2293
សេចក្តីថ្លែងការណ៍តាមវីដេអូ នៅទិវាសិទ្ធិមនុស្សឆ្នាំ២០១៥ របស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស
ហ្ស៊ឺណែវ (១០ ធ្នូ ២០១៥) - ក្នុងឱកាសទិវាសិទិ្ធមនុស្សឆ្នាំនេះ យើងចង់ឲ្យពិភពលោកឆ្លុះបញ្ចាំងពីអត្ថន័យនៃសេរីភាព។
សេរីភាពគឺជាឧត្តមគតិដែលគាំទ្រអ្វីដែលយើងទទួលស្គាល់នាពេលបច្ចុប្បន្ននេះថាជា នីតិសិទ្ធិមនុស្ស អន្តរជាតិ បទដ្ឋាន និងបទប្បញ្ញត្តិ ដែលការពារ និងធានាសិទ្ធិរបស់យើង។
ទិវាសិទ្ធិមនុស្សឆ្នាំ២០១៥នេះ ចាប់ផ្តើមយុទ្ធនាការរយៈពេលមួយឆ្នាំពេញ ដើម្បីប្រារព្ធខួបលើកទី៥០ នៃសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួនពីរដែលមានវ័យចំណាស់ជាងគេបំផុត គឺ កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៍។
ឯកសារទាំងពីរនេះ រួមជាមួយនឹងសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស បង្កើតបានជាច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដែលចែងរួមគ្នាអំពីសិទិ្ធពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលជាសិទ្ធិមានជាប់ពីកំណើតរបស់មនុស្សគ្រប់រូប។
សេរីភាពដែលចែងនៅក្នុងឯកសារទាំងនេះគឺមានលក្ខណៈជាសកល។ ឯកសារទាំងនេះអនុវត្តចំពោះមនុស្សគ្រប់រូប គ្រប់ទីកន្លែង។ ទម្លាប់អនុវត្តន៍ជាប្រពៃណី បទដ្ឋានវប្បធម៌ មិនអាចយកមកធ្វើជាយុត្តិកម្មក្នុងការដកហូតសេរីភាពទាំងនេះបានឡើយ។
សេរីភាពទាំងនេះក្តោបនូវសេរីភាពជាមូលដ្ឋាន រួចផុតពីភាពភ័យខ្លាច ទុគ៌តភាព សេរីភាពក្នុងការនិយាយស្តី និងសេរីភាពខាងការគិត សតិសម្បជញ្ញៈ និងសាសនា។
ពិភពលោកបានផ្លាស់ប្តូរចាប់ពីពេលមហាសន្និបាត អ.ស.ប បានអនុម័ត កតិកាសញ្ញាចំនួនពីរនៅឆ្នាំ១៩៦៦។ កតិកាសញ្ញាទាំងនោះ រួមនឹងសន្ធិសញ្ញាសិទ្ធិមនុស្សផ្សេងទៀត បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាឲ្យមានការគោរព និងការទទួលស្គាល់កាន់តែប្រសើរ ក្នុងអំឡុងពេលជ្រួលច្របល់ ប្រាំទស្សវត្សរ៍កន្លងទៅនេះ។
ជាការពិតណាស់ បញ្ហាប្រឈមជាច្រើននៅតែកើតមាននៅឡើយ។ អ្នកធ្វើសេចក្ដីព្រាងកតិកាសញ្ញា គ្រាន់តែមានគំនិតតិចតួចអំពីបញ្ហានានា ដូចជា ឯកជនភាពឌីជីថល វិធានការប្រឆាំងភេរវកម្ម និងការផ្លាស់ប្តូរអាកាសធាតុ ប៉ុន្តែការគោរពសេរីភាពនៅតែបន្តជាមូលដ្ឋានគ្រឹះសម្រាប់សន្តិភាព សន្តិសុខ និងកិច្ចអភិវឌ្ឍ សម្រាប់ជនគ្រប់រូប។
ដោយយើងត្រូវប្រារព្ធអបអរសេរីភាព ដូច្នះសូមចូលរួមជាមួយយើង និងជួយផ្សព្វផ្សាយសារនេះទៅកាន់ពិភពលោកថា សិទ្ធិរបស់យើង សេរីភាពរបស់យើងគឺមិនអាចលក់ ដូរ ផ្ទេរ ឬដកហូតបាន និងមានជាប់ពីកំណើតមក ចាប់ពីពេលនេះតទៅ និងជានិច្ចនិរន្តរ៍។