ភ្នំពេញ (១៩ តុលា ២០១៦) – កាលពីល្ងាចមិញនេះ អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រីសាស្ត្រាចារ្យ រ៉ូណា ស្មីត បានមានប្រសាសន៍ថា “កម្ពុជា ក្នុងឆ្នាំ ២០១៦ នេះ គឺខុសគ្នាយ៉ាងខ្លាំងពីប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៩១”។ “ការរីកចម្រើន និងការអភិវឌ្ឍគួរឲ្យសាទរណាស់ ទោះជាយ៉ាងណា ក៏អាចមានទិដ្ឋភាពដែលមិនល្អឥតខ្ចោះនៃការរីកចម្រើន និងការអភិវឌ្ឍនោះដែរ។ ដល់ពេលវេលាដែលរដ្ឋាភិបាលត្រូវឈប់ស្តីបន្ទោសបញ្ហានានាដែលកើតមានក្នុងសតវត្សមុន សម្រាប់ស្ថានភាពបច្ចុប្បន្ននេះហើយ” អ្នកស្រីសាស្ត្រាចារ្យ ស្មីត បានមានប្រសាសន៍ដូច្នេះ ក្នុងសេចក្តីថ្លែងការណ៍មួយនៅសន្និសីទកាសែតបញ្ចប់បេសកកម្មរបស់អ្នកស្រី ដែលប្រារព្វធ្វើឡើងនៅការិយាល័យ OHCHR ក្នុងទីក្រុងភ្នំពេញ។ មានបញ្ហាជាច្រើនដែលបានលើកឡើងក្នុងអំឡុងពេលចុះតាមមូលដ្ឋាន និងកិច្ចប្រជុំនានារបស់អ្នកស្រីរយៈពេល ១០ ថ្ងៃ កន្លងមកនេះ សេចក្តីថ្លែងការណ៍បានបញ្ចូលនូវអនុសាសន៍នានាដល់រដ្ឋាភិបាលលើក្រុមងាយរងគ្រោះ សិទ្ធិដីធ្លី នីតិរដ្ឋ និងយុត្តិធម៌ កំណែទម្រង់ពន្ធនាគារ ការរៀបចំបោះឆ្តោត និងស្ថានភាពសិទ្ធិមនុស្សទូទៅក្នុងប្រទេស។
អ្នករាយការណ៍ពិសេសបានអះអាងជាថ្មីនូវ "ការសន្យារបស់អ្នកស្រី [ចំពោះរដ្ឋាភិបាល] ក្នុងការជួយជ្រោមជ្រែង តាមរយៈការផ្តល់មតិយោបល់ ការឃ្លាំមើល និងការរាយការណ៍ពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា"។ សូមអានសេចក្តីថ្លែងការណ៍ទាំងស្រុងរបស់អ្នកស្រីជាភាសាអង់គ្លេស និងជាភាសាខ្មែរ។