ទីក្រុងហ្សឺណែវ (ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២) – នៅថ្ងៃនេះ ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិបានមានប្រសាសន៍ថា ការចាប់ និងឃុំខ្លួនអ្នកដឹកនាំ និងសកម្មជនសហជីពកាស៊ីណូ យ៉ាងហោចណាស់ ២៩នាក់ ក្នុងអំឡុងពេលធ្វើកូដកម្មជាបន្តបន្ទាប់អាចជាការរំលោភបំពានលើច្បាប់សិទ្ធិមនុស្ស។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សឯករាជ្យបានមានប្រសាសន៍ថា៖ «ការចាប់ខ្លួនកូដករដែលភាគច្រើនជាស្រ្តី ជាច្រើនលើកទាំងនេះត្រូវបានធ្វើឡើងយ៉ាងហិង្សា និងមើលទៅជាការបំពានលើសេរីភាពក្នុងការបង្កើតសមាគម ការប្រមូលផ្តុំ និងការបញ្ចេញមតិ »។
“យើងខ្ញុំក៏សូមធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះរបៀបនៃការចាប់ខ្លួនករណីដំបូងៗ ដែលបានធ្វើឡើងនៅពេលយប់មុនឆ្លងចូលឆ្នាំថ្មី នៅពេលមានព្រឹត្តិការណ៍ជាច្រើនផ្សេងទៀតបានបង្វែរចំណាប់អារម្មណ៍សាធារណជន។ នេះអាចត្រូវបានគេមើលឃើញថា ជាមធ្យោបាយមិនសមរម្យមួយក្នុងការរឹតត្បិតសិទ្ធិមនុស្សជាមូលដ្ឋាន»។
ក្រុមអ្នកជំនាញបានអំពាវនាវឲ្យរាជរដ្ឋាភិបាលធ្វើការពន្យល់នូវសកម្មភាពឆ្លើយតបរបស់មន្រ្តីនគរបាល ហើយក៏បញ្ជាក់ថាពួកគាត់កំពុងតាមដានការវិវត្តន៍នេះយ៉ាងដិតដល់។
រហូតមកដល់ពេលនេះ មានមនុស្ស ៩នាក់ ក្នុងនោះស្រ្តី ៧នាក់ និងបុរស ២នាក់ ត្រូវបានចោទប្រកាន់ពីបទ “ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា ហើយកំពុងស្ថិតក្នុងការឃុំខ្លួន ខណៈអ្នកផ្សេងទៀតត្រូវបានដោះលែង។ បទប្បញ្ញត្តិដូចគ្នានេះក៏ត្រូវបានប្រើដើម្បីផ្តន្ទាទោសអ្នកការពារសិទ្ធិមនុស្សក្នុងប្រទេសផងដែរ។
ការចាប់ខ្លួនដំបូងនូវកូដករចំនួន ៩នាក់ ត្រូវបានធ្វើឡើងនៅវេលាម៉ោងប្រហែល ៨យប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ ការបន្តធ្វើកូដកម្មបាននាំឲ្យមានការចាប់ខ្លួនមនុស្សចំនួន ១៧ នាក់ផ្សេងទៀតនៅថ្ងៃទី៣ ខែមករា ខណៈដែលអ្នកដឹកនាំជាន់ខ្ពស់នៃសហជីពចំនួន ៣នាក់ផ្សេងទៀត រួមទាំងប្រធានសហជីពកញ្ញា ឈឹម ស៊ីថរ ត្រូវបានចាប់ខ្លួននៅកន្លែងផ្សេងគ្នានៅថ្ងៃទី៤ ខែមករា ពេលដែលពួកគាត់កំពុងធ្វើដំណើរទៅចូលរួមកូដកម្មដែលកំពុងតែបន្តប្រព្រឹត្តទៅ។ ខ្សែវីដេអូនៃការចាប់ខ្លួនបង្ហាញឲ្យឃើញថាមន្រ្តីនគរបាលបានប្រើប្រាស់ប្រើកម្លាំងលើសលុបក្នុងអំឡុងពេលចាប់ខ្លួននោះ។
អ្នកដឹកនាំ និងសកម្មជនសហជីពបានធ្វើកូដកម្មចាប់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ដើម្បីជាការតវ៉ានូវពួកគាត់ចាត់ទុកថាជាការបណ្តេញចេញពីការងារដោយអយុត្តិធម៌សម្រាប់បុគ្គលិកនិយោជិតចំនួន ៣៦៥នាក់ របស់កាស៊ីណូ និងរីសត ណាហ្គាវើលដ៍ បន្ទាប់ពីការចរចាមិនបានសម្រេចច្រើនលើកជាមួយនិយោជក ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអាជ្ញាធររាជធានីភ្នំពេញ។
ក្រុមអ្នកជំនាញបានលើកឡើងថា «គំរូ និងរបៀបនៃការចាប់ខ្លួនទាំងនេះ ដែលកើតឡើងបន្ទាប់ពីសកម្មភាពធ្វើកូដកម្មស្វែងរកដំណោះស្រាយការងារមិនអាចដោះស្រាយបានតាមពេលវេលាសមរម្យ បង្ហាញអំពីការបង្កើនកំដៅនៃការប្រើប្រាស់មធ្យោបាយដដែលៗ ដែលបានប្រើក្នុងករណីមុនៗនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយដែលបណ្តាលឲ្យមានការចាប់អ្នកការពារសិទ្ធិមនុស្សមួយចំនួនដាក់ពន្ធនាគារដោយមិនសមហេតុផល។»
រដ្ឋធម្មនុញ្ញកម្ពុជាចែងច្បាស់អំពីសិទ្ធិធ្វើកូដកម្ម និងសិទ្ធិសេរីភាពក្នុងការបង្កើតសមាគម ការបញ្ចេញមតិ ការប្រមូលផ្តុំដោយសន្តិវិធី សេរីភាពសារព័ត៌មាន និងបោះពុម្ពផ្សាយ ខណៈដែលមាត្រា ៣១៩ នៃច្បាប់ស្តីពីការងារកម្ពុជា បានធានានូវសិទ្ធិធ្វើកូដកម្ម។ លើសពីនេះទៅទៀត កាតព្វកិច្ចដែលមានចែងក្នុងសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ ដែលកម្ពុជាជាប្រទេសហត្ថលេខី ជាពិសេសកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) រួមមានការការពារសេរីភាពនៃការបញ្ចេញមតិ (មាត្រា ១៩) សិទ្ធិក្នុងការប្រមូលផ្តុំដោយសន្តិវិធី (មាត្រា ២១) និងសិទ្ធិសេរីភាពក្នុងការបង្កើតសមាគម (មាត្រា ២២)។ មាត្រាទាំងនេះគួរតែត្រូវបានគោរព និងការពារដោយអាជ្ញាធរកម្ពុជា។
អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជារបស់អង្គការសហប្រជាជាតិ លោកសាស្ត្រាចារ្យ វីធីត ម៉ាន់ត្រាផន ធ្លាប់បានលើកឡើងអំពីការរួមតូចនៃលំហពលរដ្ឋ និងនយោបាយនៅក្នុងប្រទេសនាពេលកន្លងមក។
ក្រុមអ្នកជំនាញបានលើកឡើងបែបនេះ «ការចោទប្រកាន់ និងការចាប់ខ្លួនថ្មីៗនេះបង្កឲ្យមានការព្រួយបារម្ភជាពិសេស នៅពេលដែលប្រទេសកម្ពុជាកំពុងត្រៀមរៀបចំការបោះឆ្នោតឃុំ សង្កាត់នៅឆ្នាំនេះ និងការបោះឆ្នោតជាតិនៅឆ្នាំក្រោយ។ ការធ្វើបែបនេះបញ្ចូនសារដ៏គួរឲ្យភ័យខ្លាចដល់ប្រជាជនខ្មែរអំពីលំហក្នុងការប្រមូលផ្តុំដោយសេរី។» ហើយក្រុមអ្នកជំនាញក៏ជំរុញឲ្យ មន្ត្រីទាំងឡាយគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះច្បាប់សិទ្ធិមនុស្សជាតិ និងអន្តរជាតិ និងផ្តល់តម្លាភាពឲ្យបានពេញលេញក្នុងដំណើរការនីតិវិធីនៃករណីទាំងអស់នេះ។
លើសពីនេះទៀត ក្រុមអ្នកជំនាញបានអំពាវនាវជាថ្មីម្តងទៀតឲ្យរាជរដ្ឋាភិបាលអនុវត្តនូវអនុសាសន៍ដែលខ្លួនបានទទួលយកក្នុងអំឡុងពេលនៃការត្រួតពិនិត្យឡើងវិញជាសកលតាមកាលកំណត់ នាឆ្នាំ ២០១៩ ដែលរួមបញ្ចូលទាំងការសន្យាដើម្បីបង្កើតលក្ខខណ្ឌដែល "សង្គមស៊ីវិល រួមទាំងអ្នកការពារសិទ្ធិមនុស្ស អាចបំពេញការងាររបស់ពួកគេដោយសេរី ដោយគ្មានការជ្រៀតជ្រែក ឬរារាំង"។
អ្នកជំនាញ ៖