ទីក្រុងហ្ស៊ឺណែវ (៩ មីនា ២០១៦) – ៩ មីនា ២០១៦ – របាយការណ៍ថ្មីមួយ ដែលបានដាក់បង្ហាញនៅថ្ងៃនេះ ជូនដល់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ផ្តល់អនុសាសន៍ជាច្រើនស្តីពីការរៀបចំ និងការបង្ការទុកមុនឲ្យបានត្រឹមត្រូវ ដើម្បីការពារសិទ្ធិរបស់បាតុករ អ្នកឈរមើល និងនគរបាល ក្នុងអំឡុងពេលមានការជួបជុំជាសាធារណៈនានា។
របាយការណ៍នេះ ត្រូវបានដាក់បង្ហាញរួមគ្នាលើកដំបូងដោយអ្នករាយការណ៍ពិសេសស្តីពីការសម្លាប់ភ្លាមៗ ឬតាមអំពើចិត្ដ ក្រៅប្រព័ន្ធតុលាការ លោក គ្រីស្តូហ្វ ហ៊ីនស៍ (Christof Heyns) និងអ្នករាយការណ៍ពិសេស ស្តីពីសេរីភាពក្នុងការជួបប្រជុំដោយ សន្តិវិធី និងការបង្កើតសមាគម លោក ម៉ៃណា គីអៃ (Maina Kiai)។
“ការគ្រប់គ្រងបានត្រឹមត្រូវនៃការជួបប្រជុំនានា នៅក្នុងករណីជាច្រើន អាចប្រើប្រាស់ដើម្បីបង្ការការកើនឡើងនៃស្ថានភាព និងការផ្ទុះឡើងជាយថាហេតុនូវអំពើហឹង្សា” អ្នកជំនាញការ អ.ស.ប ទាំងពីររូប បានមានប្រសាសន៍ ដូច្នេះក្នុងសេចក្តីប្រកាសព័ត៌មានមួយ ដោយផ្អែកលើបទបង្ហាញរបស់ខ្លួននៅក្នុងទីក្រុងហ្ស៊ឺណែវ។
ក្នុងអំឡុងពេលធ្វើសេចក្តីសង្ខេប អ្នករាយការណ៍ពិសេសទាំងពីររូបបានពិភាក្សាអំពីសិទិ្ធនានាដែលទទួលរងផលប៉ះពាល់ និងបានសង្កត់ធ្ងន់អំពីកាតព្វកិច្ចរបស់រដ្ឋ ដែលមិនត្រឹមតែការពារប៉ុណ្ណោះទេ ថែមទាំងត្រូវជួយសម្របសម្រួលដល់ការអនុវត្តសិទ្ធិទាំងនេះផងដែរ។
អនុសាសន៍របស់អ្នករាយការណ៍ពិសេសទាំងពីររូប រាប់បញ្ចូល កាតព្វកិច្ចរបស់រដ្ឋដើម្បីជួយសម្របសម្រួលដល់ការជួបប្រជុំ នីតិវិធីជូនដំណឹង និងដែនកំណត់អនុញ្ញាតទៅលើសិទ្ធិសេរីភាពនៃការជួបប្រជុំដោយសន្តិវិធីការប្រើប្រាស់កម្លាំង និងការឈ្លបយកការណ៍របស់នគរបាលអំពីការជួបប្រជុំ លើសិទ្ធិទទួលបានព័ត៌មាន និងគណនេយ្យភាព។
“ការជួបប្រជុំនានាអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារ និងការសម្រេចបាននូវសិទ្ធិមនុស្សនានា” អ្នកជំនាញការបានក្រើនរំឭកដូច្នេះ។ “ការជួបប្រជុំទាំងនោះមិនគួរត្រូវបានមើលឃើញ ឬចាត់ទុកថាជាការគំរាមកំហែងឡើយ ប៉ុន្តែគួរតែជាមធ្យោបាយមួយនៃកិច្ចសន្ទនាដែលរដ្ឋគួរតែចូលរួម”។
អ្នកជំនាញការឯករាជ្យ ឬអ្នករាយការណ៍ពិសេសទាំងពីររូប ត្រូវបានតែងតាំងដោយក្រុមប្រឹក្សាសិទ្ធិមនុស្ស
អ.ស.ប ដែលមានមូលដ្ឋាននៅទីក្រុងហ្ស៊ឺណែវ ដើម្បីពិនិត្យ និងរាយការណ៍ត្រឡប់មកវិញអំពីស្ថានភាពរបស់ប្រទេសមួយ ឬមូលបទសិទិ្ធមនុស្សជាក់លាក់មួយ។ មុខតំណែងទាំងនេះជាមុខតំណែងកិត្តិយស ហើយអ្នកជំនាញការមិនមែនជាបុគ្គលិករបស់ អ.ស.ប ឬទទួលបានប្រាក់បៀវត្សរ៍សម្រាប់ការងាររបស់ពួកគាត់ឡើយ។
។ សូមអានប្រកាសព័ត៌មានទាំងស្រុងជាភាសា