3987
ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ – ដោយមានការព្រួយបារម្ភកាន់តែខ្លាំងឡើងពីសំណាក់សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា អំពីការរួមតូចនៃលំហពលរដ្ឋក្នុងប្រទេស ថ្ងៃនេះ ក្រុមការងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានសម្ពោធនូវគម្រោងមួយក្នុងគោលបំណងពង្រឹង និងទ្រទ្រង់លំហនេះឱ្យប្រសើរឡើង។
រដ្ឋាភិបាលអូស្រ្តាលី បានផ្តល់ហិរញ្ញប្បទានចំនួន ១ លានដុល្លារអូស្រ្តាលី (ប្រមាណជា ៧១៧.០០០ ដុល្លារសហរដ្ឋអាមេរិក) សម្រាប់ការអនុវត្តគម្រោង «ការកសាងឡើងវិញឱ្យកាន់តែប្រសើរឡើងតាមរយៈការចូលរួម - ពង្រឹង និងការពារលំហពលរដ្ឋ និងការចូលរួមរបស់ប្រជាពលរដ្ឋ» ដែលមានរយៈពេលពីរឆ្នាំ និងដើម្បីផ្តល់ការគាំទ្រជាបន្តបន្ទាប់ដល់អ្នកការពារសិទ្ធិមនុស្ស លើកកម្ពស់លំហពលរដ្ឋ និងពង្រឹងសិទ្ធិអំណាចដល់ភាគីពាក់ព័ន្ធរបស់រដ្ឋាភិបាលក្នុងការចូលរួម និងដោះស្រាយបញ្ហាការរំលោភបំពានសិទ្ធិមនុស្សនានា។
អ្នកតស៊ូមតិក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល បានជួបប្រជុំជាមួយប្រធានអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា អ្នកស្រី Pauline Tamesis និងឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា លោក Pablo Kang ដើម្បីជជែកពិភាក្សាដោយផ្ទាល់អំពីបញ្ហាប្រឈម និងតម្រូវការរបស់ពួកគេ។
អ្នកស្រី Tamesis បានមានប្រសាសន៍ទៅកាន់តំណាងសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយដែលមានវត្តមានក្នុងកិច្ចប្រជុំនេះថា “អ្នកទាំងអស់គ្នាពិតជាដឹងច្បាស់ជាងខ្ញុំទៅទៀត ថាបុគ្គលរូបណាក៏ដោយដែលក្រោកឈរដើម្បីសិទ្ធិអ្នកឯទៀត តែងតែទទួលរងការធ្វើបាប ។”
អ្នកស្រីបានលើកឡើងទៀតថា “គឺពិតជាមិនមែនជារឿងងាយស្រួលនោះទេ ចំពោះអ្នកធ្វើការងារសិទ្ធិមនុស្ស និងតស៊ូមតិនៅគ្រប់ទីកន្លែងក្នុងពិភពលោកនេះ ហើយពិតជាការជំរុញចិត្តដ៏ប្រសើរណាស់ ដែលបានស្តាប់ដោយផ្ទាល់ ពីក្រុមអ្នកដែលធ្វើឱ្យមានការផ្លាស់ប្តូរពោរពេញដោយការប្ដេជ្ញាចិត្តទាំងនេះ អំពីដំណើរតស៊ូ និងតម្រូវការការគាំទ្ររបស់ពួកគេ ជាអ្វីដែលគម្រោងនេះមានបំណងផ្ដល់ជូនដល់ពួកគេ។”
តំណាងការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Pradeep Wagle ស្វាគមន៍អ្នកចូលរួមក្នុងពិធីសម្ពោធគម្រោង"ការកសាងឡើងវិញឱ្យកាន់តែប្រសើរឡើងតាមរយៈការចូលរួម - ពង្រឹង និងការពារលំហពលរដ្ឋ និងការចូលរួមរបស់ប្រជាពលរដ្ឋ"
ដែលស្វែងរកការគាំទ្រជាបន្តបន្ទាប់ដល់អ្នកការពារសិទ្ធិមនុស្ស ការលើកកម្ពស់លំហពលរដ្ឋ និងផ្តល់សិទ្ធិអំណាចដល់ភាគីពាក់ព័ន្ធរបស់រដ្ឋាភិបាល ក្នុងការឆ្លើយតបលើការរំលោភបំពានសិទ្ធិមនុស្ស
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ស្តីអំពីតួនាទី និងសមិទ្ធផលរបស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ក៏បានលើកឡើងពីការព្រួយបារម្ភជុំវិញការរួមតូចនៃលំហពលរដ្ឋនៅក្នុងប្រទេសនេះផងដែរ។
អ្នកស្រីបន្តថា
“យើងជំរុញឲ្យកម្ពុជាធ្វើការបន្ថែមទៀត ក្នុងការការពារសិទ្ធិរបស់សកម្មជនក្នុងការនិយាយស្ដី និងបញ្ចេញមតិរបស់ពួកគេ ក្នុងការបង្កើតសមាគម និងការជួបជុំដោយសេរី។ ការអនុវត្តសេរីភាពជាមូលដ្ឋានទាំងនេះ គឺកាន់តែមានសារៈសំខាន់ក្នុងអំឡុងឆ្នាំដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ហើយប្រទេសនៅក្នុងតំបន់មើលមកកម្ពុជាដើម្បីយកគំរូតាម»
ឯកអគ្គរដ្ឋទូត Kang មានប្រសាសន៍ថា ការរាតត្បាតនៃកូវីដ-១៩ បានធ្វើឱ្យបញ្ហាប្រឈមដែលមានស្រាប់ កាន់តែធ្ងន់ធ្ងរឡើងសម្រាប់លំហពលរដ្ឋក្នុងប្រទេសកម្ពុជា។
“ស្របពេលដែលយើងសូមកោតសរសើរដល់រដ្ឋាភិបាលកម្ពុជា នូវវិធានការឆ្លើយតបរបស់ខ្លួនចំពោះជំងឺកូវីដ-១៩ រហូតមក យើងក៏សូមជំរុញរដ្ឋាភិបាលឱ្យធានាថា តួអង្គសង្គមស៊ីវិលអាចអនុវត្ត សេរីភាពជាមូលដ្ឋានក្នុងការបញ្ចេញមតិ ការជួបប្រជុំ និងបង្កើតសមាគមឱ្យបានពេញលេញ។ ការចូលរួមយ៉ាងសកម្មរបស់សង្គមស៊ីវិល មានសារៈសំខាន់ណាស់ក្នុងការការពារសិទ្ធិមនុស្ស និងសម្រេចឱ្យបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងសមធម៌នៅកម្ពុជា។”
អ្នកស្រី Tamesis បានលើកឡើងថា “
តាមរយៈការសម្ពោធគម្រោងនេះ អង្គការសហប្រជាជាតិ និងប្រទេសអូស្ត្រាលី ចង់បង្ហាញថា នៅពេលដែលអ្នកងើបឈរឡើងដើម្បីសិទ្ធិមនុស្ស អ្នកនឹងមិនឈរតែម្នាក់ឯងនោះទេ។ សង្គមស៊ីវិលដ៏រឹងមាំ និងប្រព័ន្ធផ្សព្វផ្សាយសេរី និងឯករាជ្យ ជាកត្តាសំខាន់សម្រាប់ឱ្យសង្គមមួយឈានទៅរកភាពរីកចម្រើនយ៉ាងពិតប្រាកដ។ ចំណុចស្នូលនៃគម្រោងនេះ គឺការអំពាវនាវរបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលដាក់សង្គមស៊ីវិលជាចំណុចកណ្តាលនៃការកសាងឡើងវិញឱ្យកាន់តែប្រសើរឡើងពីជំងឺរាតត្បាត និងកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។”
នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព ក្នុងពិធីសម្ពោធគម្រោង “ការកសាងឡើងវិញឱ្យកាន់តែប្រសើរឡើងតាមរយៈការចូលរួម - ពង្រឹង និងការពារលំហពលរដ្ឋ និងការចូលរួមរបស់ប្រជាពលរដ្ឋ" នៅការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា នាថ្ងៃនេះ។
គម្រោងនេះ ដែលនឹងអនុវត្តរួមគ្នារវាងអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងអង្គការយូណេស្កូនៅកម្ពុជា បានបង្កើតនូវសកម្មភាពក្នុងគោលដៅបញ្ឈប់ការគំរាមកំហែងលើសង្គមស៊ីវិល និងជាការឆ្លើយតបទៅនឹងការវាយតម្លៃតម្រូវការ ដែលបានបង្ហាញពីមូលហេតុនៃការព្រួយបារម្ភធំបំផុតនៅកម្ពុជា នោះគឺ សុវត្ថិភាពរបស់សកម្មជននៅតំបន់ជនបទ និងក្នុងលំហឌីជីថល។
នាយិកា ប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី
ចក់ សុភាព បានបង្ហាញការស្វាគមន៍ចំពោះគម្រោងរបស់អង្គការសប្រជាជាតិ និងការគាំទ្រពីសំណាក់ស្ថានទូតអូស្រ្តាលី ដើម្បីការពារអ្នកការពារសិទ្ធិមនុស្ស ពង្រឹងលំហពលរដ្ឋ និងការចូលរួមរបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។
“តួអង្គសង្គមស៊ីវិល គួរតែត្រូវបានលើកទឹកចិត្ត កោតសរសើរ និងការពារ ជាជាងរងការរំខាន និងដៅមុខសញ្ញា។ ដោយមានដើមទុនជាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា សាមគ្គីភាព ជំនួយ និងរចនាសម្ព័ន្ធ គួរតែត្រូវបានត្រៀមជាស្រេចសម្រាប់គាំទ្រដល់សង្គមស៊ីវិល ដើម្បីធានាថាសកម្មជនត្រូវបានគាំទ្រ និងការពារ។”
នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយ នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក
អ៊ិត សុធឿត លើកឡើងថា ការគាំទ្រគឺពិតជាចាំបាច់ណាស់ ដោយសារតែ អ្នកសារព័ត៌មានកំពុងតែរងសម្ពាធកាន់តែខ្លាំង នេះបើយោងតាមការសិក្សារបស់ CCIM នាពេលថ្មីៗនេះ។
“ការបៀតបៀនផ្លូវកាយ និងផ្លូវចិត្ត និងការគំរាមកំហែងមកលើអ្នកកាសែតឯករាជ្យ កំពុងមានការកើនឡើង។”
មន្រ្តីកម្មវិធីអង្គការ UNESCO នៅកម្ពុជា លោក Mikel Aguirre Idiaquez និងនាយកផ្នែកផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក អ៊ិត សុធឿត ចូលរួមក្នុងកិច្ចពិភាក្សា នៃពិធីសម្ពោធគម្រោង"ការកសាងឡើងវិញឱ្យកាន់តែប្រសើរឡើងតាមរយៈការចូលរួម - ពង្រឹង និងការពារលំហពលរដ្ឋ និងការចូលរួមរបស់ប្រជាពលរដ្ឋ" នៅការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា នាថ្ងៃនេះ។
ចប់
សម្រាប់ព័ត៌មានបន្ថែម និងសំណើធ្វើការផ្សព្វផ្សាយ សូមទាក់ទងៈ
- OHCHR Cambodia: Amanda Fisher +855 (0) 17 875 592 / fisher4@un.org
- UNESCO Cambodia: Mikel Aguirre Idiaquez + 855 (0) 69 483 022 / m.aguirre-idiaquez@unesco.org