ភ្នំពេញ (១០ ធ្នូ ២០១៧) ថ្ងៃនេះគឺជាទិវាសិទ្ធិមនុស្ស ហើយជាថ្ងៃអបអរសាទរសម្រាប់រយៈពេលមួយឆ្នាំពេញ ក្នុងការប្រារព្ធខួបលើកទី៧០នៃសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស។
យើងទាំងអស់គ្នាពិតជាមានព្រឹត្តិការណ៍ជាច្រើនដែលត្រូវអបអរសាទរ។ សន្ធិសញ្ញាអន្តរជាតិ និងច្បាប់ជាតិនានាត្រូវបានអនុម័តឡើងដើម្បីធានាសិទិ្ធរបស់មនុស្សគ្រប់រូប រួមទាំងស្រ្តី កុមារ ជនពិការ សហគមន៍ជនជាតិដើម និងក្រុមប្រជាជនងាយរងគ្រោះដទៃទៀត។ ច្បាប់ទាំងនេះពិតជាបានធ្វើឲ្យជីវិតរបស់ប្រជាជនជាច្រើនមានការប្រសើរឡើង។ ក៏ប៉ុន្តែ ដោយសារជម្លោះ និងវិសមភាពនៅតែកើតមានឡើងក្នុងពិភពលោកយើងនៅឡើយ យើងគួរពិចារណា និងឆ្លុះបញ្ចាំងអំពីផ្លូវដែលយើងត្រូវបន្តទៅមុខទៀត។
ផ្អែកលើបទពិសោធន៍របស់ប្រព័ន្ធអង្គការសហប្រជាជាតិនៅកម្ពុជា ការបើកទូលាយឲ្យមានការចូលរួមពីសង្គមស៊ីវិលរួមចំណែកជាវិជ្ជមានដើម្បីសម្រេចបានអាទិភាពនៃការអភិវឌ្ឍជាតិ តាមវិធីសាស្ត្រមួយប្រកបដោយបរិយាប័ន្ន សមធម៌ និងរក្សាបាននូវសុខសន្តិភាព។ ដោយសារតែមានការចូលរួមធ្វើការពីសំណាក់អង្គការសង្គមស៊ីវិល កិច្ចសហប្រតិបត្តិការរវាងសហគមន៍មូលដ្ឋាន សហគមន៍ជនជាតិដើមភាគតិច ជាមួយនឹងអាជ្ញាធរមូលដ្ឋានក្នុងកិច្ចលើកស្ទួយការគ្រប់គ្រងព្រៃឈើ និងជលផលប្រកបដោយចីរភាព បានផ្តល់ផលវិជ្ជមានមួយចំនួនហើយ។ ហើយអង្គការសង្គមស៊ីវិលមានតួនាទីយ៉ាងសំខាន់ក្នុងដំណើរការរៀបចំគោលនយោបាយ និងអនុវត្តយុទ្ធនាការផ្សព្វផ្សាយដើម្បីឆ្លើយតប និងបង្ការអំពើហិង្សាផ្នែកយែនឌ័រ និងអំពើហិង្សាលើកុមារ។ អង្គការសង្គមស៊ីវិលទាំងនោះជាអ្នកមានតួនាទីសំខាន់ក្នុងដំណើការសម្រេចបាននូវសិទ្ធិទទួលបានការបង្ការ ព្យាបាលមេរោគអេដស៍ និងសេវាថែទាំសុខភាពសម្រាប់អ្នកដែលត្រូវការជាចាំបាច់។
សូមអានបទវិចារណកថាទាំងស្រុងជាភាសាខ្មែរ។