ទីក្រុងហ្សឺណែវ (១១ កញ្ញា ២០២០) - សេចក្តីសង្ខេបព័ត៌មានស្តីពីកម្ពុជាដោយអ្នកនាំពាក្យរបស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស
ចាប់តាំងពីថ្ងៃទី៣១ ខែកក្កដា មក នៅពេលដែល លោក រ៉ុង ឈុន អ្នកសហជីពកម្មករដ៏លេចធ្លោ ត្រូវបានចាប់ខ្លួននៅឯគេហដ្ឋានរបស់គាត់ នៅក្នុងទីក្រុងភ្នំពេញ ដោយមន្រ្តីនគរបាលប្រហែល ៣០ នាក់ យើងបានចងក្រងជាឯកសារនូវការចាប់ខ្លួនអ្នកការពារសិទ្ធិមនុស្ស ចំនួន ២៤ រូប នៅក្នុងប្រទេសកម្ពុជា រាប់ទាំង មានការចាប់ខ្លួនមនុស្សចំនួន ប្រាំបី នាក់ គ្រាន់តែនៅក្នុងខែកញ្ញានេះ។ មានមនុស្សដប់បីនាក់ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនត្រូវបានដោះលែងជាបន្តបន្ទាប់ បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដោយបង្ខិតបង្ខំដើម្បីបញ្ឈប់សកម្មភាពសិទ្ធិមនុស្ស។ មានមនុស្សចំនួនដប់ពីរ នាក់ កំពុងស្ថិតក្នុងការឃុំឃាំងនៅឡើយ ក្នុងនោះមានស្ត្រីម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីចាកចេញពីការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជា កាលពីថ្ងៃចន្ទ (០៧ កញ្ញា)។
អ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះភាគច្រើនប្រឈមនឹងការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋរួមមាន អ្នកការពារបរិស្ថានបីរូប។ មានអ្នកការពារបរិស្ថានពីររូបត្រូវបានចាប់ខ្លួនបន្ទាប់ពីបានបង្ហោះនៅលើហ្វេសប៊ុកថាពួកគេមានផែនការដើរទៅផ្ទះលោកនាយករដ្ឋមន្រ្តីដើម្បីលើកឡើងពីសក្តានុពលជីវចម្រុះ និងការព្រួយបារម្ភអំពីទឹកជំនន់ទាក់ទងនឹងការអភិវឌ្ឍបឹងតាមោក។
មានបុគ្គលជាច្រើនត្រូវបានរាយការណ៍ផងដែរថាបានទទួលការគំរាមកំហែងតាមទូរស័ព្ទ រួមទាំង ការគំរាមកំហែងដល់អាយុជីវិតផងដែរ ប្រសិនបើ ពួកគេមិនបញ្ឈប់សកម្មភាពសិទ្ធិមនុស្សរបស់ពួកគេនោះទេ ហើយត្រូវបានរាយការណ៍ថា ពួកគេត្រូវបានគេតាមដានផងដែរ។ បច្ចុប្បន្ននេះ អ្នកការពារសិទ្ធិមនុស្សជាច្រើនកំពុងលាក់ខ្លួនដោយមានការភ័យខ្លាចពីការចាប់ខ្លួន។
យើងបានឃើញផ្ទាល់ភ្នែកនូវការប្រើប្រាស់កម្លាំងមិនចាំបាច់ និងហួសប្រមាណរបស់កងកម្លាំងសន្តិសុខប្រឆាំងនឹងក្រុមបាតុករស្ត្រីយ៉ាងតិចចំនួនប្រាំលើកផ្សេងគ្នា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយថ្មីៗនេះទៀតគឺនៅថ្ងៃទី០៤ ខែកញ្ញាមានបាតុករស្ត្រីម្នាក់មួយរូបត្រូវបានគេរុញច្រានយ៉ាងសាហាវទៅលើដី ហើយស្ត្រីនោះត្រូវចូលសម្រាកមន្ទីរពេទ្យ។ យើងក៏បានចងក្រងជាឯកសារផងដែរនូវការបំភិតបំភ័យដល់អ្នកដែលចូលរួមក្នុងបាតុកម្មអហិង្សា ដែលរួមមានទាំង ក្រុមអ្នកតវ៉ាអំពាវនាវឲ្យមានវិធានការណ៍ដើម្បីកាត់បន្ថយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនៃជំងឺកូវីដ-១៩ ទៅលើជីវភាពរស់នៅ សកម្មជនបរិស្ថាន ក៏ដូច ជាអ្នកដែលទាមទារឲ្យមានការដោះលែងអ្នកការពារសិទ្ធិមនុស្សដែលត្រូវបានឃុំខ្លួនផងដែរ។
នៅថ្ងៃទី០៧ ខែកញ្ញា ក្រសួងមហាផ្ទៃបានប្រកាសសកម្មភាពរបស់អង្គការតាមសហគមន៍ចំនួនពីរថាជាសកម្មភាពខុសច្បាប់ ដោយចោទប្រកាន់អង្គការទាំងពីរនេះថា “ធ្វើសកម្មភាពបង្កើតឲ្យមានការបង្ករឿង និងការញុះញង់ដែលប៉ះពាល់ដល់ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្កើតភាពវឹកវរនៅក្នុងសង្គម តាមរយៈការប្រើប្រាស់បណ្តាញសង្គម និងបណ្តាញសារព័ត៌មានដទៃទៀត ដើម្បីផ្សព្វផ្សាយអត្ថបទខិត្តប័ណ្ណ រូបភាព វីដេអូឃ្លីប និងការធ្វើបាតុកម្មខុសច្បាប់”។ អង្គការមួយចំនួនផ្សេងទៀត បានទទួលការចុះមើលពីសំណាក់មន្រ្តីដើម្បីត្រួតពិនិត្យការចុះឈ្មោះ អត្តសញ្ញាណ និងឯកសារផ្សេងទៀត ដែលដំណាលគ្នានោះអង្គការទាំងនោះត្រូវបានគេកំពុងបន្តតាមដាននៅឡើយ។
ស្ថានភាពនាពេលបច្ចុប្បន្ននេះ បង្ហាញឲ្យយើងកាន់តែឃើញនូវការមិនអត់អោនរបស់រដ្ឋាភិបាលចំពោះគំនិតផ្ទុយពីខ្លួន និងការគាបសង្កត់ទៅលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការជួបជុំដោយសន្តិវិធី និងការចងក្រងសមាគម។ ការត្រួតពិនិត្យនោះផ្តោតសំខាន់ទៅលើអង្គការសិទ្ធិមនុស្ស អ្នកការពារបរិស្ថាន និងអ្នកការពារសិទ្ធិមនុស្ស។ យើងសូមអំពាវនាវដល់រដ្ឋាភិបាលឲ្យដោះលែងអ្នកដែលត្រូវបានឃុំខ្លួន ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ចំពោះការអនុវត្តសិទ្ធិទាំងនេះរបស់ពួកគេ ហើយសូមបញ្ចប់នូវការបំភិតបំភ័យទៅលើតួអង្គសង្គមស៊ីវិល។ យើងសូមអំពាវនាវដល់កម្លាំសន្តិសុខបញ្ឈប់នូវការប្រើកម្លាំងមិនចាំបាច់ និងហួសប្រមាណ ដែលគិតថាជាជម្រើសតែមួយគត់នោះ និងសូមបញ្ឈប់ការបំភិតបំភ័យដល់អ្នកតវ៉ាទាំងឡាយ។
ចប់