ទីក្រុងវីយែន (៣ មីនា ២០១៧) – “រដ្ឋទាំងឡាយមានកាតព្វកិច្ចវិជ្ជមានក្នុងការលើកកម្ពស់បរិយាកាសទំនាក់ទំនងដោយសេរី ឯករាជ្យ និងមានចម្រុះភាព រាប់ទាំងចម្រុះភាពនៃប្រព័ន្ធផ្សព្វផ្សាយ ដែលជាមធ្យោបាយមួយដ៏សំខាន់ក្នុងការដោះស្រាយការផ្សាយព័ត៌មានមិនពិត និងការឃោសនា” នេះបើតាមប្រសាសន៍របស់អ្នករាយការណ៍ពិសេសអ.ស.ប ស្តីពីសេរីភាពក្នុងការបញ្ចេញមតិ រួមជាមួយនឹងអ្នករាយការណ៍ពិសេសតាមវិស័យចំនួនបីរូប មកពីស្ថាប័នក្នុងតំបន់។ នៅក្នុង “សេចក្តីប្រកាសរួមរបស់ខ្លួន ស្តីពីសេរីភាពក្នុងការបញ្ចេញមតិ និង ‘ព័ត៌មានក្លែងក្លាយ’ ការផ្សាយព័ត៌មានមិនពិត និងការឃោសនា” អ្នករាយការណ៍ពិសេសទាំងបួនរូបនេះ បានសម្តែងកង្វល់អំពី “ការផ្សាយព័ត៌មានមិនពិត និងការឃោសនា” [ដែល] ជាញឹកញយ ត្រូវបានគេបង្កើតឡើង និងបានអនុវត្តដើម្បីបំភាន់មតិប្រជាជន ” ហើយដែលអាច “ញុះញង់ [មនុស្ស] ឲ្យមានអំពើហិង្សា ការរើសអើង ឬបង្កអរិភាពទៅលើ ក្រុមដែលបានកំណត់នៅក្នុងសង្គមមួយ។” សេចក្តីប្រកាសនេះ ដែលបានចេញផ្សាយនៅថ្ងៃទី០៣ ខែមីនា ដាក់ចេញនូវបទដ្ឋានជាមូលដ្ឋានស្តីពីការផ្សាយព័ត៌មានមិនពិត និងការឃោសនា វិធីសាស្រ្តដែលតាមរយៈនេះ រដ្ឋអាចបង្កើតបរិយាកាសងាយស្រួលសម្រាប់ការអនុវត្តសេរីភាពក្នុងការបញ្ចេញមតិ និងតួនាទីរបស់អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងសង្គម។ សូមអានឯកសារទាំងស្រុង នៅទីនេះ។