នីតិវិធីពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស គឺជាអ្នកជំនាញឯករាជ្យខាងសិទ្ធិមនុស្ស ដែលមានអាណត្តិរាយការណ៍ និងផ្តល់យោបល់អំពីបញ្ហាសិទ្ធិមនុស្សពីទស្សនាទានតាមវិស័យ ឬតាមប្រទេសជាក់លាក់។ ប្រព័ន្ធនីតិវិធីពិសេស គឺជាធាតុដ៏សំខាន់មួយនៃយន្តការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងគ្របដណ្តប់លើសិទ្ធិមនុស្សទាំងអស់ មានជាអាទិ៍ សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌។
គិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥ មានអាណត្តិតាមវិស័យចំនួន ៤១ និងអាណត្តិប្រទេសចំនួន ១៤។ រហូតមកទល់ពេលនេះ ប្រទេសកម្ពុជា បានទទួលទស្សនកិច្ចផ្លូវការ តែពីអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាតែប៉ុណ្ណោះ លើកលែងតែទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមានលំនៅដ្ឋានសមរម្យ ក្នុងឆ្នាំ២០០៥ ។ អ្នកកាន់អាណត្តិតាមវិស័យមួយចំនួន បានធ្វើទស្សនកិច្ចផ្លូវការមកកាន់ប្រទេសកម្ពុជា ក្នុងគោលបំណងសិក្សាស្រាវជ្រាវ ឬជួបប្រជុំជាមួយអង្គការសង្គមស៊ីវិលផ្សេងៗ ប៉ុន្តែនោះមិនមែនជាផ្នែកមួយនៃទស្សនកិច្ចផ្លូវការឡើយ ដែលទស្សនកិច្ចបែបនោះ អាចធ្វើទៅបានលុះត្រាតែមានការអញ្ជើញពីរដ្ឋាភិបាល បន្ទាប់ពីមានការស្នើសុំពីអ្នកកាន់អាណត្តិ។ រដ្ឋទាំងឡាយ ក៏អាចសម្រេចចេញ “លិខិតអញ្ជើញអចិន្ត្រៃយ៍” ដែលជាលិខិតអញ្ជើញចំហររបស់
រដ្ឋាភិបាលដល់នីតិវិធីពិសេសតាមវិស័យទាំងអស់។ តាមរយៈលិខិតអញ្ជើញអចិន្ត្រៃយ៍នោះ រដ្ឋទាំងឡាយ ប្រកាសថា ខ្លួននឹងទទួលយកជានិច្ចរាល់ការស្នើសុំធ្វើទស្សនកិច្ចពីគ្រប់នីតិវិធីពិសេស។ ប្រទេសកម្ពុជា មិនបានចេញលិខិតអញ្ជើញអចិន្ត្រៃយ៍ទេ ហើយគិតត្រឹមខែកក្កដា ឆ្នាំ២០១៥ មានការសើ្នសុំធ្វើទស្សនកិច្ចចំនួន ១៤ លើក ពីអ្នករាយការណ៍ពិសេសតាមវិស័យ បាននិងកំពុងស្ថិតក្នុងការរងចាំនៅឡើយ ។
នីតិវិធីពិសេស អាចជាបុគ្គល (ហៅថា “អ្នករាយការណ៍ពិសេស” ឬ “អ្នកជំនាញឯករាជ្យ”) ឬជាក្រុមការងារដែលមានសមាជិក ៥ រូប ដែលមួយរូបៗមកពីក្រុមក្នុងតំបន់ទាំង៥ របស់អង្គការសហប្រជាជាតិ រួមមាន៖ អាហ្វ្រិក អាស៊ី អាមេរិកឡាទីន និងការ៉ាបៀន អឺរ៉ុបខាងកើត និងក្រុមប្រទេសលោកខាងលិច។ អ្នករាយការណ៍ពិសេស អ្នកជំនាញឯករាជ្យ និងសមាជិកក្រុមការងារ ត្រូវបានតែងតាំងដោយក្រុមប្រឹក្សាសិទ្ធិមនុស្ស និងបំពេញមុខងារតាមសមត្ថភាពផ្ទាល់ខ្លួន។ ពួកគេទទួលរ៉ាប់រងក្នុងការលើកស្ទួយឯករាជ្យភាព ប្រសិទ្ធភាព សមត្ថភាព និងសុចរិតភាព តាមរយៈសុចរិតភាព ភាពមិនលំអៀង ភាពស្មោះត្រង់ និងសុភវិនិច្ឆ័យ។ ពួកគេមិនមែនជាបុគ្គលិករបស់អង្គការសហប្រជាជាតិ និងមិនទទួលប្រាក់បៀវត្តន៍ពីការងាររបស់ខ្លួនឡើយ។ ឋានៈឯករាជ្យរបស់អ្នកកាន់អាណត្តិ គឺមានសារៈសំខាន់ណាស់ ដែលអាចឲ្យពួកគេបំពេញមុខងាររបស់ខ្លួនបានដោយមិនលំអៀង។ អាណត្តិរបស់អ្នកកាន់អាណត្តិក្នុងមុខងារដែលបានប្រគល់ឲ្យ ទោះជាអាណត្តិតាមវិស័យ ឬអាណត្តិប្រទេសក៏ដោយ ត្រូវបានកំណត់
រយៈពេលយ៉ាងយូរបំផុតត្រឹមតែប្រាំមួយឆ្នាំប៉ុណ្ណោះ។
ដោយមានការគាំទ្រពីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (ការិយាល័យOHCHR) នីតិវិធីពិសេស ធ្វើទស្សនកិច្ចនៅប្រទេស ដោយពិនិត្យលើករណីនីមួយៗដែលអះអាងពីការរំលោភបំពាន និងកង្វល់ដែលលក្ខណៈជារចនាសម្ព័ន្ធ បែបទូលំទូលាយ ដោយការបញ្ជូនលិខិតឧបាស្រ័យទៅរដ្ឋផ្សេងៗ មានដូចជា ធ្វើការសិក្សាតាមវិស័យ និងកោះប្រជុំពិគ្រោះយោបល់អ្នកជំនាញ រួមចំណែកដល់ការអភិវឌ្ឍស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ។ ចូលរួមក្នុងការតស៊ូមតិ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងផ្តល់ប្រឹក្សាយោបល់សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស។ នីតិវិធីពិសេស រាយការណ៍ជារៀងរាល់ឆ្នាំ ទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ហើយភាគច្រើននៃអាណត្តិ ក៏រាយការណ៍ជូនមហាសន្និបាតផងដែរ។
ដើម្បីអានបន្ថែមអំពីនីតិវិធីពិសេស សូមចូលទៅកាន់គេហទំព័រ៖
http://www.ohchr.org/EN/HRBodies/SP/Pages/Introduction.aspx
សូមអានឧបាស្រ័យចុងក្រោយបង្អស់របស់នីតិវិធីពិសេស ទាក់ទងនឹងប្រទេសកម្ពុជា | http://bit.ly/2HL0IME (ស្វែងរកប្រទេសកម្ពុជានៅក្នុងបញ្ជី “ រដ្ឋ/អង្គភាព” ជ្រើសរើសកាលបរិច្ឆេទ ហើយចុចលើពាក្យស្វែងរក)