ទីក្រុងហ្សឺណែវ (១១ ធ្នូ ២០២០) ក្រុមអ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប បានសម្តែងការភ្ញាក់ផ្អើលចំពោះការសម្រេចដោយអាជ្ញាធរកម្ពុជា ក្នុងការអនុញ្ញាតឱ្យផ្សព្វផ្សាយព័ត៌មានផ្ទាល់ខ្លួនអំពីបុគ្គលទាំងឡាយ ដែលបានធ្វើតេស្តវិជ្ជមានកូវីដ-១៩ ដោយមានប្រសាសន៍ថា ដែលការផ្សព្វផ្សាយនេះគឺជាការបំពានធ្ងន់ធ្ងរលើសិទ្ធិឯកជន។
នៅថ្ងៃទី០៤ ខែធ្នូ ក្រសួងសុខាភិបាល បានសម្រេចបង្ហាញអត្តសញ្ញាណ និងព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គលមួយចំនួនដែលឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ដែលការសម្រេចនេះត្រូវបានអនុម័តយល់ព្រមពីលោកនាយករដ្ឋមន្រ្តី។ ចាប់តាំងពីពេលនោះមក ក្រសួងសុខាភិបាលបានចុះផ្សាយបញ្ជីឈ្មោះអ្នកដែលធ្វើតេស្តវិជ្ជមានដោយវីរុសនេះនៅលើគេហទំព័របណ្តាញសង្គមរបស់ខ្លួន។ ព័ត៌មានដែលបានផ្សព្វផ្សាយនេះ រួមមាន ឈ្មោះ អាយុ ភេទ កន្លែងការងារ និងអាសយដ្ឋានស្នាក់នៅ។ ព័ត៌មានផ្ទាល់ខ្លួន ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយដោយប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ និងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
ក្រុមអ្នកជំនាញ អ.ស.ប បានសម្តែងកង្វល់ផងដែរ អំពីការរីករាលដាលនៃជំងឺរាតត្បាតនៅក្នុងពន្ធនាគារកម្ពុជា ហើយបានអំពាវនាវឱ្យរដ្ឋាភិបាលអនុវត្តជាបន្ទាន់តាមការសន្យារបស់ខ្លួន ដើម្បីធ្វើតេស្តជនជាប់ឃុំ។ ក្រុមអ្នកជំនាញបានមានប្រសាសន៍ថា “ដើម្បីទប់ស្កាត់ការរីករាលដាលជាសក្តានុពលណាមួយដែលអាចកើតមាន យើងជំរុញឱ្យរដ្ឋាភិបាលចាត់រាល់វិធានការចាំបាច់ ដើម្បីទប់ស្កាត់ និងផ្តល់អាទិភាពដល់ការធ្វើតេស្តជាកំហិត សម្រាប់ជនជាប់ឃុំ និងអ្នកទោសទាំងអស់”។
សូមមើលសេចក្តីប្រកាសព័ត៌មានទាំងស្រុងនៅទីនេះ។