ទីក្រុងភ្នំពេញ (៣ ធ្នូ ២០១៦) – “ពេលដែលរដ្ឋមួយបញ្ឈប់អ្នកមិនឲ្យតវ៉ាដោយសន្តិវិធី នោះមិនមែនជាបញ្ហាផ្ទៃក្នុងទេ” អ្នករាយការណ៍ពិសេស លោក ម៉ៃណា គីអាយ បានទទូចថា “វាគឺជាបញ្ហាអន្តរជាតិ។” អ្នកជំនាញ អ.ស.ប ស្តីពីសិទ្ធិសេរីភាពក្នុងការជួបប្រជុំដោយសន្តិវិធី និងការបង្កើតសមាគម បានធ្វើទស្សនកិច្ចសិក្សារយៈពេលខ្លីមួយមកកាន់ប្រទេសកម្ពុជាកាលពីសប្តាហ៍មុន និងបានថ្លែងកាលពីថ្ងៃសៅរ៍មុននេះនៅពេលធ្វើបឋកថាជាសាធារណៈមួយ ដែលបានរៀបចំឡើងដោយមូលនិធិ Heinrich Böll Foundation នៅ Meta House ក្នុងរាជធានីភ្នំពេញ។ លោក គីអាយ ដែលមានការចូលរួមដោយតំណាងការិយាល័យ OHCHR ប្រចាំកម្ពុជា លោកស្រី វ៉ាន់-ហ៊ី លី បានថ្លែងអំពីសារៈសំខាន់នៃការតវ៉ាជាសាធារណៈដែលជាផ្នែកមួយនៃការបញ្ចេញមតិ ក៏ដូចជា កាតព្វកិច្ចរបស់រដ្ឋមានចំពោះពលរដ្ឋរបស់ខ្លួនក្នុងការគោរព និងការលើកកម្ពស់សិទ្ធិរបស់ពួកគេក្នុង#ការជួបប្រជុំដោយសន្តិវិធី។ ទោះបីជាមានការកើនឡើងជាសកលនូវការបង្ក្រាបលើការតវ៉ា និងការឃុំខ្លួនអ្នកសម្តែងមតិផ្ទុយជាសាធារណៈក្តី “នៅមានក្តីសង្ឃឹម” អ្នកជំនាញ បានមានប្រសាសន៍ដូច្នេះ ដោយលើកឡើងពីចលនានៅទូទាំងពិភពលោក ដែលមនុស្សកៀរគរគ្នាមកទាមទារសិទ្ធិរបស់ខ្លួន។