ហ្ស៊ឺណែវ (២៣ វិច្ឆិកា ២០១៥) - អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោកស្រីសាស្ត្រាចារ្យ រ៉ូណា ស្មីត បានសំដែងនូវក្តីកង្វល់យ៉ាងជ្រាលជ្រៅរបស់លោកស្រី នៅថ្ងៃនេះ អំពីការចាត់វិធានការបំបាត់កិច្ចសន្ទនានយោបាយ រវាងគណបក្សនយោបាយ ចំបងៗរបស់កម្ពុជា ដោយសារតែកិច្ចការនេះ ពាក់ព័ន្ធទៅនឹងការអនុវត្តសិទ្ធិមនុស្សរបស់ប្រជាជន កម្ពុជា។
“ប៉ុន្មានសប្តាហ៍កន្លងមកនេះ ត្រូវបានកត់សំគាល់ដោយការវិវត្តន៍គួរឲ្យព្រួយបារម្ភមួយចំនួន៖ ភាពតាន តឹងកើនឡើងរវាងគណបក្សនយោបាយសំខាន់ៗ ឧបត្តិហេតុនៃអំពើហឹង្សា ការបំភិតបំភ័យបុគ្គលមួយចំនួន និងការប្រើប្រាស់ភាសាប្រទូស្តរាយដាក់គ្នានៅក្នុងកិច្ចសន្ទនានយោបាយ។” អ្នកជំនាញការបានលើកឡើងយ៉ាងដូច្នេះ។
សេចក្តីថ្លែងការណ៍របស់លោកស្រី ធ្វើឡើងទៅតាមរបាយការណ៍ចុងក្រោយដែលថាលោកសម រង្សី ប្រធានគណបក្សសង្គ្រោះជាតិ (គណបក្សសង្គ្រោះជាតិគឺជាគណបក្សសំលេងភាគតិចនៅក្នុងរដ្ឋសភា) ត្រូវបានកោះឲ្យចូលបង្ហាញខ្លួននៅតុលាការនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥។ ដីកាកោះនេះ ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ថាគាត់ជាប់ពាក់ព័ន្ធនឹងការក្លែងឯកសារសាធារណៈ ការប្រើឯកសារសាធារណៈក្លែង និងការញុះញុងឲ្យមានភាពចលាចលធ្ងន់ធ្ងរដល់សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម នៅក្នុងរាជធានីភ្នំពេញ។
ដីកាកោះនេះ ធ្វើឡើង បន្ទាប់ពីតុលាការបានចេញសេចក្តីសម្រេចមួយ កាលពីថ្ងៃ១៣ ខែ វិច្ឆិកា ជាមួយនឹងដីកាបង្គាប់ឲ្យចាប់ខ្លួន ដោយឈរលើមូលដ្ឋាននៃការផ្តន្ទាទោសលោករង្សី កាលពីឆ្នាំ២០១១ ចំពោះបទចោទប្រកាន់ “បរិហាកេរ្តិ៍ជាសាធារណៈ និងការញុះញុងឲ្យមានការរើសអើង” (ពាក់ព័ន្ធនឹងព្រឹត្តិការណ៍កាលពីឆ្នាំ២០០៨) និងការដកអភ័យឯកសិទ្ធិសភារបស់គាត់ដោយរដ្ឋសភា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥។
កាលពីពីរសប្តាហ៍មុន ពោលគឺកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ សមាជិករដ្ឋសភាបានបោះឆ្នោតទំលាក់លោកអនុប្រធានគណបក្សសង្គ្រោះជាតិ កឹម សុខា ពីអនុប្រធានទី១ រដ្ឋសភា។
“ការធ្វើឲ្យកាន់តែខ្លាំងក្លាណាមួយនៃព្រឹត្តិការណ៍បច្ចុប្បន្ន អាចនាំកម្ពុជាដល់ចំណុចចុងកំពូលដ៏គ្រោះថ្នាក់មួយ” លោកស្រីស្មីត មានប្រសាសន៍ ដោយធ្វើការដាស់តឿនអំពីសក្តានុពលចំពោះអំពើហឹង្សា និងអស្ថិរភាពនយោបាយបន្ថែមទៀត។
“ចំណាប់អារម្មណ៍របស់ខ្ញុំមិនមែនជាកិច្ចការនយោបាយជាតិ ហើយតួនាទីរបស់ខ្ញុំក៏មិនជ្រៀត ជ្រែកក្នុងកិច្ចការនយោបាយជាតិដែរ។ នេះបើតាមប្រសាសន៍របស់អ្នករាយការណ៍ពិសេស ដែលបាននិងកំពុងតាមឃ្លាំមើលយ៉ាងយកចិត្តទុកដាក់នូវស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចាប់តាំងពីការតែងតាំងលោកស្រីមក កាលពីខែមីនា ឆ្នាំ២០១៥ ដោយក្រុមប្រឹក្សាសិទ្ធិមនុស្ស រាប់ទាំងករណីជាច្រើនប្រឆាំងនឹងសមាជិកគណបក្សសង្រ្គោះជាតិផង (CNRP)។
“ខ្ញុំគ្មានបំណងធ្វើអធិប្បាយអំពីអង្គហេតុនៃរឿងក្តីណាមួយប្រឆាំងនឹងជនណាមួយឡើយ រួមទាំងរឿងក្តីប្រឆាំងនឹងលោកសម រង្សីផង លើកលែងតែអំពើបែបនេះជាការរំលោភបំពានទៅលើសិទ្ធិ របស់ជនជាប់ចោទ រួមទាំងសិទ្ធិទទួលបានដំណើរការនីតិវិធីត្រឹមត្រូវតាមច្បាប់ សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ និងសិទ្ធិរបស់ជនជាប់ចោទគ្រប់រូប” លោកស្រីបានកត់សំគាល់ដូច្នេះ។
អ្នករាយការណ៍ពិសេសបានមានប្រសាសន៍បន្ថែមថា “នេះគឺជាការព្រួយបារម្ភយ៉ាងធំធេងចំពោះខ្ញុំ ដែលមានការចោទប្រកាន់ពីការរំលោភបំពានផ្ទួនៗដល់ការអនុវត្តដោយសន្តិវិធីនៃសេរីភាពនៃការសម្តែងមតិនិងគំនិត ព្រមទាំងសិទ្ធិចូលរួមក្នុងជិវិតនយោបាយ ដែលសិទ្ធិទាំងអស់នេះត្រូវបានធានាការពារដោយកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលកម្ពុជាគឺជារដ្ឋភាគីមួយដែរនោះ។”
អ្នកជំនាញការឯករាជ្យរូបនេះ បានកត់សំគាល់ ដោយការបារម្ភផងដែរ ពីការវាយដំដោយ ហឹង្សាទៅលើសមាជិកសភាពីររូបនៃគណបក្សសង្រ្គោះជាតិកម្ពុជា (CNRP) នៅថ្ងៃទី២៦ ខែតុលា បន្ទាប់ពីមានការតវ៉ាទ្រង់ទ្រាយធំមួយដោយអ្នកគាំទ្ររដ្ឋាភិបាល នៅខាងក្រៅអគាររដ្ឋសភានៅរាជធានីភ្នំពេញ ដែលត្រូវបានគេអះអាងថា ស្ថិតនៅចំពោះមុខវត្តមានរបស់មន្រ្តីអនុវត្តច្បាប់ ដែលមិនបានធ្វើអន្តរាគមន៍យ៉ាងជាក់ស្តែង ដើម្បីបញ្ឈប់សកម្មភាពវាយដំនោះ។ លោកស្រីបានរំលឹកឡើងវិញថា រាជរដ្ឋាភិបាលកម្ពុជាស្ថិតនៅក្រោមកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិ ធានាការពារសន្តិសុខរូបកាយរបស់បុគ្គលគ្រប់រូបដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន រាប់ទាំងសមាជិកសភាផងដែរ។
“មេដឹកនាំទាំងអស់ដែលជាប់ឆ្នោត មានការទទួលខុសត្រូវ ធ្វើសកម្មភាពបំរើផលប្រយោជន៍ដល់អ្នកទាំងឡាយណាដែលខ្លួនធ្វើជាតំណាង។ អំណាចនេះ នាំមកនូវការទទួលខុសត្រូវ” លោកស្រីស្មីតបានគូសបញ្ជាក់។ “ជំនួសឲ្យការប្រើភាសាបំបែកបំបាក់ និងការដុតបញ្ឆេះមនោសញ្ចេតនាប្រកាន់ពូជសាសន៍ មេដឹកនាំនយោបាយត្រូវមានការទទួលខុសត្រូវធ្វើសកម្មភាពធានាការពារសន្តិភាព និងសណ្តាប់ធ្នាប់សាធារណៈ។”
“ខ្ញុំសូមអំពាវនាវដល់មេដឹកនាំនៃគណបក្សទាំងពីរ គោរពកិច្ចព្រមព្រៀងខែឧសភារបស់ខ្លួនដែលបង្ហាញពីការគោរពគ្នាទៅវិញទៅមក ដោយងាកមករក “វប្បធម៌សន្ទនា” វិញ ប្រយោជន៍ឲ្យប្រជាជនកម្ពុជាអាចបន្តប្រើប្រាស់សិទ្ធិមនុស្សរបស់ខ្លួន នៅក្នុងបរិយាកាសមួយដែលមានស្ថិរភាពនយោបាយ និងសន្តិភាព” អ្នករាយការណ៍ពិសេសបានមានប្រសាសន៍។
“ចប់”
លោកស្រីសាស្រ្តាចារ្យ រ៉ូណា ស្មីត (ចក្រភពអង់គ្លេស) ត្រូវបានក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប តែងតាំងជាអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងខែមីនា ឆ្នាំ២០១៥ ដើម្បីស្នងដំណែងរបស់លោកសាស្រ្តាចារ្យសុរិយា ប្រាសាទ ស៊ូប៊ែឌី ដែលបានបញ្ចប់អាណត្តិ៦ ឆ្នាំពេញរបស់ខ្លួន កាលពីខែមីនា ឆ្នាំ២០១៥។ ក្នុងអាណត្តិជាអ្នករាយការណ៍ពិសេស លោកស្រីស្មីត គឺជាបុគ្គលឯករាជ្យពីរដ្ឋាភិបាល ឬអង្គការណាមួយ ហើយលោកស្រីបំរើការងារក្នុងសមត្ថភាពផ្ទាល់ខ្លួនរបស់លោកស្រី។ លោកស្រីស្មីត គឺជាសាស្រ្តាចារ្យផ្នែកសិទ្ធិមនុស្សអន្តរជាតិនៅចក្រភពអង់គ្លេស។ ដើម្បីស្វែងយល់បន្ថែមទៀត សូមចូលទៅកាន់៖
http://www.ohchr.org/EN/HRBodies/SP/CountriesMandates/KH/Pages/SRCambodia.aspx
អ្នករាយការណ៍ពិសេស គឺជាផ្នែកដែលត្រូវបានស្គាល់ជាទូទៅថា នីតិវិធីពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស។ នីតិវិធីពិសេស គឺជាស្ថាប័នដ៏ធំបំផុតនៃអ្នកជំនាញការឯករាជ្យនៅក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ គឺជាឈ្មោះទូទៅនៃយន្តការឃ្លាំមើលនិងស្វែងរកការពិតឯករាជ្យរបស់ក្រុមប្រឹក្សា ដែលដោះស្រាយអំពីស្ថានភាពរបស់ប្រទេសមួយជាក់លាក់ឬតាមវិស័យនីមួយៗនៅគ្រប់តំបន់នៃ ពិភពលោក។ អ្នកជំនាញការរបស់នីតិវិធីពិសេស ធ្វើការឈរលើគោលការណ៍ស្ម័គ្រចិត្ត។ ពួកគាត់មិនមែនជាបុគ្គលិកអ.ស.ប ទេ ហើយក៏មិនទទួលប្រាក់បៀវត្សរ៍សម្រាប់ការងាររបស់ពួកគាត់ ដែរ។ ពួកគាត់ធ្វើការឯករាជ្យពីរដ្ឋាភិបាល ឬអង្គការណាមួយ ហើយបំរើការក្នុងសមត្ថភាពបុគ្គលផ្ទាល់របស់ពួកគាត់។
ស្វែងរករបាយការណ៍ចុងក្រោយរបស់អ្នករាយការណ៍ពិសេស ដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្ស។
A/HRC/30/58 សូមចូលទៅកាន់៖
http://www.ohchr.org/EN/HRBodies/HRC/RegularSessions/Session30/Pages/ListReports.aspx
សិទ្ធិមនុស្ស អ.ស.ប គេហទំព័រប្រចាំប្រទេសកម្ពុជា
http://www.ohchr.org/EN/Countries/AsiaRegion/Pages/KHIndex.aspx
សម្រាប់ព័ត៌មានបន្ថែម និងការសាកសួរព័ត៌មានផ្សេងៗ សូមទាក់ទងមក៖
កញ្ញា អុលហ្គា ណាកាចូ តាមរយៈ
ទូរស័ព្ទលេខ (+៤១ ២២ ៩២៨ ៩៣៤៨
អ៊ីម៉ែល onakajo@ohchr.org) ឬ សរសេរមកកាន់ srcambodia@ohchr.org
សំរាប់ការសាកសួរព័ត៌មានពាក់ព័ន្ធនឹងអ្នកជំនាញការឯករាជ្យដទៃទៀតរបស់អ.ស.ប សូមទាក់ទង៖ សាប៊ៀរ សែលាយ៉ា (Xabier Celaya) អង្គភាពព័ត៌មាន តាមរយៈទូរស័ព្ទលេខ (+៤១ ២២ ៩១៧ ៩៣៨៣
អ៊ីម៉ែល xcelaya@ohchr.org)
សម្រាប់ព័ត៌មានគេហទំព័រ និងបណ្តាញផ្សព្វផ្សាយសង្គម៖ សារសំខាន់ៗអំពីសេចក្តីប្រកាសព័ត៌មាន អាចរកបាននៅលើឆាណែលបណ្តាញផ្សព្វផ្សាយសង្គម ដូចមានរាយខាងក្រោម។ សូមចុច (tag) យើង ដោយប្រើពាក្យពេចន៍ត្រឹមត្រូវ
ទ្វីតធឺ៖ UNrightswire
ហ្វេសប៊ុក៖ unitednationshumanrights
ហ្គោហ្គឺល៖ Google+: unitednationshumanrights
យូធូប៖ unohchr