ហ្ស៊ឺណែវ (២៧ តុលា ២០១៦) - ដោយសម្តែងកង្វល់ខ្លាំងអំពីករណីរបស់សមាជិកសភាចំនួន ១៥ រូប មកពីគណបក្សសង្គ្រោះជាតិ (CNRP) ថា “បន្តប្រឈមការរំលោភបំពានធ្ងន់ធ្ងរលើសិទ្ធិជាមូលដ្ឋានរបស់ពួកគេ ហើយកំពុងត្រូវបានរារាំងដល់ការបំពេញតួនាទីរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ក្នុងនាមជាសមាជិកសភា និងជាសមាជិកគណបក្សប្រឆាំង ដោយសេរី គ្មានការភ័យខ្លាចការធ្វើទុក្ខបុកម្នេញ” សហភាពអន្តរសភា “បានកត់សម្គាល់ដោយប្លែកក្នុងចិត្តថា មិនមានការរីកចម្រើនណាមួយ បានធ្វើឡើងក្នុងការដោះស្រាយករណីរឿងក្តីទាំងនេះ ហើយថាស្ថានភាពនេះបានរីករាលដាលខ្លាំងឡើងថែមទៀត។” សភានេះ បានសម្រេចបន្តពិនិត្យលើករណីទាំងនេះ ដោយរួមបញ្ចូលទាំងករណីប្រឆាំងនឹងអ្នកស្រី មួរ សុខហួរ លោក ហុង សុខហួរ និងលោក សម រង្ស៊ី ផងដែរ។ នៅក្នុងសេចក្តីសម្រេចរបស់ខ្លួន IPU បានកត់សម្គាល់ថា គណៈកម្មាធិការរបស់ខ្លួនទទួលបន្ទុកសិទ្ធិមនុស្សរបស់សភា បានធ្វើការពិចារណាព័ត៌មានដែលរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងទៀត បានផ្តល់ឲ្យ។ IPU បានជំរុញដល់ “អាជ្ញាធរកម្ពុជាឲ្យធានាឲ្យបានពេញលេញនូវការគោរពសិទ្ធិមនុស្ស ហើយថាច្បាប់ត្រូវតែបានអនុវត្តដោយគ្មានការរើសអើង។ គណៈកម្មាធិការនេះបានកត់សម្គាល់ផងដែរថា “វាជាការសំខាន់ណាស់ដែលគណៈបក្សកាន់អំណាច និងគណៈបក្សប្រឆាំងបន្តកិច្ចសន្ទនានយោបាយ សំដៅបង្កើតបរិយាកាសនយោបាយមួយមានស្ថិរភាព ដែលក្នុងនោះមានលំហគ្រប់គ្រាន់សម្រាប់មតិមិនស្រប និងសម្រាប់ការអនុវត្តដោយសន្តិវិធីនូវសេរីភាពក្នុងការសម្តែងមតិ ការបង្កើតសមាគម និងសេរីភាពក្នុងការជួបប្រជុំដោយសន្តិវិធី” សូមអានសេចក្តីសម្រេចនេះទាំងស្រុងជាភាសាអង់គ្លេស និងខ្មែរ។