2388
ទីក្រុងបាងកក (២១ មករា ២០១៦) - ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ីអាគ្នេយ៍ (OHCHR) បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនពេញចិត្តចំពោះការសន្យារបស់រដ្ឋាភិបាលកម្ពុជា ពិនិត្យពាក្យសុំឋានៈជនភៀសខ្លួនរបស់ក្រុមម៉ុងតាញ៉ាជាង១៧០ នាក់ មកពីប្រទេសវៀតណាម។
ការិយាល័យ OHCHR អំពាវនាវដល់រាជរដ្ឋាភិបាល ឲ្យពិនិត្យពាក្យសុំសិទ្ធិជ្រកកោនទាំងអស់ ប្រកបដោយលក្ខណៈត្រឹមត្រូវ និងមានប្រសិទ្ធផល និងអនុលោមតាមបទដ្ឋានអន្តរជាតិ។
កាលពីខែតុលាកន្លងមក រដ្ឋាភិបាលកម្ពុជា បាននិយាយថា ខ្លួននឹងបញ្ជូនជនភៀសខ្លួនចំនួន ១៣ នាក់ ត្រឡប់ទៅប្រទេសវៀតណាមវិញ ប្រសិនបើការិយាល័យឧត្តមស្នងការអង្គសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) មិនបានរកឲ្យពួកគេនូវប្រទេសទីបីណាមួយតាំងលំនៅ គិតត្រឹមថ្ងៃទី១០ ខែមករា។ ទន្ទឹមនឹងនេះដែរ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានអំពាវនាវដល់រដ្ឋាភិបាល ឲ្យធានាការពារទាំងស្រុងនូវសិទ្ធិរបស់បុគ្គលទាំង១៣ នាក់នោះ ហើយថាការបញ្ជូនពួកគេត្រឡប់ទៅប្រទេសវៀតណាមវិញ នឹងបង្កើតជាករណីបញ្ជូនត្រឡប់ទៅវិញ (refoulement) ដែលត្រូវបានហាមឃាត់ ក្រោមច្បាប់អន្តរជាតិ។
នៅពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលកម្ពុជា បាននិយាយថា អ្នកស្វែងរកសិទ្ធិជ្រកកោនប្រមាណជា២០០ នាក់ ដែលពាក្យសុំឋានៈជនភៀសខ្លួនរបស់ពួកគេត្រូវបានបិទ ត្រូវតែវិលត្រឡប់ដោយស្ម័គ្រចិត្តទៅប្រទេសវៀតណាមវិញ រហូតដល់ត្រឹមថ្ងៃទី៦ ខែកុម្ភៈ បើពុំនោះទេ ពួកគេនឹងត្រូវបញ្ជូនដោយបង្ខំត្រឡប់ទៅវិញ។ អ្នកស្វែងរកសិទ្ធិជ្រកកោនជាច្រើន បានវិលត្រឡប់ជាបន្តបន្ទាប់ទៅកាន់ប្រទេសវៀតណាមវិញ។
មន្រ្តីក្រសួងមហាផ្ទៃមួយរូប បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាឲ្យដឹងកាលពីថ្ងៃពុធថា សម្តេចឧប- នាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុម័តដំណើរការពិនិត្យពាក្យសុំសិទ្ធិជ្រកកោនរបស់ក្រុមម៉ុងតាញ៉ាចំនួន ១៧១ នាក់ ដែលត្រូវបានបិទការពិនិត្យរហូតដល់ទៅមួយឆ្នាំ។ ជនភៀសខ្លួនដែលបានទទួលស្គាល់ចំនួន ១៣ នាក់ នឹងត្រូវបញ្ជូនទៅប្រទេសហ្វីលីពីន ខណៈដែលកំពុងរង់ចាំការតាំងលំនៅថ្មីនៅប្រទេសទីបី។
ការិយាល័យ OHCHR នឹងបន្តតាមដានបញ្ហានេះយ៉ាងដិតដល់។
ចប់
សម្រាប់សំណួរពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយ សូមទាក់ទងមកលោក ចេរមី ឡរិនស៍ (Jeremy Laurence) តាមរយៈទូរស័ព្ធលេខ (+៦៦ ៨៤ ៧០០ ៤៦៧១ ឬ អ៊ីម៉ែល laurencej@un.org)
ការិយាល័យប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅទីក្រុងបាងកក តំណាងឲ្យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅតំបន់អាស៊ីអាគ្នេយ៍។ ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស គឺជាមន្រ្តីសិទិ្ធមនុស្សជាន់ខ្ពស់បំផុតរបស់អង្គការសហប្រជាជាតិ និងជាប្រមុខការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដែលដឹកនាំកិច្ចខិតខំប្រឹងប្រែងសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។
គេហទំព័ររបស់ការិយាល័យ OHCHR៖ http://www.ohchr.org
គេហទំព័ររបស់ការិយាល័យ OHCHR ប្រចាំតំបន់អាស៊ីអាគ្នេយ៍៖ http://bangkok.ohchr.org/