ភ្នំពេញ (៣ មិថុនា ២០១៦) - ការិយាល័យ OHCHR បានគាំទ្រការរៀបចំកិច្ចប្រជុំពហុភាគីពាក់ព័ន្ធលើកទីពីរ ស្តីពី “ការពង្រឹងកិច្ចសន្ទនារវាងភាគីពាក់ព័ន្ធនៅតំបន់ប៊ូស្រា” ដែលបានធ្វើឡើងនៅប៊ូស្រា ខេត្តមណ្ឌលគិរី នៅថ្ងៃទី០៣ ខែមិថុនាឆ្នាំ ២០១៦។ កិច្ចប្រជុំនេះមានអ្នកចូល ជាង ៦០ នាក់ រួមមាន សមាជិកទាំងអស់នៃគណៈកម្មាធិការត្រីភាគីដែលមានស្រាប់ (គណៈកម្មាធិការនេះរួមមានសមាសភាពនៃតំណាងមកពីអាជ្ញាធរមូលដ្ឋាន តំណាងដែលបានបោះឆ្នោតជ្រើសតាំងដោយជនជាតិដើមភាគតិចព្នង តំណាងរបស់ក្រុមហ៊ុន Socfin) តំណាងមកពីក្រុមហ៊ុនដាក់ឡាក់ អង្គការ GIZ អង្គការសង្គមស៊ីវិលថ្នាក់ជាតិ និងថ្នាក់មូលដ្នាន សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យនានា និងការិយាល័យ OHCHR។ វត្ថុបំណងសំខាន់នៃកិច្ចប្រជុំនេះគឺដើម្បីបន្តកិច្ចសន្ទនាដែលមានការចូលរួមនៅក្នុងកិច្ចប្រជុំពហុភាគីពាក់ព័ន្ធលើកទីមួយ ដែលបានធ្វើឡើងនៅក្នុងខែធ្នូ ឆ្នាំ ២០១៥ ស្តីពីសិទ្ធិជនជាតិដើមភាគតិច រាប់ទាំងសិទ្ធិដីធ្លី និងសិទិ្ធវប្បធម៌ នៅតំបន់ប៊ូស្រា ក្នុងគោលបំណងដើម្បីធានាឲ្យបាននូវការចែករំលែកនូវព័ត៌មានប្រកបដោយតម្លាភាព និងដើម្បីបង្កើតឲ្យមានប្រសិទ្ធភាពបន្ថែម។ ក្នុងអំឡុងពេលកិច្ចប្រជុំ ភាគីទាំងអស់ (អាជ្ញាធរមូលដ្ឋាន ទាំងតំណាងក្រុមហ៊ុននិងតំណាងជនជាតិដើមភាគតិច) អាចចែករំលែកនូវវឌ្ឍនភាព និងការរំពឹងទុករបស់ខ្លួន ទាក់ទងទៅនឹងដំណោះស្រាយជម្លោះដីធ្លីដែលមានស្រាប់ និងដើម្បីពិភាក្សាអំពីគម្រោងអភិវឌ្ឍរួមគ្នាអាចនឹងធ្វើទៅបាន។ អង្គការ GIZ ដែលនាពេលថ្មីៗនេះ បានចាប់ផ្តើមការវាស់វែងដីធ្លី ទាំងដីមានជម្លោះ និងដីមិនមានជម្លោះនៅតំបន់នេះ បានធ្វើបទបង្ហាញអំពីការងាររបស់ខ្លួន និងអំពីរបៀបលំហាត់ធ្វើផែនទីនេះ អាចមានប្រយោជន៍សម្រាប់ការដោះស្រាយដែលមានលក្ខណៈសម្របសម្រួល។ តំណាងអង្គការក្រៅរដ្ឋាភិបាល CIPO ក៏បានបង្ហាញផងដែរនូវ លទ្ធផលនៃការស្ទង់មតិរបស់ខ្លួនជាមួយ ជាង ៦០០ គ្រួសារ នៅក្នុងឃុំប៊ូស្រា ទាក់ទងនឹងបញ្ហាដីធ្លីនានា ដោយគូសបញ្ជាក់នូវបញ្ហាប្រឈមចម្បងៗដែលក្រុមគ្រួសារទទួលរងផលប៉ះពាល់បានជួបប្រទះ។ ការប្តេជ្ញាចិត្ត និងការសន្យានានា ក៏បានធ្វើឡើងផងដែរក្នុងអំឡុងពេលកិច្ចប្រជុំនេះ ដែលនឹងត្រូវបន្តពិនិត្យក្នុងអំឡុងពេលកិច្ចប្រជុំពហុភាគីពាក់ព័ន្ធលើកទីបី ដែលនឹងធ្វើឡើងក្នុងខែតុលា ឆ្នាំ២០១៦។