ទីក្រុងហ្សឺណែវ (១១ វិច្ឆិកា ២០១៩) - អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា អ្នកស្រី រ៉ូណា ស្មីត ស្វាគមន៍ការបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យតាមផ្លូវតុលាការមួយចំនួនលើ លោក កឹម សុខាប្រធានគណៈបក្សប្រឆាំងរបស់ប្រទេសកម្ពុជា។ ដីការតុលាការហាមឃាត់ លោក សុខា មិនឲ្យធ្វើសកម្មភាពនយោបាយណាមួយ ឬធ្វើដំណើរទៅក្រៅប្រទេសកម្ពុជា ហើយតម្រូវឲ្យលោកបង្ហាញខ្លួននៅពេលមានការកោះហៅពីគ្រប់អជ្ញាធរមានសមត្ថកិច្ច។ អ្នកស្រី ស្មីត ចេញសេចក្តីថ្លែងការណ៍ដូចខាងក្រោម៖
“ការដោះលែង លោក កឹម សុខា ឲ្យនៅក្រៅឃុំឃាំងក្នុងលំនៅដ្ឋាន ជាការវិវឌ្ឍទៅមុខមួយ ប៉ុន្តែ ខ្ញុំសោកស្តាយដែលតុលាការបន្តរឹតត្បិតសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយរបស់ លោក កឹម សុខា ជាពិសេស សេរីភាពក្នុងការដើរហើរ និងការជួបប្រជុំ។ ខ្ញុំសូមអំពាវនាវជាថ្មីម្តងទៀតឲ្យមានការបិទបញ្ចប់ការស៊ើបសួរឲ្យបានឆាប់រហ័សចំពោះករណីលោក សុខា ឬក៏ទម្លាក់ចោលបទចោទប្រកាន់ទាំងឡាយប្រឆាំងនឹងលោក។
ខ្ញុំនៅតែមានកង្វល់ចំពោះជោគវាសនារបស់សកម្មជនគណបក្សសង្គ្រោះជាតិចំនួន ៨៥ រូប ដែលត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនក្រោមហេតុផលនយោបាយ។
ខ្ញុំសូមទទូចជាថ្មីម្តងទៀតដល់រដ្ឋាភិបាល និងគណបក្សនយោបាយទាំងអស់ ឲ្យកាត់បន្ថយការរីករាលដាលនៃភាពតានតឹង និងស្វែងរកកិច្ចសន្ទនាក្នុងបរិយាសកាសសន្តិវិធីមួយ ដោយអនុញ្ញាតឲ្យសំឡេងនយោបាយផ្ទុយអាចសម្តែងចេញបាន ព្រមទាំងបញ្ចៀសការរឹតត្បិតតទៅទៀតលើសិទ្ធិសេរីភាពខាងគំនិត ការបញ្ចេញយោបល់ និងការជួបប្រជុំដោយសន្តិវិធី”។
សូមអានសេចក្តីថ្លែងការណ៍តាមប្រព័ន្ធផ្សព្វផ្សាយទាំងស្រុង។