស់ត្រូវបានបកស្រាយ និងអនុវត្តយ៉ាងម៉ត់ចត់ត្រឹមត្រូវ ដើម្បីលើកស្ទួយសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ស្របតាមនីតិរដ្ឋ។
ក្រុមប្រឹក្សា ស្នើឲ្យអគ្គលេខាធិការ ប្រព័ន្ធអង្គការសហប្រជាជាតិ សហគមន៍អន្តរជាតិរួមទាំងសង្គមស៊ីវិល បន្តការងាររបស់ខ្លួនជាមួយរដ្ឋាភិបាលក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងធានាការការពារ និងលើកស្ទួយសិទិ្ធមនុស្សនៅកម្ពុជាសម្រាប់ប្រជាពលរដ្ឋទាំងអស់ក្នុងប្រទេសកម្ពុជា រួមទាំង តាមរយៈជំនួយបច្ចេកទេស នៅក្នុងវិស័យ៖ សេចក្តីព្រាងច្បាប់ ការបង្កើតស្ថាប័នសិទ្ធិមនុស្សឯករាជ្យ ការកសាងសមត្ថភាពស្ថាប័នច្បាប់ រាប់ទាំង ប្រព័ន្ធយុត្តិធម៌ ការស៊ើបអង្កេតព្រហ្មទណ្ឌ និងការអនុវត្តច្បាប់ ការអនុវត្តនូវអនុសាសន៍របស់យន្តការពិនិត្យតាមកាលកំណត់ (UPR) ដែលកម្ពុជាបានទទួលយក និងជួយដល់ការវាយតម្លៃអំពីវឌ្ឍនភាពនៃបញ្ហាសិទិ្ធមនុស្ស។ សូមអានអត្ថបទទាំងស្រុងនៃសេចក្តីសម្រេចចិត្ត ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីនេះ។