ទីក្រុងញូវយ៉ក (៨ មិថុនា ២០១៦) កាលពីល្ងាចថ្ងៃអង្គារនេះ លោកអគ្គលេខាធិការ បានឆ្លងឆ្លើយតាមទូរស័ព្ទជាមួយឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ លោកអគ្គលេខាធិការ បានសម្តែងកង្វល់របស់លោក អំពីរបាយការណ៍នៃការបំភិតបំភ័យដែលរីករាលដាល ការយាយី និងការចាប់ខ្លួនតួអង្គសង្គមស៊ីវិល បុគ្គលិកប្រព័ន្ធផ្សព្វផ្សាយ បុគ្គលិក និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងសមាជិកគណបក្សប្រឆាំង។
លោកអគ្គលេខាធិការ បានសម្តែងក្តីសង្ឃឹមរបស់លោកថា រដ្ឋាភិបាលកម្ពុជានឹងធានាឲ្យមានការគោរពយ៉ាងពេញលេញនូវសិទ្ធិមនុស្សទាំងឡាយ រាប់ទាំងសេរីភាពនៃការសម្តែងមតិ សេរីភាពក្នុងការបង្កើតសមាគម និងសេរីភាពក្នុងការជួបប្រជុំ។ លោកបានអំពាវនាវឲ្យមានការបន្តជាថ្មីនូវវប្បធម៌សន្ទនា រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិកម្ពុជា។