ទីក្រុងហ្ស៊ឺណែវ (១២ ឧសភា ឆ្នាំ២០១៦) - ថ្ងៃនេះ ក្រុមអ្នកជំនាញការ*សិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាបញ្ឈប់ការដៅទៅលើសង្គមស៊ីវិល អ្នកការពារសិទ្ធិមនុស្សតំណាងរាស្រ្ត និងបុគ្គលិករបស់អ.ស.ប និងចាត់វិធានការឲ្យមានប្រសិទ្ធភាពក្នុងការការពារសង្គមស៊ីវិល និងក្នុងការគោរពសេរីភាពជាមូលដ្ឋានក្នុងប្រទេស។
ក្រុមអ្នកជំនាញការបានមានប្រសាសន៍ថា៖ “ការកើនឡើងនៃបទចោទប្រកាន់អំពីបទល្មើសព្រហ្មទណ្ឌ ការសាកសួរចម្លើយ កិច្ចដំណើរការនីតិវិធីរបស់តុលាការ និងសេចក្តីថ្លែងការណ៍ជាសាធារណៈប្រឆាំងនឹងអ្នកទាំងនោះ ត្រូវតែបញ្ឈប់”។ “យើងសូមជំរុញឲ្យអាជ្ញាធរកម្ពុជាធានាឲ្យមានបរិយាកាសសុវត្ថិភាព និងអនុគ្រោះ សម្រាប់អ្នកការពារសិទ្ធិមនុស្ស និងសង្គមស៊ីវិល ដែលដើរតួនាទីយ៉ាងសំខាន់ដើម្បីឲ្យរដ្ឋាភិបាលធ្វើអ្វីដែលខ្លួនបានសន្យា និងដើម្បីនាំមកនូវអត្ថប្រយោជន៍សិទិ្ធមនុស្សដល់សង្គមកម្ពុជាទាំងមូល”។
ការអំពាវនាវរបស់ក្រុមអ្នកជំនាញការសិទ្ធិមនុស្សធ្វើឡើង នៅខណៈពេលដែលតុលាការស៊ើបសួររឿងរាវស្នេហាក្រៅអាពាហ៍ពិពាហ៍ ទៅលើសមាជិកសភាមួយរូបនៃគណបក្សប្រឆាំង ក៏ដូចជា ការចោទប្រកាន់ដែលពាក់ព័ន្ធនឹងបទសូកប៉ាន់ ទៅលើសមាជិកនៃអង្គការសិទ្ធិមនុស្សដ៏ល្បីឈ្មោះមួយ គឺអង្គការអាដហុក។ នាយកដ្ឋានប្រឆាំងភេរវកម្ម ផ្តើមធ្វើការចោទប្រកាន់ទាំនេះដោយគ្មានការពន្យល់ច្បាស់លាស់ ហើយបន្ទាប់មកអង្គភាពប្រឆាំងអំពើពុករលួយបានបន្តដំណើរការលើករណីនេះ បន្ទាប់ពីអាដហុកបានផ្តល់ការគាំទ្រផ្នែកច្បាប់ និងផ្នែកសម្ភារ។
ក្រុមអ្នកជំនាញការបានសង្កត់ធ្ងន់ថា “យើងមានកង្វល់ផងដែរចំពោះវិធានការដែលអាជ្ញាធរកម្ពុជាបានចាត់ឡើងដើម្បីបង្អាក់ និងបំបែកបាតុកម្មដោយសន្តិវិធី និងចាប់ខ្លួនអ្នកតវ៉ាប្រឆាំងនឹងអ្វីដែលគេមើលឃើញថាជាការធ្វើទុក្ខបុកម្នេញកាន់តែកើនឡើងៗពីសំណាក់រដ្ឋាភិបាលទៅលើសង្គមស៊ីវិល និងការរឹតត្បិតមិនសមហេតុផលលើសេរីភាពជាមូលដ្ឋាននៅក្នុងប្រទេសនេះ”។
អ្នកជំនាញការបានកត់សម្គាល់ថា “សេចក្តីថ្លែងការណ៍ចោទប្រកាន់ធ្វើឡើងដោយមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល ចំពោះអ្នកចូលរួមយុទ្ធនាការដែលគេហៅថា “ថ្ងៃចន្ទពណ៌ខ្មៅ” នោះ ហើយការហៅក្រុមអ្នកតវ៉ាដោយសន្តិវិធីទាំងនោះថាជា “ក្រុមឧទ្ទាម” គឺជារឿងមួយដែលគួរសោកស្តាយបំផុត”។ “សកម្មភាពដូចនេះគឺច្បាស់ណាស់មិនស្របទៅនឹងកាតព្វកិច្ចរបស់កម្ពុជា ក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ ក្នុងការគោរពសិទ្ធិសេរីភាពទាំងឡាយក្នុងការជួបប្រជុំដោយសន្តិវិធី និងសិទ្ធិសេរីភាពបង្កើតសមាគម។”
ករណីរបស់អង្គការអាដហុក៖
សមាជិករបស់អង្គការអាដហុក ដែលជាដែលអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់ចំពោះការផ្តល់ការគាំទ្រផ្នែកច្បាប់ និងការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ស្ត្រីវ័យក្មេងមួយរូប នៅក្នុងរឿងអាស្រូវក្រៅអាពាហ៍ពិពាហ៍។ អាជ្ញាធរបានអះអាងថា អង្គការមិនមែនរដ្ឋាភិបាលមួយនេះ បានសូកប៉ាន់ស្ត្រីវ័យក្មេងរូបនោះឲ្យបដិសេធរឿងសេ្នហានោះ។ អ្នកការពារសិទ្ធិមនុស្សអះអាងថា ការគាំទ្រនេះគឺជាផ្នែកមួយនៃការងារសិទ្ធិមនុស្សជាទៀងទាត់របស់ពួកគេ និងផ្តល់ឲ្យតាមសំណើរបស់បុគ្គលនោះ និងសម្រាប់ចំណីអាហារ និងការធ្វើដំណើរទៅកាន់ការិយាល័យរដ្ឋាភិបាលដើម្បីទទួលការសាកសួរតែប៉ុណ្ណោះ។ ប្រសិនបើបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលទាំងនោះត្រូវផ្តន្ទាទោស ពួកគេប្រឈមនឹងការជាប់ពន្ធនាគារចំនួនប្រាំឆ្នាំទៅដប់ឆ្នាំ។
ក្រុមអ្នកជំនាញការបានមានប្រសាសន៍ថា “ដំណើរស្វែងរកឥតឈប់ឈររបស់ក្រុមអ្នកស៊ើបអង្កេត ឬចម្លើយសារភាពរបស់ស្ត្រីវ័យក្មេងរូបនោះ ការផ្អែកទាំងស្រុងតែទៅលើចម្លើយសារភាពនៅពេលក្រោយមកទៀត ដើម្បីផ្តើមឲ្យមានករណី “ស៊ីសំណូក” ផ្សេងទៀត ប្រឆាំងនឹងអ្នកការពារសិទ្ធិមនុស្ស ក៏ដូចជា សេចក្តីថ្លែងការជាសាធារណៈដោយមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល ដោយបានបង្ហាញថាជនជាប់ចោទមានពិរុទ្ធភាពនោះ បានស្តែងឲ្យឃើញជាទូទៅថា រឿងរាវទាំងមូលគឺមិនលើសពីអ្វីដែលជាការធ្វើទុក្ខបុកម្នេញផ្អែកនយោបាយចំពោះសង្គមស៊ីវិលនោះឡើយ។ រឿងរាវនេះចោទជាបញ្ហាធ្ងន់ធ្ងរអំពីដំណើរការត្រឹមត្រូវដែលមានខ្ចោះយ៉ាងច្រើននោះ”។
ដោយសារតែករណីខាងលើនេះ ត្រូវបានប្រគល់ទៅឲ្យតុលាការរួចហើយ គណបក្សប្រជាជនកម្ពុជាក៏បានដាក់ពាក្យ
បណ្តឹងផងដែរប្រឆាំងនឹងអ្នកធ្វើអត្ថាធិប្បាយឯករាជ្យមួយរូប ពីបទ “បរិហារកេរ្តិ៍” គណបក្សខ្លួន បន្ទាប់ពីអ្នកធ្វើអត្ថាធិប្បាយឯករាជ្យរូបនេះ បានសម្តែងមតិអំពីឧប្បត្តិហេតុដែលកើតមានជាបន្តបន្ទាប់នោះ។
“យើងមានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះករណីបរិហារកេរ្តិ៍ជាបទព្រហ្មទណ្ឌដែលកើតមានជាបន្តបន្ទាប់ និងសេចក្តីថ្លែងការណ៍ជាសាធារណៈដោយមន្ត្រីរដ្ឋដែលបានអំពាវនាវឲ្យមានការបញ្ចេញមតិដោយសេរីត្រូវបានគេធ្វើឲ្យរួញខ្លីហើយនោះ ដែលជាការរំលោភមិនអាចប្រកែកបានលើអ្វីដែលជាសិទ្ធិសេរីភាពជាសកលក្នុងកាសម្តែងមតិ និងយោបល់” ក្រុមអ្នកជំនាញការសិទិ្ធមនុស្សរបស់អ.ស.បបានធ្វើការសន្និដ្ឋានដូច្នេះ។
ចប់