ភ្នំពេញ (២៦ មិថុនា ២០១៧) - ទិវាអន្តរជាតិគាំទ្រជនរងគ្រោះដោយការធ្វើទារុណកម្ម នៅថ្ងៃទី២៦ ខែមិថុនា កត់សម្គាល់នូវព្រឹត្តិការណ៍ក្នុងឆ្នាំ ១៩៨៧ នៅពេលដែលអនុសញ្ញាអ.ស.បប្រឆាំងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មឯទៀត ដែលឃោរឃៅអមនុស្សធម៌ ឬបន្ថោកបន្ទាប បានចូលជាធរមាន។ បច្ចុប្បន្ននេះ អនុសញ្ញានេះត្រូវបានប្រទេសចំនួន១៦២ រាប់ទាំងប្រទេសកម្ពុជាផងបានផ្តល់សច្ចាប័ន។ ថ្ងៃទី២៦ ខែមិថុនាគឺជាថ្ងៃបង្កើន និងបន្តការគាំទ្រជាថ្មីនូវយន្តការដ៏សំខាន់នេះ។ វាក៏ជាការរំឭកពីស្ថានភាពលំបាកនៃជនរងគ្រោះរាប់ពាន់នាក់ដែលត្រូវការជំនួយជាបន្ទាន់ផងដែរ។ នៅទីបំផុត ថ្ងៃនេះក៏ទិវាមួយអំពាវនាវផងដែរដល់អ្នកពាក់ព័ន្ធទាំងអស់ រាប់ទាំងរដ្ឋជាសមាជិកអ.ស.ប សង្គមស៊ីវិល និងបុគ្គលទាំងឡាយនៅគ្រប់ទិសទីឲ្យរួបរួមគ្នាដើម្បីគាំទ្រដល់ជនរងគ្រោះដោយការធ្វើទារុណកម្ម។
បច្ចុប្បន្ននេះ មូលនិធិស្ម័គ្រចិត្ត អ.ស.ប សម្រាប់ជនរងគ្រោះដោយការធ្វើទារុណកម្មកំពុងផ្តល់មូលនិធិដល់អង្គការកម្ពុជាពីរដែលជួយដល់ជនរងគ្រោះដោយការធ្វើទារុណកម្ម និងការធ្វើទុក្ខទោស ដើម្បីព្យាបាលពួកគេ និងក្រុមគ្រួសាររបស់ពួកគេ និងស្វែងរកយុត្តិធម៌សម្រាប់ការរងទុក្ខរបស់ពួកគេ។ ដោយមានការគាំទ្រពីមូលនិធិ សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) បាននិងកំពុងផ្តល់ជំនួយផ្នែកច្បាប់និង តំណាងផ្លូវច្បាប់ ដល់ជនរងគ្រោះ និងក្រុមគ្រួសារ ក៏ដូចជាជំនួយផ្នែកសម្ភារ និងសេវាបញ្ជូនបន្ត ទន្ទឹមនេះ អង្គការចិត្តសង្គមអន្តរវប្បធម៌កម្ពុជា (TPO-Cambodia) បាននិងកំពុងផ្តល់ការគាំទ្រផ្នែកចិត្តសង្គមដល់សាក្សី និងដើមបណ្តឹងរដ្ឋប្បវេណីនៅក្នុងដំណើរការនីតិវិធីនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)។ ក្នុងសៀវភៅនេះ អ្នកទទួលផលពីការគាំទ្ររបស់ TPO ចែករំលែកពីរបៀបដែលកម្មវិធីព្យាបាលសុខភាពផ្លូវចិត្ត បានជួយគាត់កសាងជីវិតរបស់គាត់ឡើងវិញ។
សម្រាប់ព័ត៌មានបន្ថែម ខ្សែវីដេអូ និងការបោះពុម្ពផ្សាយ សូមចូលទៅ http://aww.su/zDxwc។