ភ្នំពេញ (២ កុម្ភៈ ២០១៦) - វគ្គបណ្តុះបណ្តាលលើកទី៣ របស់ក្រុមការងារបច្ចេកទេសសិទ្ធិទទួលបានព័ត៌មានចាប់ផ្តើមនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយមានមតិស្វាគមន៍ពីតំណាងប្រចាំប្រទេសរបស់អង្គការយូណេស្កូ លោកស្រី Anne Lemaistre និងសុន្ទរកថាបើកដោយរដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ។ មានសិក្ខាកាមប្រមាណ ៥០ នាក់ ចូលរួម ដែលមកពីរដ្ឋាភិបាល និងសង្គមស៊ីវិល ក្នុងនោះ ៣០% ជាស្ត្រី។ ការបណ្តុះបណ្តាលនេះគឺស្តីអំពីការចូលរួមរបស់សាធារណជនក្នុងការធ្វើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន។ តំណាងប្រចាំប្រទេសរបស់ការិយាល័យ OHCHR លោកស្រី វ៉ាន់-ហ៊ី លី បានធ្វើបទបង្ហាញស្តីពីការធានាឲ្យមានសិទ្ធិទទួលបានព័ត៌មាន អនុលោមតាមនិយាមសិទ្ធិមនុស្ស។ លោកស្រីបានរំលឹកឡើងវិញពីហេតុផលដែលថា ដំណើរការដែលមានការចូលរួមគឺមិនគ្រាន់តែជាកាតព្វកិច្ចនៅក្រោមច្បាប់ជាតិ និងអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងសំខាន់ក្នុងការបង្កើតច្បាប់ល្អៗ ដោយមានការគាំទ្រជាអតិបរមាពីសាធារណជន។
មានកិច្ចពិភាក្សាជាក្រុមអំពីមតិត្រឡប់ពីមុនៗដែលទទួលបានពីថ្នាក់មូលដ្ឋានដែលបង្កើតបានជាអនុសាសន៍ជាច្រើនដែលនឹងពិនិត្យដោយក្រុមការងារបច្ចេកទេសដែលបានបង្កើតឡើងដើម្បីធ្វើសេចក្តីព្រាងច្បាប់នេះ។ វគ្គបណ្តុះបណ្តាលដែលបានបញ្ចប់នៅថ្ងៃនេះ គឺជាឱកាសមានតម្លៃសម្រាប់សិក្ខាកាមដើម្បីរៀនពីរបៀបចូលរួមជាមួយសង្គមស៊ីវិល និងសាធារណជនប្រកបដោយអត្ថន័យ។ វគ្គបណ្តុះបណ្តាលនេះបានពង្រឹងបន្ថែមនូវតម្លៃនៃវ៉េបសាយសិទ្ធិទទួលបានព័ត៌មាន www.a2i.info.gov.kh ដែលទើបបានប្រកាសបើកដំណើរការជាផ្លូវការថ្មីៗនេះ តាមរយៈវ៉េបសាយនេះ សាធារណជនអាចផ្តល់ធាតុចូលរបស់ពួកគេដោយផ្ទាល់ចំពោះសេចក្តីព្រាងច្បាប់នេះ។ គំនិតនោះ និងគំនិតបន្ថែមផ្សេងទៀតនាថ្ងៃនេះ សង្ឃឹមថានឹងធ្វើឲ្យដំណើរការធ្វើសេចក្តីព្រាងនេះមានការរាប់បញ្ចូល និងមានការចូលរួមតាមដែលអាចធ្វើទៅបាន។ សូមមើលរបៀបវារៈសម្រាប់វគ្គបណ្តុះបណ្តាលជាភាសាអង់គ្លេស។