ភ្នំពេញ (០៦ ឧសភា ឆ្នាំ២០១៦) - ចាប់តាំងពីដើមឆ្នាំនេះ ការិយាល័យ OHCHR បានចាប់ផ្តើមធ្វើសហប្រតិបត្តិការជាមួយ ក្រសួងអភិវឌ្ឍន៍ជនបទ និងអាជ្ញាធរថ្នាក់ក្រោមជាតិ នៅខេត្តកោះកុង សម្រាប់ “ការចុះបញ្ជីអត្តសញ្ញាណរបស់ ជនជាតិដើមភាគតិច” នៃសហគមន៍ជនជាតិដើមភាគតិចចំនួនប្រាំបី នៅតំបន់អារ៉ែង ដែលជាដំណាក់កាលទីមួយនៃដំណាក់កាលទាំងបី ក្នុងដំណើរការចុះបញ្ជីដីកម្មសិទ្ធិសមូហភាព ជនជាតិដើមភាគតិច។ តាមរយៈបេសកកម្មរួមគ្នាមួយចំនួនទៅកាន់តំបន់នោះ ការិយាល័យ OHCHR បានកំពុងជួយក្រសួងនិងអាជ្ញាធរថ្នាក់ក្រោមជាតិ ក្នុងការបង្កើតនីតិវិធីសម្រាប់ការចុះបញ្ជី អត្តសញ្ញាណ ជនជាតិដើមភាគតិចព្រមទាំងការ សម្របសម្រួល បង្កើតនូវជំនឿទុកចិត្តរវាងជនជាតិដើមភាគតិច និងអាជ្ញាធរ និងការគាំទ្រធ្វើឲ្យជនជាតិដើមភាគតិច កាន់តែបានយល់ដឹងថែមទៀត អំពីសិទ្ធិរបស់ពួកគាត់។ ក្នុងអំឡុងពេលនៃបេសកកម្មចុងក្រោយ របស់ការិយាល័យនេះ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែឧសភាឆ្នាំ២០១៦ ភូមិទាំង ៨ បានបោះឆ្នោតជ្រើសតាំងតំណាងគណៈកម្មាធិការ សហគមន៍របស់ខ្លួន។ គេរំពឹងថាភូមិទាំងប្រាំបីនេះ នឹងទទួលបាន ការចុះបញ្ជីអត្តសញ្ញាណជនជាតិដើមភាគតិច របស់ខ្លួនជាមួយក្រសួង អភិវឌ្ឍន៍ជនបទនៅចុងឆ្នាំនេះ។ ការទទួលស្គាល់នេះនឹងផ្តល់លទ្ធភាពឱ្យពួកគាត់ ដើម្បីបន្តដំណើរការឈានទៅទទួលបាន ប័ណ្ណកម្មសិទ្ធិដីសមូហភាព របស់ពួកគាត់ និងធានាឲ្យកាន់តែមានសុវត្ថិភាព នូវសិទ្ធិ និងវប្បធម៌របស់ពួកគាត់ថែមទៀត។