ទីក្រុងហ្ស៊ឺណែវ (២៤ មករា ២០១៧) - នៅថ្ងៃនេះ អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា សាស្រ្តាចារ្យ រ៉ូណាស្មីត និងប្រធានក្រុមការងារអ.ស.ប ទទួលបន្ទុកការឃុំខ្លួនដោយបំពាន (WGAD) លោក សេតុងជី រ៉ូឡង់ អាដចូវី (Sètondji Roland Adjovi) បានអំពាវនាវឲ្យអាជ្ញាធរកម្ពុជាដោះលែង “មន្រ្តីអាដហុកទាំង ៥ រូប” ដែលជាកម្មវត្ថុនៃការអំពាវនាវបន្ទាន់មួយដែលបានផ្ញើរួមគ្នាដោយយន្តការសិទ្ធិមនុស្សអ.ស.ប កាលពីខែឧសភា និងជាកម្មវត្ថុនៃមតិយោបល់របស់ក្រុមការងារទទួលបន្ទុកការឃុំខ្លួនដោយបំពាន (WGAD) កាលពីខែវិច្ឆិកាកន្លងទៅនេះ ដែលបានធ្វើការសន្និដ្ឋានថាជាការឃុំខ្លួនដោយបំពាន។ “អ្នកទាំង ៥ រូប នោះត្រូវបានគេចាប់ជាចំណាប់ខ្មាំង យូរគ្រប់គ្រាន់ហើយ វាដល់ពេលវេលាដោះលែងពួកគេហើយ” នេះបើតាមប្រសាសន៍របស់អ្នករាយការណ៍ពិសេស ដោយមានការអនុម័តយល់ព្រមពីប្រធានក្រុមការងារអ.ស.ប ទទួលបន្ទុកការឃុំខ្លួនដោយបំពាន(WGAD)។ សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុងជាភាសាអង់គ្លេស និង ខ្មែរ។