សាររបស់អគ្គលេខាធិការ
ហ្ស៊ឺណែវ (១០ ធ្នូ ២០១៥) - ចំពេលដែលមានអំពើឃោរឃៅយ៉ង់ខ្នងទ្រង់ទ្រាយធំ និងការរំលោភរីករាលដាលនៅទូទាំងពិភពលោក ទិវាសិទ្ធិមនុស្សគួរប្រមូលផ្តុំសកម្មភាពជាសកលរួមគ្នាបន្តែមទៀត ដើម្បីលើកស្ទួយគោលការណ៍មិនសាបរលាបដែលយើងបានសន្យារួមគ្នាដើម្បីលើកកម្ពស់នោះ។
នៅឆ្នាំដែលត្រូវប្រារព្ធខួបលើកទី៧០របស់អង្គការសហប្រជាជាតិ យើងអាចទទួលបាននូវការបំផុសគំនិតពីប្រវត្តិសាស្រ្តនៃចលនាសិទ្ធិមនុស្សសម័យទំនើបដែលបានលេចចេញពីសង្រ្គាមលោកលើកទីពីរ។
នៅពេលនោះលោកប្រធានាធិបតីសហរដ្ឋអាមេរិក Franklin D. Roosevelt បានកំណត់សេរីភាពជាមូលដ្ឋានចំនួនបួន ជាសិទ្ធិពីកំណើតរបស់មនុស្សគ្រប់រូប៖ សេរីភាពសម្តែងមតិ សេរីភាពគោរពបូជា សេរីភាពរួចផុតពីទុគ៌តភាព និងសេរីភាពរួចផុតពីភាពភ័យខ្លាច។ ភរិយារបស់លោក លោកស្រី Eleanor Roosevelt បានចូលរួមក្នុងកងកម្លាំងនៅអង្គការសហប្រជាជាតិ ជាមួយក្រុមជើងឯកសិទ្ធិមនុស្សមកពីជុំវិញពិភពលោក ដើម្បីឲ្យសេរីភាពទាំងនេះការពារដោយសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស។
បញ្ហាប្រឈមបន្ថែមទៀតនាពេលបច្ចុប្បន្ននេះ អាចនឹងត្រូវបានគេមើលឃើញ ហើយយកទៅដោះស្រាយ តាមរយៈកញ្ចក់នៃសេរីភាពបួននេះ។
ទី១៖ សេរីភាពសម្តែងមតិ ដែលមានប្រជាជនរាប់លាននាក់មិនអាចសម្តែងចេញ ហើយការគំរាមកំហែងកាន់តែមានសភាពខ្លាំងក្លា។ យើងត្រូវតែការពារ រក្សា និងពង្រីកទម្លាប់អនុវត្តតាមបែប ប្រជាធិបតេយ្យ និងលំហសម្រាប់សង្គមស៊ីវិល។ ប្រកានោះគឺជាកិច្ចការចាំបាច់សម្រាប់ស្ថេរភាពយូរអង្វែង។
ទីពីរ៖ សេរីភាពគោរពបូជា។ នៅជុំវិញពិភពលោក ភេរវករបានប្លន់សាសនា ក្បត់នឹងស្មារតីរបស់ខ្លួនដោយបានសម្លាប់នៅក្នុងឈ្មោះរបស់ខ្លួន។ អ្នកផ្សេងទៀតត្រូវបានកំណត់ទិសដៅជាជនជាតិភាគតិចខាងសាសនា និងកេងប្រវញ្ចន៍លើភាពភ័យខ្លាចដើម្បីចំណេញនយោបាយ។ ជាកិច្ចឆ្លើយតប យើងត្រូវតែលើកស្ទួយការគោរពនូវចម្រុះភាព ដោយផ្អែកលើសមភាពមូលដ្ឋានរបស់ជនគ្រប់រូប និងសិទ្ធិសេរីភាពខាងសាសនា។
ទីបី៖ សេរីភាពរួចផុតពីទុគ៌តភាព នៅតែបន្តយាយីយ៉ាងខ្លាំងដល់មនុស្សជាតិ។ មេដឹកនាំពិភពលោកនៅខែកញ្ញានេះ បានអនុម័តរបៀបវារៈកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព សំដៅដល់បញ្ចប់ភាពក្រីក្រ និងធ្វើឲ្យជនគ្រប់រូបរស់នៅក្នុងសេចក្តីថ្លៃថ្នូរនៅលើភពផែនដីដែលប្រកបដោយសន្តិភាព និងដំណើរការល្អ។ នាពេលនេះ យើងត្រូវតែធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីសម្រេចចក្ខុវិស័យនេះ។
ទីបួន៖ សេរីភាពរួចផុតពីភាពភ័យខ្លាច។ ជនភៀសខ្លួន និងជនផ្លាស់លំនៅដ្ឋានរាប់លាននាក់ គឺជាអ្នកទទួលរងនូវសោកនាដកម្មនៃការខកខានមិនបានបំពេសេរីភាពនេះ។ មិនថាចាប់តាំងពីសង្គ្រាមលោកលើកទីពីរមកទេ មានមនុស្សជាច្រើនត្រូវបានបង្ខំឲ្យចាកចេញពីលំនៅដ្ឋានរបស់ពួកគេ។ ពួកគេរត់ពីសង្គ្រាម អំពើហិង្សា និងភាពអយុត្តិធម៌ ដោយត្រូវឆ្លងកាត់ទ្វីប និងមហាសមុទ្រនានា ដែលជាញឹកញយពួកគេត្រូវប្រថុយជីវិត។ ជាកិច្ចឆ្លើយតប យើងមិនត្រូវបិទទ្វារទេ គឺយើងត្រូវតែបើកចំហ ហើយធានានូវសិទ្ធិរបស់ជនគ្រប់រូបដែលស្វែងរកសិទ្ធិជ្រកកោន ដោយគ្មានការរើសអើងណាមួយឡើយ។ ជនទេសន្តរប្រវេសន៍ ដែលព្យាយាមគេចពីភាពក្រីក្រ និងភាពអស់សង្ឃឹម គួរតែទទួលបានផងដែរនូវសិទ្ធិមនុស្សជាមូលដ្ឋានរបស់ពួកគេ។
ថ្ងៃនេះ យើងសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការការពារសិទ្ធិមនុស្សជាមូលដ្ឋានដែលជាគ្រឹះនៃការងាររបស់យើង។ នេះជាស្មារតីនៃគំនិតផ្តួចផ្តើមជួរមុខនៃសិទ្ធិមនុស្សរបស់អ.ស.ប ដែលមានគោលបំណងដើម្បីបង្ការ និងឆ្លើយតបទៅនឹងការរំលោភបំពានទ្រង់ទ្រាយធំ។
ឱកាសទិវាសិទិ្ធមនុស្ស យើងសូមប្តេជ្ញាជាថ្មីដើម្បីធានាសេរីភាពជាមូលដ្ឋាន និងការពារសិទិ្ធមនុស្សរបស់ជនគ្រប់រូប។
បាន គី-ម៉ូន