ទីក្រុងហ្ស៊ឺណែវ (១៤ កញ្ញា ២០១៦) របាយការណ៍ចំនួនពីរស្តីពីកម្ពុជាដែលមិនទាន់បានផ្សព្វផ្សាយជាសាធារណៈ ដែលបានធ្វើបទបង្ហាញនៅ សម័យប្រជុំលើកទី ៣៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប ឥឡូវនេះ អាចរកបាននៅលើវេបសាយរបស់យើងហើយ (ភាសាអង់គ្លេស)។ របាយការណ៍របស់អគ្គលេខាធិការ គូសបញ្ជាក់ពីការងាររបស់ការិយាល័យ OHCHR ប្រចាំកម្ពុជា ក្នុងការបន្តការពារសិទ្ធិមនុស្ស គាំពារ និងឃ្លាំមើលសកម្មភាពរបស់សង្គមស៊ីវិល ពង្រឹងនីតិរដ្ឋ និងលើកស្ទួយសិទ្ធិសេដ្ឋកិច្ច និងសង្គម បើទោះជាមានបរិយាកាសតានតឹងផ្នែកនយោបាយជាពិសេសក៏ដោយ។ របាយការណ៍របស់អ្នករាយការណ៍ពិសេស គូសបញ្ជាក់ពីការរកឃើញរបស់លោកស្រីសាស្រ្តាចារ្យ រ៉ូណា ស្មីត ក្នុងអំឡុងពេលបេសកកម្មចុងក្រោយរបស់លោកស្រីទៅកាន់ប្រទេសកម្ពុជា ដែលបានផ្តោតជាចំបងទៅលើជនជាតិដើមភាគតិច និងសិទ្ធិស្ត្រី។ ខណៈពេលដែលរបាយការណ៍របស់លោកស្រី បានគូសបញ្ជាក់ពីឆន្ទៈរបស់មន្ត្រីរដ្ឋាភិបាលក្នុងការពិភាក្សា និងធ្វើការជាមួយលោកស្រីលើបញ្ហាសំខាន់ៗនានា ក៏ដូចជា ដំណើរវិវឌ្ឍន៍ជាវិជ្ជមានលើវិស័យអប់រំពហុភាសា និងអប់រំកុមារីក៏ដោយ តែរបាយការណ៍នេះក៏បានកត់សម្គាល់ឃើញថា ដំណើរវិវឌ្ឍន៍បែបនេះត្រូវបាន “គ្របដណ្តប់ដោយស្ថានភាពនយោបាយកើតមាននៅពេលនោះ ដោយសារតែមានការកើនឡើងនៃការចាប់ខ្លួន និងករណីនៃការឃុំខ្លួនតួអង្គសង្គមស៊ីវិល និងសមាជិកនៃគណបក្សប្រឆាំងធំជាងគេបំផុត”។ របាយកាណ៍ទាំងពីរនេះ បង្ហាញពីដំណើរវិវឌ្ឍន៍ក្នុងអំឡុងពេលឆ្នាំនោះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០១៦។ សូមអានរបាយការណ៍ទាំងពីរនេះទាំងស្រុងនៅលើវេបសាយរបស់យើងឥឡូវនេះ។