ទីក្រុងហ្សឺណែវ (២៤ សីហា ២០២១) – ក្រុមអ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប បានរិះគន់យ៉ាងខ្លាំងៗចំពោះអាជ្ញាធរកម្ពុជា ជុំវិញការផ្តន្ទាទោសអ្នកការពារសិទ្ធិមនុស្សដ៏លេចធ្លោមួយរូបគឺលោក រ៉ុង ឈុន ដែលត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារកាលពីសប្តាហ៍មុន រួមជាមួយនឹងអ្នកគាំទ្រគាត់ចំនួនពីររូបទៀត ចំពោះការអត្ថាធិប្បាយដែលគាត់បានធ្វើនៅលើហ្វេសប៊ុក ដែលអះអាងអំពីការបាត់បង់ដីសហគមន៍ និងការបណ្តេញចេញដោយបង្ខំនៅតាមបន្ទាត់ព្រំដែនកម្ពុជាវៀតណាម។
ក្រុមអ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប បានសរសេរម្តងហើយម្តងទៀត មករដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំមុន ដោយលើកឡើងនូវកង្វល់អំពីការគំរាមកំហែងប្រឆាំងនឹងអ្នកការពារសិទ្ធិមនុស្សចំនួន២៥ នាក់ ដែលត្រូវបានគេរាយការណ៍ថាបាននិងកំពុងទទួលរងការបំភិតបំភ័យ អំពើហិង្សា ឬការឃុំខ្លួន។ ក្រុមអ្នកជំនាញបានរិះគន់ដល់ការបដិសេធជាប្រព័ន្ធនូវពាក្យសុំនៅក្រៅឃុំ សូម្បីតែជាគោលការណ៍ ក្រោមច្បាប់កម្ពុជា ជនជាប់ចោទគួរតែមានសេរីភាព ក្នុងខណៈពេលរង់ចាំការជំនុំជម្រះ។ ការនេះរិតតែសំខាន់ថែមទៀត នៅពេលនេះ នៅពេលដែលប្រព័ន្ធពន្ធនាគារមានមនុស្សច្រើនចង្អៀតណែន ហើយមានជនជាប់ឃុំ និងអ្នកទោសរាប់រយនាក់បានធ្វើតេស្តិ៍វិជ្ជមានជំងឺកូវីដ-១៩ នេះបើតាមប្រសាសន៍របស់ក្រុមអ្នកជំនាញ។
ក្រុមអ្នកជំនាញ អ.ស.ប បានរំលឹកកម្ពុជាថា កម្ពុជាបានប្តេជ្ញាចិត្ត នាសម័យប្រជុំពិនិត្យរបាយការណ៍ជាសកលតាមកាលកំណត់ឆ្នាំ២០១៩ របស់ខ្លួន ដើម្បី “បញ្ចប់ការយាយីរំខាន និងការចាប់ខ្លួនអ្នកការពារសិទ្ធិមនុស្សដោយបំពាន” និង “ បង្កើតលក្ខខណ្ឌចាំបាច់ ដើម្បីអនុញ្ញាតឱ្យបុគ្គលទាំងអស់ ទទួលបានសិទ្ធិជាមូលដ្ឋាន ជាពិសេស សេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិចូលរួមជាសមាគម និងសិទ្ធិជួបប្រជុំដោយសន្តិវិធី”។
អានសេចក្តីប្រកាស់ព័ត៌មាននៅទីនេះ។