អ្នករាយការណ៍ពិសេសគឺជាអ្នកជំនាញការឯករាជ ដែលតែងតាំងដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហ ប្រជាជាតិ ដើម្បីតាមដាន និងរាយការណ៍ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ លោកសាស្ត្រាចារ្យ ពុំមែនជាបុគ្គលិកអង្គការសហប្រជាជាតិ លោកស្រីពុំទទួលប្រាក់បៀវត្សរ៍ពីអង្គការសហប្រជាជាតិ ហើយលោកក៏ពុំធ្វើការឲ្យរដ្ឋាភិបាល ឬក្រុមណាមួយដែរ។ ភារកិច្ចរបស់លោកគឺធ្វើការវាយតំលៃលើស្ថានភាពសិទ្ធិមនុស្ស រាយការណ៍ជាសាធារណៈអំពីស្ថានភាពនោះ ហើយធ្វើការជាមួយរដ្ឋាភិបាល សង្គមស៊ីវិល និងអ្នកផ្សេងទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅក្នុងវិស័យសិទ្ធិមនុស្សនេះ។ អ្នករាយការណ៍ពិសេសធ្វើទស្សនៈកិច្ច ឬបេសកកម្មជាទៀងទាត់ ទៅកាន់ប្រទេសកម្ពុជា និងរាយការណ៍ជាប្រចាំឆ្នាំដល់ក្រុមប្រឹក្សាសិទ្ធិមនុស្ស។ ការិយាល័យ OHCHR ផ្តល់ជំនួយខាងបរិក្ខារ និងបច្ចេកទេសដល់លោក។ អ្នករាយការណ៍ពិសេស បច្ចុប្បន្នគឺ សាស្ត្រាចារ្យ វីធីត ម៉ាន់ត្រាផន (ជនជាតិថៃ) លោកត្រូវបានតែងតាំងនៅខែមីនា ឆ្នាំ២០២១។
អាណត្តិនៃអ្នករាយការណ៍ពិសេស
អាណត្តិនៃអ្នករាយការណ៍ពិសេស កើតចេញមកពីកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស (មាត្រា១៧ នៃការព្រមព្រៀងស្តីពីការសម្រុះសម្រួលខាងនយោបាយដ៏ទូលំទូលាយនៃជម្លោះកម្ពុជា និង មាត្រា៣ នៃការ ព្រមព្រៀង ទាក់ទិននឹងអធិប្បតេយ្យភាព ឯករាជ្យភាព បូរណៈភាពទឹកដី និង ភាពមិនអាចរំលោភបំពានបាន អព្យាក្រឹតភាព និងការបង្រួបបង្រួមជាតិនៃប្រទេសកម្ពុជា)។
ឋានៈនៃអ្នករាយការណ៍ពិសេសជាអ្នកជំនាញការឯករាជម្នាក់ ធ្វើឲ្យលោកផ្សេងគ្នាពីការិយាល័យ OHCHR ប្រចាំកម្ពុជា ដែលត្រូវបានគ្រប់គ្រងដោយឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ហើយជាផ្នែកផ្លូវការមួយរបស់លេខាធិការដ្ឋានអង្គការសហប្រជាជាតិ។ ទោះជាដូច្នោះក៏ដោយ ក៏ស្ថាប័នទាំងពីរនេះ មានអាណត្តិបំពេញគ្នាទៅវិញទៅមក ហើយធ្វើការយ៉ាងជិតស្និតជាមួយគ្នា។ ការិយាល័យ OHCHR ផ្តល់សេវាខាងលេខាធិការដ្ឋាននានាដល់អ្នករាយការណ៍ពិសេស កំឡុងនៃបេសកកម្មរបស់លោកមកកាន់ប្រទេសកម្ពុជា ដូចគ្នានឹងបេសកកម្មទាំងអស់ដែលការិយាល័យនេះបំពេញឲ្យនីតិវិធីពិសេសនានានៃក្រុមប្រឹក្សាសិទ្ធិមនុស្សផងដែរ។
តំណាងពិសេសនៃអគ្គលេខាធិការ
មុនឆ្នាំ២០០៨ អាណត្តិប្រចាំប្រទេសកម្ពុជាត្រូវបានកាន់ដោយអ្នកតំណាងពិសេសនៃអគ្គលេខាធិការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា(SRSG)។ អ្នកកាន់អាណត្តិនេះត្រូវបានតែងតាំងដោយអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ទោះបីជាលោកនៅតែរាយការណ៍ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សក៏ដោយ។ ពីមុនគាត់ក៏រាយការណ៍ជូន
មហាសន្និបាត និងគណៈកម្មការស្តីពីសិទ្ធិមនុស្សផងដែរ។ ឈ្មោះគណៈកម្មការនេះត្រូវបានផ្លាស់ប្តូរនៅក្នុងឆ្នាំ២០០៨ ដើម្បីឲ្យអនុលោមតាមបទដ្ឋាននីយកម្មនៃឈ្មោះរបស់នីតិវិធីពិសេសនានា។
អ្នករាយការណ៍ពិសេស និងតំណាងពិសេសរបស់អគ្គលេខាធិការ កន្លងមកមាន៖
លោកស្រី រ៉ូណា ស្មីត (Rhona Smith) (ជនជាតិអង់គ្លេស) (២០១៥-២០២១)
លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) (ជនជាតិ នេប៉ាល់) (២០០៨-២០១៥)
លោក យ៉ាស់ហ៍ ហ្គាយ (Yash Ghai) (ជនជាតិ កេនយ៉ា) (២០០៥-២០០៨)
លោកស្រី ភីធឺ ឡឺប្រេច (Peter Leuprecht) (ជនជាតិ អូទ្រីស) (២០០០-២០០៥)
លោកស្រី ថូមម៉ាស់ ហាំម៉ាប៊ឺក (Thomas Hammarberg) (ជនជាតិ ស៊ុយអែត) (១៩៩៦-២០០០)
លោក ម៉ៃឃើល ឃឺប៊ី (Michael Kirby) (ជនជាតិ អូស្រ្តាលី) (១៩៩៣-១៩៩៦)