ភ្នំពេញ (២៤ វិច្ឆិកា ២០១៦) - ដីធ្លីមិនត្រឹមតែជាទំនិញនោះទេ ប៉ុន្តែវាគឺជាធាតុសំខាន់មួយសម្រាប់ការសម្រេចបាននូវសិទិ្ធមនុស្សជាច្រើន។ សម្រាប់មនុស្សជាច្រើន ដីគឺជាប្រភពនៃការចិញ្ចឹមជីវិត ហើយវាក៏ជាស្នូលនៃសិទ្ធិសេដ្ឋកិច្ច និងសង្គមកិច្ច ដូចជាសិទ្ធិមានការងារធ្វើ អាហារ សុខភាព ឬលំនៅដ្ឋាន។ ជាញឹកញយ ដីធ្លីក៏ផ្សាភ្ជាប់ផងដែរទៅនឹងអត្តសញ្ញាណរបស់មនុស្ស ដូច្នេះហើយដីធ្លីមានចំណងទាក់ទងទៅនឹងសិទ្ធិវប្បធម៌។ ជារឿយៗ ទំនាស់លើបញ្ហាដីធ្លីក៏ជាមូលហេតុនៃជម្លោះហិង្សាផងដែរ និងបង្កើតជាឧបសគ្គដែលកំពុងកើតមានដល់ការស្ដារឡើងវិញនូវសន្តិភាពប្រកបដោយចីរភាព។ និយាយជារួម ទិដ្ឋភាពសិទ្ធិមនុស្សលើបញ្ហាដីធ្លីប៉ះពាល់ដល់បញ្ហាជាច្រើន រួមទាំង ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ ការកសាងសន្តិភាព ការបង្ការគ្រោះមហន្តរាយ និងការធ្វើឲ្យប្រសើរឡើងវិញ និងការធ្វើផែនការទីក្រុង និងជនបទ និងនៅមានច្រើនទៀត នេះគ្រាន់តែរៀបរាប់ត្រួសៗប៉ុណ្ណោះ។ វាជាការចាំបាច់ត្រូវពិភាក្សាអំពីទំនាក់ទំនងរវាងសិទ្ធិដីធ្លី និងសិទ្ធិមនុស្សនៅអាស៊ី ដែលសម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលអាស៊ីសម្រាប់កំណែទម្រង់ដីធ្លី និងអភិវឌ្ឍន៍ជនបទ (ANGOC) សម្ព័ន្ធដីធ្លីអន្តរជាតិ (ILC អាស៊ី) និងអង្គការស្តារកម្ពុជា ដោយមានការគាំទ្រពីការិយាល័យ OHCHR ប្រចាំកម្ពុជា កំពុងរៀបចំសិក្ខាសាលារយៈពេលពីរថ្ងៃស្តីពី “បញ្ហាដីធ្លីជាបញ្ហាសិទ្ធិមនុស្ស៖ កត្តាមិនអាចខ្វះបានមួយដើម្បីឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព”។ នៅខាងចុងនៃសិក្ខាសាលារយៈពេលពីរថ្ងៃនេះ អ្នកចូលរួមជាតិ និងអន្ដរជាតិ (អញ្ជើញមកពីប្រទេសបង់ក្លាដែស ឥណ្ឌា ឥណ្ឌូនេស៊ី នេប៉ាល់ និងហ្វីលីពីន) មកពីអង្គការសង្គមស៊ីវិល ទីភ្នាក់ងាររដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ និងអង្គការអន្ដរជាតិ នឹងរៀបចំចងក្រងជាអនុសាសន៍គោលនយោបាយ អំពីការបន្តអនុវត្តអភិបាលកិច្ចដីធ្លីដែលមានការទទួលខុសត្រូវ និងការទទួលស្គាល់សិទ្ធិដីធ្លីថាជាសិទ្ធិមនុស្ស។