ភ្នំពេញ (០៩ សីហា ២០១៦) ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក ៩ សីហា ឆ្នាំនេះ នឹងប្រារព្ធឡើងដោយមានព្រឹត្តិការណ៍ពិសេសនៅជុំវិញពិភពលោក រួមទាំងនៅទីស្នាក់ការអង្គការសហប្រជាជាតិ និងនៅទីនេះ នៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្ត អបអរសារទរទិវានេះ ជាមួយនឹងសហគមន៍ជនជាតិដើមភាគតិចសួយ។ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នឹងត្រូវធ្វើជាធអធិបតីក្នុងពិធីនេះ នៅខេត្តកំពង់ស្ពឺ ដែលក្នុងនោះ មានតំណាងស្ថាប័នរដ្ឋ សង្គមស៊ីវិល សហគមន៍ជនជាតិដើមភាគតិច និងការិយាល័យ OHCHR ចូលរួមផងដែរ។
សហគមន៍ជនជាតិដើមភាគតិចផ្សេងទៀតនៅទូទាំងប្រទេសកម្ពុជា នឹងរៀបចំការប្រារព្ធពិធីនេះ ក្នុងនោះមាន ជនជាតិដើមភាគតិចព័រ នៅខេត្តបាត់ដំបង ជនជាតិព្នង និងព្រៅ នៅខេត្តស្ទឹងត្រែង ជនជាតិព្នង និងស្ទៀងនៅខេត្តក្រចេះ ជនជាតិគួយនៅខេត្តព្រះវិហារ ជនជាតិជង នៅក្នុងខេត្តកោះកុង ជនជាតិគួយនៅខេត្តកំពង់ធំ និងជនជាតិគ្រឹង ចារ៉ាយ កាចក់ ព្រៅ និងកាវ៉ែត នៅខេត្តរតនគិរី ជាដើម ។ល។ ការិយាល័យ OHCHR នឹងគាំទ្រដោយផ្ទាល់ក្នុងពិធីរបស់ជនជាតិដើមភាគតិចចំនួន ៨ សហគមន៍។
ប្រធានបទឆ្នាំនេះគឺ “ជនជាតិដើមភាគតិច និង សិទ្ធិទទួលបានការអប់រំ” មានបំណងលើកកម្ពស់ការយល់ដឹងអំពីការពិតដែលថា សព្វថ្ងៃនេះ ការធ្វើឲ្យប្រសើរឡើងដល់សិទ្ធិជនជាតិដើមភាគតិច ក្នុងការទទួលបានការអប់រំ ជាពិសេស ជាភាសាផ្ទាល់របស់ពួកគេ នៅតែជាបញ្ហាប្រឈមដ៏សំខាន់មួយ។ មាត្រា ១៤ នៃសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមភាគតិច(UNDRIP) ចែងថា: ១. ជនជាតិដើមភាគតិចមានសិទ្ធិបង្កើត និងគ្រប់គ្រងស្ថាប័ន និងប្រព័ន្ធអប់រំរបស់ខ្លួន ដោយផ្តល់ការអប់រំជាភាសារបស់ខ្លួនផ្ទាល់ ក្នុងលក្ខណៈសមស្របនឹងវិធីសាស្រ្ត តាមវប្បធម៌នៃការបង្រៀន និងការរៀនសូត្ររបស់ពួកគេ។ ២. បុគ្គលជាជនជាតិដើមភាគតិចគ្រប់រូប ជាពិសេសកុមារមានសិទ្ធិទទួលបានការអប់រំនៅគ្រប់កម្រិត និងគ្រប់រូបភាពនៃការអប់រំរបស់រដ្ឋ ដោយគ្មានការរើសអើងឡើយ។ ៣. រដ្ឋទាំងឡាយ ដោយសហការជាមួយជនជាតិដើមភាគតិចត្រូវចាត់វិធានការប្រកបដោយប្រសិទ្ធភាពដើម្បីឱ្យបុគ្គលជាជនជាតិដើមភាគតិច ជាពិសេសកុមារ រួមទាំងអ្នកដែលរស់នៅក្រៅសហគមន៍ផង មានសិទ្ធិទទួលបានការអប់រំទៅតាមវប្បធម៌ផ្ទាល់របស់ពួកគេ និងត្រូវផ្តល់ការអប់រំនោះ ជាភាសារបស់ពួកគេ ប្រសិនជាអាចធ្វើបាន។”
សម្រាប់ព័ត៌មានបន្ថែមស្តីពីសិទ្ធិជនជាតិដើមភាគតិច សូមចូលទៅកាន់វេបសាយរបស់ការិយាល័យ OHCHR
http://cambodia.ohchr.org/en/economic-social-rights/rights-indigenous-peoples