ភ្នំពេញ (១១ កក្កដា ២០១៦)៖ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំកម្ពុជាមានទុក្ខក្រៀមក្រំ និងរន្ធត់ចំពោះការសម្លាប់អ្នកធ្វើអត្ថាធិប្បាយបញ្ហានយោបាយរបស់កម្ពុជា គឺ លោកបណ្ឌិត កែម ឡី កាលពីម្សិលមិញនេះ។ យើងខ្ញុំសូមចូលរួមនូវសមានទុក្ខដោយស្មោះអស់ពីចិត្ដដល់ក្រុមគ្រួសារ និងមិត្តភក្តិរបស់លោក។
លោកបណ្ឌិត កែម ឡី គឺជាតួអង្គលេចធ្លោមួយរូប ក្នុងឆាកសង្គម និងនយោបាយរបស់ប្រទេសកម្ពុជា ដែល ការចូលរួម គំនិតទស្សនៈ និងការវិភាគឈរលើគោលការណ៍ឯករាជ្យរបស់លោក ត្រូវបានមនុស្សជាច្រើនយកតាមស្ទើរតែទាំងអស់។
ការិយាល័យ OHCHR សូមកត់សម្គាល់នូវការអំពាវនាវរបស់រាជរដ្ឋាភិបាលឲ្យមានការស៊ើបអង្កេតដ៏ហ្មត់ចត់ ទៅលើបទឧក្រិដ្ឋនេះ ហើយមានសំណួរជាច្រើនដែលការស៊ើបអង្កេតនេះនឹងមានការឆ្លើយតប។ វាជាការសំខាន់បំផុតដែលអ្នកទទួលខុសត្រូវត្រូវនាំយកមកកាត់ទោស ហើយមិនត្រូវមានជនល្មើសណាម្នាក់រួចខ្លួននោះឡើយ។
ការិយាល័យ OHCHR សូមអំពាវនាវឲ្យមានវិធានការការពារប្រកបដោយប្រសិទ្ធភាពដល់តួអង្គ និងអ្នកធ្វើអត្ថាធិប្បាយពីបញ្ហានយោបាយនិងសង្គមដែលលេចធ្លោនានាផ្សេងទៀត ដើម្បីការពារកុំឲ្យកើតមាននូវបទល្មើសសោកនាដកម្មដូចនេះទៀត។